leftcenterrightdel
អង្គភាពយោធាត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងខ្យល់ព្យុះលេខ១

ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងដែលអាចបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅតំបន់ភ្នំ ការជន់លិចនៅតំបន់ទំនាប និងទីប្រជុំជន នាយកដ្ឋានជួយសង្គ្រោះ (អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម) បានស្នើឲ្យ យោធភូមិភាគ ១, ២, ៣, ៤, ៥ និងបញ្ជាការដ្ឋានរដ្ឋធានីហាណូយ បញ្ជាឲ្យអង្គភាពនានាក្តាប់ជាប់ស្ថានភាពខ្យល់ព្យុះលេខ ១ និងភ្លៀងធ្លាក់ខ្លាំង ពិនិត្យ និងបំពេញបន្ថែមផែនការ ផ្តល់យោបល់ជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន សម្របសម្រួលជាមួយអង្គភាពនានាក្នុងមូលដ្ឋាន ដើម្បីរៀបចំកម្លាំង និងមធ្យោបាយដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ កងទ័ពជើងទឹក កងទ័ពការពារដែនអាកាស-ទ័ពអាកាស ការទ័ពការពារព្រំដែន កងឆ្មាំសមុទ្រ និងអង្គទ័ពលេខ១២ អង្គទ័ពលេខ១៨ តាមមុខងារ ភារកិច្ច បន្តបញ្ជាអង្គភាពចំណុះរបស់ខ្លួន ឲ្យរៀបចំកងកម្លាំង យានជំនិះដែលចូលរួមក្នុងការជួយសង្គ្រោះ។

យោងតាមការិយាល័យគណៈកម្មាធិការជាតិទទួលបន្ទុកគ្រោះមហន្តរាយធម្មជាតិ គិតត្រឹមរសៀលថ្ងៃទី ៣១ ឧសភា កងទ័ពការពារព្រំដែនខេត្តជាប់មាត់សមុទ្រចាប់ពីខេត្ត Quang Binh ដល់ Phu Yen បានជូនដំណឹង និងណែនាំទូកនាវាជិត ២៥.០០០ គ្រឿងដែលកំពុងប្រតិបត្តិការលើផ្លូវសមុទ្របានដឹងព័ត៌មានអំពីខ្យល់ព្យុះលេខ ១ ដើម្បីបោះយុថ្កាចូលចត់នៅកន្លែងដែលមានសុវត្ថិភាព៕

បកប្រែដោយ Duy Hoan