អ្នកយកព័ត៌មាន៖ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមតែងតែរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពព្រំដែននៅកម្រិតផ្សេងៗគ្នាជាមួយប្រទេសជិតខាងដែលជាប់ព្រំដែនគោក តើលោកវាយតម្លៃយ៉ាងដូចម្តេចអំពីការរួមវិភាគទាននៃសកម្មភាពទាំងនេះចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក និងទំនាក់ទំនងទ្វេភាគីនិយាយរួមរវាងវៀតណាម ជាមួយបណ្តាប្រទេសជិតខាង?

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ផ្តល់បទសម្ភាសន៍ជាមួយកាសែតកងទ័ពប្រជាជន

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien៖ ការកសាង រក្សា និងការពារខ្សែបន្ទាត់ព្រំដែនប្រកបដោយស្ថិរភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ តែងតែជាបញ្ហាសំខាន់រវាងបណ្តាប្រទេសជិតខាង។ ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិចិន ឡាវ និងកម្ពុជា សុទ្ធតែឆ្ពោះទៅរកគោលដៅសំខាន់នេះ។ នេះគឺជាទម្រង់ និងវិធីច្នៃប្រឌិតថ្មីមួយ ដែលគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសផ្តោតសំខាន់ជាពិសេស ក្នុងការដឹកនាំ និងការអនុវត្តជាប្រចាំ។ អាចនិយាយបានថា រាល់សកម្មភាពនៃជំនួបប្រាស្រ័យបានជួយធ្វើឲ្យសម្បូរនូវទម្រង់ និងយន្តការសហប្រតិបត្តិការ ដែលក្រសួងការពារជាតិ និងអង្គភាពយោធានៃប្រទេសទាំងពីរបាន និងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទោះបីកើតមានជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ពិធីជួបប្រាស្រ័យ និងការចងសម្ព័ន្ធមេត្រីភាពនៅតែត្រូវបានអនុត្តយ៉ាងសកម្មនៅគ្រប់កម្រិតក្នុងទម្រង់ផ្សេងៗគ្នា។ ជោគជ័យនៃពិធីជំនួបប្រាស្រ័យទាំងនេះបានបញ្ជាក់ពីប្រសិទ្ធភាពនៃសកម្មភាពនេះក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាជ្ញាធរដែនដី ប្រជាជន និងកងកម្លាំងការពារព្រំដែនរបស់វៀតណាម និងបណ្តាប្រទេសជិតខាង ដើម្បីរួមគ្នាកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងបណ្តាប្រទេស ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត ហើយទន្ទឹមនឹងនោះ រួមចំណែកបង្កើនទំនុកចិត្តនយោបាយ ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសជិតខាង។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិនិត្យការត្រៀមរៀបចំសម្រាប់ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូងនៅខេត្ត Binh Phuoc

អ្នកយកព័ត៌មាន៖ នេះជាលើកដំបូងដែលវៀតណាម និងកម្ពុជារួមគ្នារៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន។ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីអត្ថន័យ និងសារៈសំខាន់នៃសកម្មភាពការបរទេសការពារជាតិទ្វេភាគីនេះ ជាពិសេសក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ ២០២២? ហើយពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន វៀតណាម-កម្ពុជា គ្រោងនឹងមានសកម្មភាពលេចធ្លោអ្វីខ្លះ?

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien៖ ឆ្នាំ ២០២២ ត្រូវបានបក្ស និងរដ្ឋវៀតណាមកំណត់ថាជា “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម”។ ដើម្បីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា កងទ័ពការពារព្រំដែន ក៏ដូចជាបណ្តាយោធភូមិភាគបានលើកសំណើរ និងក្រសួងការពារប្រទេសបានកសាងផែនការមេដែលមានសកម្មភាពជិត ៣០។ ក្នុងនោះ មានពិធីចងសម្ព័ន្ធមេត្រីភាព ជាពិសេសគឺពិធីជួបប្រាស្រ័យថ្នាក់រដ្ឋមន្ត្រីវៀតណាម-កម្ពុជាលើកដំបូងដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ និងទី ១៥ នៅខេត្ត Binh Phuoc និងខេត្តក្រចេះរបស់ប្រទេសកម្ពុជា។ យើងខ្ញុំចាត់ទុកថា នេះជាសកម្មភាពដ៏មានអត្ថន័យដោយសារនេះជាលើកដំបូងដែលយើងរៀបចំនៅថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ក្នុងក្របខណ្ឌនៃពិធីជំនួបប្រាស្រ័យនេះដែរ មានសកម្មភាពជាក់ស្តែងដ៏សម្បូរបែបត្រូវបានរៀបចំឡើង ដើម្បីរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព ក៏ដូចជាពួតដៃគ្រប់គ្រង និងការពារខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព។ ខ្លឹមសារសំខាន់ៗនៃពិធីជួបប្រាស្រ័យលើកនេះនឹងមានសកម្មភាពជាច្រើនដូចជា ការសួរសុខទុក្ខ ការលាបពណ៌លើបង្គោលព្រំដែនអធិបតេយ្យភាព ការដាំដើមឈើមិត្តភាព ការចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនសាលាបឋមសិក្សារបស់វៀតណាម និងកម្ពុជា; ពិធីកាត់ខ្សែបូសម្ពោធសំណង់មិត្តភាពមួយចំនួននៅតាមព្រំដែន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបណ្តាអង្គភាព និងមូលដ្ឋានស្ដីពីការត្រៀមរៀបចំសម្រាប់ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូងនៅខេត្ត Binh Phuoc

នៅក្នុងពិធីជំនួបប្រាស្រ័យដដែលនេះ យើងក៏នឹងរៀបចំកិច្ចសន្ទនាជាមួយភាគីកម្ពុជា ដើម្បីវាយតម្លៃអំពីស្ថានភាពពិភពលោក និងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងរយៈពេលកន្លងមក និងលើកទិសដៅកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងឆ្នាំ២០២២ និងជំរុញបញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដើម្បីសម្របសម្រួលក្នុងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន ក៏ដូចជាខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលខាងមុខ។ ក្នុងក្របខ័ណ្ឌនៃពិធីជំនួបប្រាស្រ័យនេះ ក៏នឹងប្រព្រឹត្តទៅកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម-កម្ពុជា លើកទី៥ ផងដែរ។ នេះគឺជាសកម្មភាពប្រចាំឆ្នាំរបស់ក្រសួងការពារជាតិទាំងពីរក្នុងគោលបំណងចែករំលែកបញ្ហានានា ស្ថានភាពសន្តិសុខអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជាការតម្រង់ទិសសម្រាប់ការចុះហត្ថលេខាលើពិធីសារ និងផែនការសហប្រតិបត្តិការលើវិស័យការពារជាតិ។ ជាពិសេសក្នុងឱកាសនេះ កងកម្លាំងពេទ្យយោធានៃកងទ័ពទាំងពីរវៀតណាម និងកម្ពុជា នឹងសហការគ្នារៀបចំការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ ៣០០០ នាក់នៅតំបន់ជាប់ព្រំដែន។ ទន្ទឹមនឹងនោះក៏ផ្តល់អំណោយដល់សិស្សានុសិស្សក្រីក្រដែលខិតខំជំនះពុះពារការលំបាក; ផ្តល់គោពូជជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដើម្បីជួយពួកគេអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពជីវភាពរស់នៅ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang