លោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ នាពេលថ្មីៗនេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Amy Pope អគ្គនាយិកាថ្មី នៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)។

នៅក្នុងជំនួបនេះ លោកស្រី Le Thi Tuyet Mai បានជូនពរលោកស្រី Amy Pope ដែលបានកាន់មុខតំណែងដ៏សំខាន់ជាអគ្គនាយិកាដំបូងគេរបស់ IOM ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣។

លោកស្រី Le Thi Tuyet Mai ក៏បានអះអាងជាថ្មីនូវការគាំទ្រ និងការសន្យារបស់វៀតណាម គឺជំរុញកិច្ចសហប្រតិបត្តិការជាមួយ IOM ក្នុងការ​អនុវត្តកតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ (GCM)។ បណ្តាក្រសួង ស្ថាប័ន របស់វៀតណាមផ្តល់អាទិភាព ការយកចិត្តទុកដាក់ និងសម្របសម្រួល ដើម្បីធានាបាននូវវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាប្រឈមស្តីពីទេសន្តរប្រវេសន៍។

leftcenterrightdel
លោកស្រី Amy Pope អគ្គនាយិកាថ្មី នៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)

ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា ការការពារផលប្រយោជន៍របស់ជនចំណាកស្រុក ការធានាសុខភាព និងការទទួលបានការថែទាំសុខភាពរបស់ជនចំណាកស្រុក លើកកំពស់សមត្ថភាពក្នុងការសម្របខ្លួន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រជាជន។ ទន្ទឹមនិងនេះ វៀតណាមក៏ចូលរួមយ៉ាងសកម្មក្នុងយន្តការសហប្រតិបត្តិការអន្តរជាតិស្តីពីទេសន្តរប្រវេសន៍ក្នុងក្របខ័ណ្ឌអាស៊ាន ASEM និង APEC។

លោកស្រី Amy Pope បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងវិស័យទេសន្តរប្រវេសន៍និយាយរួម និងក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ (GCM) និយាយដោយឡែក។ លោកស្រី Amy Pope បាននិយាយថា ការលើកកំពស់សមត្ថភាពក្នុងការឆ្លើយតប និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិសម្រាប់ជនចំណាកស្រុក គឺជាអាទិភាពកំពូលសម្រាប់សកម្មភាពរបស់ IOM នាពេលខាងមុខ។

លោកស្រីក៏បានចែករំលែកថា IOM និងវៀតណាម មានសក្ដានុពលជាច្រើនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនៅយន្តការអន្តរជាតិ ជាពិសេសលើវិស័យពលករចំណាកស្រុក និងការភ្ជាប់ការដោះស្រាយបញ្ហាប្រឈមអំពីទេសន្តរប្រវេសន៍ជាមួយការអនុវត្តគោលដៅអភិវឌ្ឍ​ និងលើកកំពស់សមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ មក លោកស្រី Amy Pope បានចូលកាន់តំណែងជាផ្លូវការ ដោយក្លាយជាអគ្គនាយិកាដំបូងគេរបស់ IOM បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសតាំងដោយប្រទេសជាសមាជិកក្នុងខែមិថុនា ឆ្នាំ២០២៣៕

បកប្រែដោយ Duy Hoan