រដ្ឋាភិបាលកូរ៉េខាងត្បូង រៀបចំកិច្ចប្រជុំតុមូលជាមួយអង្គភាពអាជីវកម្មដែលកំពុងប្រតិបត្តិការនៅវៀតណាម
កប.អនឡាញ - នាថ្ងៃទី ២៥ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំតុមូលជាមួយបណ្ដាអង្គភាពអាជីវកម្មកូរ៉េខាងត្បូងដែលកំពុងប្រតិបត្តិការនៅវៀតណាម ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រដោះស្រាយការផ្លាស់ប្តូរសក្តានុពល ក្នុងគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump នាពេលខាងមុខ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក្នុងបរិបទដែលទំនងជាមានការផ្លាស់ប្តូរសក្តានុពលក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump រួមទាំងការដាក់ពន្ធលើការនាំចូលទាំងអស់ ដែលរំពឹងថានឹងប៉ះពាល់ដល់ក្រុមហ៊ុនកូរ៉េខាងត្បូងដែលកំពុងប្រតិបត្តិការនៅបរទេស។
នៅក្នុងកិច្ចប្រជុំនេះ លោក Cheong In Kyo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង បានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងប្រើប្រាស់បណ្តាញទាក់ទាងជាមួយវៀតណាម រួមទាំងគណៈកម្មាធិការចម្រុះស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលគ្រោងនឹងធ្វើឡើងនៅខែធ្នូខាងមុខ ដើម្បីកាត់បន្ថយអស្ថិរភាព សម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូងដែលកំពុងប្រតិបត្តិការនៅប្រទេសវៀតណាម។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ របស់កូរ៉េខាងត្បូង ដោយមានក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន ៩,០០០ កំពុងប្រតិបត្តិការក្នុងឧស្សាហកម្មនាពេលបច្ចុប្បន្ន រួមមាន៖ អេឡិចត្រូនិក សារធាតុ semiconductor និងវាយនភណ្ឌ។ ប្រទេសកូរ៉េខាងត្បូងនឹងបន្តតាមដានយ៉ាងដិតដល់នូវបរិយាកាសពាណិជ្ជកម្មពិភពលោក និងរក្សាទំនាក់ទំនងយ៉ាងសកម្មជាមួយឧស្សាហកម្មនានា ដើម្បីដោះស្រាយការផ្លាស់ប្តូរសក្តានុពល៕
បកប្រែដោយ Huyen Trang