ទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញរបស់វៀតណាម សម្រេចបាន ៩០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង
កប.អនឡាញ - នារសៀលថ្ងៃទី ២៥ ខែធ្នូ នាយកដ្ឋានគយវៀតណាមបានរៀបចំពិធីទទួលស្គាល់ព្រឹត្តិការណ៍ទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញរបស់វៀតណាម សម្រេចបាន ៩០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង។
ដូច្នេះហើយ គេប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញរបស់វៀតណាមសម្រាប់ឆ្នាំ ២០២៥ សម្រាចបាន ៩២០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៦.៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ដោយសារលទ្ធផលនេះ វៀតណាមមានវត្តមានក្នុងចំណោមប្រទេសទាំង ២៥ ដែលមានទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញធំជាងគេនៅលើពិភពលោក។ លើសពីនេះ យោងតាមនាយកដ្ឋានគយ លទ្ធផលនេះបន្តបញ្ជាក់បន្ថែមទៀតថាវៀតណាមជាសេដ្ឋកិច្ចបើកចំហរខ្ពស់ និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ដែលជាចំណុចភ្លឺមួយនៅក្នុងពាណិជ្ជកម្មក្នុងតំបន់ និងនៅលើពិភពលោក។
    |
 |
|
ពិធីទទួលស្គាល់ព្រឹត្តិការណ៍ទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញរបស់វៀតណាម សម្រេចបាន ៩០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង (រូបថត៖ vnanet.vn) |
មុនពេលឈានដល់កម្រិត ៩០០ ពាន់លានដុល្លារ សកម្មភាពនាំចូល និងនាំចេញរបស់វៀតណាមបានឈ្នះជាបន្តបន្ទាប់នូវព្រឹត្តិការណ៍សំខាន់ៗ៖ ១០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៧ (ពេលចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក - WTO); ២០០ ពាន់លានដុល្លារនៅឆ្នាំ ២០១១; ៣០០ ពាន់លានដុល្លារនៅឆ្នាំ ២០១៥; ៤០០ ពាន់លានដុល្លារនៅឆ្នាំ ២០១៧; ៥០០ ពាន់លានដុល្លារនៅឆ្នាំ ២០១៩; និង ៧០០ ពាន់លានដុល្លារនៅឆ្នាំ ២០២២។
យោងតាមអង្គការពាណិជ្ជកម្មពិភពលោក (WTO) បច្ចុប្បន្នវៀតណាមស្ថិតនៅលំដាប់ទី ២១ ក្នុងការនាំចេញ និងទី ២០ ក្នុងការនាំចូលទូទាំងពិភពលោក ដែលកើនឡើង ១១ និង ១២ ចំណាត់ថ្នាក់បើប្រៀបធៀបទៅនឹង ១០ ឆ្នាំមុន។ តុល្យភាពពាណិជ្ជកម្មបានរក្សាអតិរេករយៈពេល ១០ ឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំ ២០២៥ តែមួយ អតិរេកពាណិជ្ជកម្មត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ២១.២ ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញរបស់សហគ្រាស FDI ត្រូវបានគេរំពឹងថានឹងលើសពី ៦០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូង ដោយសម្រេចបាន ៦៦៣ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៧២% នៃទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញរបស់ប្រទេសទាំងមូល និងរួមចំណែករហូតដល់ ៩៩% នៃកំណើននាំចូល និងនាំចេញសរុប។ បច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេស និងដែនដីជាង ២៣០។ ប្រទេសចិនបន្តជាដៃគូពាណិជ្ជកម្មធំជាងគេ ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២៥២ ពាន់លានដុល្លារអាមេរិក ខណៈដែលសហរដ្ឋអាមេរិកឈរនៅលំដាប់ទីពីរជាមួយនឹង ១៧០ ពាន់លានដុល្លារអាមេរិក៕
បកប្រែដោយ Thanh Cong