ឈានចូលឆ្នាំ២០២៦ វៀតណាមបន្តទាក់ទាញចំណាប់អារម្មណ៍របស់អង្គការអន្តរជាតិ និងសហគមន៍វិនិយោគសកល ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជាជាច្រើនទាក់ទងនឹងភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម និងគោលនយោបាយរូបិយវត្ថុ។

យោងតាមរបាយការណ៍ និងការវាយតម្លៃអន្តរជាតិ វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចរីកចម្រើននៅអាស៊ីនៅឆ្នាំ២០២៥ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ៨.០២% ដែលខ្ពស់ទីពីរក្នុងដំណាក់កាល ២០១១-២០២៥។

ដោយផ្អែកលើមូលដ្ឋាននេះ ការព្យាករណ៍សម្រាប់ឆ្នាំ២០២៦ បន្តមានសេណារីយ៉ូវិជ្ជមាន។ របាយការណ៍របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែមករា បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅឆ្នាំ២០២៦ អាចសម្រេចបាន ៧.៦% ដែលជាអត្រាខ្ពស់បំផុតក្នុងក្រុមអាស៊ាន+៣ (ដែលមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ រួមជាមួយប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង)។

អង្គការហិរញ្ញវត្ថុធំៗផ្សេងទៀតក៏បានចេញផ្សាយការព្យាករណ៍វិជ្ជមានផងដែរ ដូចជាធនាគារ UOB ប៉ាន់ប្រមាណកំណើន ៧.៥% ធនាគារ HSBC ព្យាករណ៍ ៦.៧% និងធនាគារពិភពលោក (WB) ព្យាករណ៍ ៦.៣%។

leftcenterrightdel
កំពង់ផែអន្តរជាតិ Gemalink ទីរួមខេត្ត Phu My ខេត្ត Ba Ria-Vung Tau (រូបថត៖ vnanet.vn)

AMRO សន្និដ្ឋានថាលទ្ធផលទាំងនេះបង្ហាញពីតួនាទីកាន់តែសំខាន់របស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេសនៅក្នុងវិស័យផលិតកម្មនិងនាំចេញបច្ចេកវិទ្យាខ្ពស់ រួមជាមួយនឹងស្ថិរភាពនៃតម្រូវការក្នុងស្រុក និងបរិស្ថានម៉ាក្រូអំណោយផល។

ចំណុចលេចធ្លោគួរឲ្យកត់សម្គាល់មួយគឺទំនុកចិត្តរបស់ធុរកិច្ចបរទេសលើយថាទស្សន៍របស់វៀតណាម។ សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំវៀតណាម (EuroCham) សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ បានសម្រេចបាន ៨០ ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ។

ជាពិសេស ធុរកិច្ចអឺរ៉ុបប្រហែល ៨៨% ដែលត្រូវបានស្ទង់មតិបានបង្ហាញពីទំនុកចិត្ត ចំពោះយថាទស្សន៍សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមសម្រាប់ដំណាក់កាល ២០២៦-២០៣០។ សហគមន៍ធុរកិច្ច បានចាត់ទុកថា “ភាពទាក់ទាញ” របស់វៀតណាមមិនត្រឹមតែស្ថិតនៅក្នុងគុណសម្បត្តិផ្នែកចំណាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងការពង្រីកប្រព័ន្ធអេកូឡូស៊ីផលិតកម្ម និងសេវាកម្មគាំទ្រ សមត្ថភាពចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ដែលមានតម្លៃបន្ថែមខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) បន្តដើរតួនាទីយ៉ាងសំខាន់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិច បច្ចេកវិទ្យា ផលិតកម្មបៃតង និងវិស័យដែលទាក់ទងនឹងការធ្វើបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនោះ តួនាទីរបស់វៀតណាមនៅក្នុងយុទ្ធសាស្ត្រ “ធ្វើពិពិធកម្មទីតាំងផលិតកម្ម” របស់សាជីវកម្មពហុជាតិ កាន់តែខ្ពស់ឡើងៗ។

ការប្រើប្រាស់ក្នុងស្រុករក្សាបានកំណើន ជាមួយនឹងការកើនឡើងប្រមាណ ៨% នៅឆ្នាំ២០២៥។ របាយការណ៍ជាច្រើនកត់សម្គាល់ថា ការប្រើប្រាស់ និងការវិនិយោគក្នុងស្រុកនៅតែរក្សាតួនាទីជា “សសរស្តម្ភ” ដែលជួយសេដ្ឋកិច្ចឲ្យមានតុល្យភាព ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួល។ ផ្នែកទេសចរណ៍របស់វៀតណាមកំពុងងើបឡើងវិញយ៉ាងខ្លាំង។ ការដែលចំនួនភ្ញៀវទេសចរអន្តរជាតិសម្រេចបានជាង ២១ លាននាក់នៅឆ្នាំ ២០២៥ ជាចំណុចភ្លឺដែលគាំទ្រដល់សេវាកម្ម ការបង្កើតការងារ និងការប្រើប្រាស់។

ជាពិសេស AMRO ចាត់ទុកថាតម្រូវការបច្ចេកវិទ្យាសកល គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ចដែលបើកចំហនៅអាស៊ី រួមទាំងប្រទេសវៀតណាមផងដែរ។ នៅក្នុងបរិបទនេះ ការចូលរួមកាន់តែស៊ីជម្រៅរបស់វៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃបច្ចេកវិទ្យាក្នុងតំបន់ ត្រូវបានគេចាត់ទុកជាគុណសម្បត្តិប្រកួតប្រជែងរយៈពេលវែង។ ទៅបីជាយថាទស្សន៍ត្រូវបានវាយតម្លៃថាមានភាពវិជ្ជមាន អង្គការអន្តរជាតិក៏បានកត់សម្គាល់ផងដែរថា ប្រទេសវៀតណាមគប្បីមានគោលនយោបាយប្រកបដោយភាពបត់បែន និងប្រុងប្រយ័ត្នដើម្បីរក្សាកំណើនប្រកបដោយចីរភាព។

នៅក្នុងរបាយការណ៍ដែលបានធ្វើបច្ចុប្បន្នភាពនៅចុងខែមករា ឆ្នាំ២០២៦ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានឈានមុខគេរបស់ពិភពលោក Fitch Ratings បានចាត់ទុកថា ស្ថិរភាពនៃក្បាលម៉ាស៊ីនជាន់ខ្ពស់អាចគាំទ្រដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីកែទម្រង់ ប៉ុន្តែក៏សង្កត់ធ្ងន់ដែរថា គោលដៅកំណើនខ្ពស់ជាមួយនឹងសម្ពាធរក្សាកំណើនឥណទានយ៉ាងឆាប់រហ័ស អាចធ្វើឲ្យហានិភ័យកើនឡើង។

នៅក្នុងបរិបទដែលពិភពមានការប្រែប្រួលជាច្រើននេះ ការវាយតម្លៃអន្តរជាតិភាគច្រើនបានចាត់ទុកថា "ឱកាស" របស់វៀតណាមស្ថិតនៅក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បន្តធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ ការកើនឡើងនៃលំហូរមូលធន និងកំណើនផលិតភាព ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់វដ្តកំណើនថ្មីប្រកបដោយចីរភាពជាងមុននៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់៕

បកប្រែដោយ Thuy Anh