លើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនវៀតណាម និងប្រជាជនជប៉ុន
កប.អនឡាញ - នាថ្ងៃទី ១ ខែធ្នូ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោក Sugi Ryotaro អតីតឯកអគ្គរដ្ឋទូតពិសេសជប៉ុន-វៀតណាម ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ។
ក្នុងជំនួប លោក Bui Thanh Son បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ លោក Sugi Ryotaro ក្នុងការជម្រុញទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន។ ជាពិសេស កិច្ចសហការក្នុងការរៀបចំការប្រកួតមិត្តភាព Vovinam និងក្បាច់ដាវ Kendo ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនរបស់លោក Vo Van Thuong ប្រធានរដ្ឋ នាពេលថ្មីៗនេះ ព្រមទាំងសកម្មភាពផ្លាស់ប្ដូរវប្បធម៌ កីឡា និងសិល្បៈ ការបណ្តុះបណ្តាលភាសាជប៉ុន ការជួយឧបត្ថម្ភកុមារដែលមានការលំបាក... សកម្មភាពទាំងនេះរួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។
    |
 |
លោក Bui Thanh Son ទទួលជួបលោក Sugi Ryotaro (រូបថត៖ vnanet.vn) |
លោក Sugi Ryotaro បានអបអរសាទរចំពោះជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរបស់លោក Vo Van Thuong ប្រធានរដ្ឋ និងការដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។ លោកសង្ឃឹមថា ប្រទេសទាំងពីរនឹងមានផែនការអនុវត្តក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្មីនេះ។
លោក Bui Thanh Son បានស្នើឲ្យលោក Sugi Ryotaro បន្តរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើដំណើរ និងការស្វែងយល់អំពីវប្បធម៌របស់គ្នាទៅវិញទៅមក ជួយយឧបត្ថម្ភសិស្ស និស្សិតវៀតណាមទទួលឱកាសទៅសិក្សា និងធ្វើការនៅប្រទេសជប៉ុន បន្តជួយគាំទ្រសហគមន៍ជនជាតិវៀតណាមនៅជប៉ុនមានស្ថិរភាពក្នុងជីវភាពរស់នៅ៕
បកប្រែដោយ Thuy Anh