នេះបានកត់សម្គាល់ពីភាពជោគជ័យរបស់ប្រទេសម្ចាស់ផ្ទះកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេណក្នុងបរិបទនៃការប្រែប្រួលនៃស្ថានភាពពិភពលោក និងតំបន់ ជាពិសេសផលប៉ះពាល់នៃការរាតត្បាតនៃជំងឺ Covid-19 ជម្លោះដោយសារការប្រកួតប្រជែងភូមិសាស្ត្រនយោបាយលើពិភពលោក វិបត្តិនៅមីយ៉ាន់ម៉ា...

leftcenterrightdel
ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១

លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានយោបល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម្ចាស់ផ្ទះ និងប្រទេសសមាជិកអាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ក៏ដូចជាការរួមចំណែករបស់វៀតណាមនៅក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២២ របស់កម្ពុជា។

យោងតាមលោក អ៊ុច លាង ក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗទៀត អ្នកចូលរួមបានពិភាក្សាអំពីបញ្ហាសំខាន់ៗអំពីដំណើរការកសាងសហគមន៍អាស៊ាន មជ្ឈភាពអាស៊ាន ទំនាក់ទំនងខាងក្នុង និងខាងក្រៅ ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់។

ទាក់ទិននឹងបញ្ហាក្នុងតំបន់ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានម្ចាស់ការ និងសកម្មក្នុងការចលនាឱ្យប្រទេសអាស៊ានទាំងអស់ រួមចំណែកក្នុងការស្វែងរកដំណោះស្រាយសមស្រប ដល់មីយ៉ាន់ម៉ា និងជំរុញការអនុវត្តនូវការឯកភាព ៥ចំណុច របស់អាស៊ានលើបញ្ហាមីយ៉ាន់ម៉ា។ ប្រទេសជាសមាជិកបានសម្តែងយ៉ាងច្បាស់នូវគោលជំហរ និងអាកប្បកិរិយារបស់ពួកគេលើបញ្ហានេះ។  ដោយហេតុនេះបង្កើតការឯកភាពខ្ពស់លើការបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាន ដើម្បីលើកកម្ពស់មជ្ឈភាពរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធក្នុងតំបន់ក៏ដូចជាក្នុងកិច្ចការពិភពលោក។

ចែករំលែកទស្សនៈនេះ លោក អ៊ុច លាង មានប្រសាសន៍ថា ប្រធានអាស៊ានឆ្នាំ ២០២២ បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញការអនុវត្តគោលការណ៍ឯកភាព ៥ ចំណុចរបស់អាស៊ាន ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន។ បេសកជនពិសេសនៃប្រធានអាស៊ានឆ្នាំ ២០២២ ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ដោយមិនទុកចោលសមាជិកណាមួយនៃ "គ្រួសារ" អាស៊ាននៅពីក្រោយឡើយ។

លោក អ៊ុច លាង បានមានប្រសាសន៍ថា តាមរយៈសកម្មភាពនានាក្នុងអំឡុងឆ្នាំប្រធានអាស៊ាន កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធានាបាននូវកិច្ចប្រជុំប្រកបដោយជោគជ័យ សម្រេចបានលទ្ធផលជាវិជ្ជមាន និងរួមចំណែកក្នុងការពង្រឹងចំណងសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន។ ទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងអាស៊ាន និងដៃគូ ដោះស្រាយដោយសុខដុមរមនា និងតុល្យភាពបញ្ហាប្រឈមរបស់អាស៊ាន រួមចំណែកដល់ដំណើរការកសាងសហគមន៍អាស៊ាន។

ទាក់ទងនិងការរួមចំណែករបស់វៀតណាមក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាអ្នកប្រាជ្ញដែលមានការស្រាវជ្រាវជាច្រើនឆ្នាំអំពីវៀតណាម លោក អ៊ុច លាង បានមានប្រសាសន៍ថា ការដែលកម្ពុជាទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២២ ក៏ជាខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម (១៩៦៧-២០២២) និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០២២ ផងដែរ។

យោងតាមលោក អ៊ុច លាង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មកកាន់កម្ពុជា កាលពីថ្ងៃទី ៨ និងទី ៩ ខែវិច្ឆិកា មុនពេលប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអាស៊ាននោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគោរព និងអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញាព្រំដែនដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ បន្តជំរុញការចរចា និងខិតខំប្រឹងប្រែងស្វែងរក ដំណោះស្រាយដ៏គាប់ចិត្តចំពោះព្រំដែនគោក ១៦% ដែលមិនទាន់សម្រេច។ ទន្ទឹមនឹងនោះបន្តដោះស្រាយបញ្ហាដែលកើតឡើងក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព រួមចំណែកកសាងព្រំដែនកម្ពុជា-វៀតណាម ប្រកបដោយសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ បន្តជំរុញទំនាក់ទំនងទ្វេភាគី ស្របតាមបាវចនា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។

អ្នកស្រាវជ្រាវរូបនេះបានកត់សម្គាល់ថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ១១ រវាងប្រទេសទាំងពីរ ដោយប្តេជ្ញាពង្រឹង និងអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ និងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា នាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តអនុវត្តឱ្យបានពេញលេញនូវគោលការណ៍ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងវៀតណាម ក្នុងប៉ុន្មានឆ្នាំកន្លងទៅ និងឆ្នាំ២០២២ ដោយគោរពឯករាជ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាដោយសន្តិវិធី។

ក្នុងស្មារតីនោះ លោក អ៊ុច លាង បានអះអាងថា៖ “ក្នុងនាមជាប្រទេសជិតខាង ក្នុងអំឡុងឆ្នាំធ្វើជាប្រធានអាស៊ានរបស់កម្ពុជា វៀតណាមតែងតែបង្ហាញតួនាទីជាសមាជិកសកម្ម និងការទទួលខុសត្រូវរបស់អាស៊ាន ដោយសម្របសម្រួលការងារជិតស្និទ្ធជាមួយប្រទេសម្ចាស់ផ្ទះកម្ពុជា ដើម្បីធានាឱ្យកិច្ចប្រជុំទទួលបានជោគជ័យ។ ឈរលើមូលដ្ឋានគោរពគោលការណ៍ និងធានាមជ្ឈភាពរបស់អាស៊ាន រួមចំណែកក្នុងដំណើរការកសាងសហគមន៍អាស៊ានដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសអាស៊ី-ប៉ាស៊ីហ្វិក និយាយរួម”៕

បកប្រែដោយ Minh Trung