យោធភូមិភាគទី៧ រុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ២,៦៥៥ អដ្ឋិធាតុ
កប.អនឡាញ - អង្គភាពនានាបានរុករក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីចំនួន ២,១៧២ អដ្ឋិធាតុ ដែលជាកម្មាភិបាល និងយុទ្ធជន នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។
ថ្មីៗនេះ នៅទីក្រុងហូជីមិញ បញ្ជាការដ្ឋានយោធភូមិភាគទី៧ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តសេចក្តីណែនាំលេខ ១៦៩-CT/QUTW ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០ របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីការពង្រឹងការដឹកនាំលើការងារគោលនយោបាយចំពោះកងទ័ព គ្រួសារកងទ័ព និងការអនុវត្តភារកិច្ចរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុយុទ្ធជនពលី កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលនៅខ្វះព័ត៌មាន ក្នុងដំណាក់កាល ២០២១-២០២៥។
ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ គណៈកម្មាធិការបក្ស និងបញ្ជាការយោធភូមិភាគទី៧ បានដឹកនាំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការរុករក ប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលី និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលមិនគ្រប់ព័ត៌មាន។ នៅក្នុងតំបន់យោធភូមិភាគ អង្គភាពបានប្រមូលព័ត៌មានជាង ៤៧,០០០ ធ្វើការរុករកចំនួន ៨៥៧ លើកនៅទីតាំងជាង ១,៥០០ និងបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤៨៣ អដ្ឋិធាតុ រួមទាំងអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣ ដែលបានកំណត់អត្តសញ្ញាណ។ នៅកម្ពុជា អង្គភាពនានាបានធ្វើការរុករកនៅទីតាំងចំនួន២៤០០ និងបានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២១៧២ អដ្ឋិធាតុ ដែលជាកម្មាភិបាល និងយុទ្ធជន នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជិវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា៕
បកប្រែដោយ Duy Hoan