leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ VGP)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន រួមទាំងការជំរុញការអនុវត្ត “ការឯកភាព ៥ ចំណុច” របស់អាស៊ានលើមីយ៉ាន់ម៉ា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានអបអរសាទរកម្ពុជាចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបានក្នុងការគ្រប់គ្រងជំងឺរាតត្បាត និងការបើកសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញយ៉ាងឆាប់ៗ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបង្ហាញការជឿ​ជាក់​ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដោយជោគជ័យនៅដើមខែមិថុនា ឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា រដ្ឋាភិបាល និងប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលធំៗជាច្រើនទៀតក្នុងដំណើរការផ្លាស់ប្តូរថ្មី និងការ​​ធ្វើសមាហរណកម្មអន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវៀតណាមដែលបានគាំទ្រកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២។

ពិភាក្សាអំពីទំនាក់ទំនងវៀតណាម-កម្ពុជា នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ជាពិសេសការថែរក្សាការជួបជុំ និងការផ្លាស់ប្តូរកម្រិតខ្ពស់ និងយន្តការសហប្រតិបត្តិការលើគ្រប់វិស័យ ទំហំពាណិជ្ជកម្មទ្វេភាគីបានរក្សាសន្ទុះកំណើនជាវិជ្ជមាន ដោយសម្រេចបាន ៣.៣៧ ពាន់លានដុល្លារក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ពោលគឺកើនឡើង ២៤.៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

leftcenterrightdel
គណៈប្រតិភូរដ្ឋាភិបាលវៀតណាម និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា (រូបថត៖ VGP)

ដើម្បីបន្តជំរុញទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាយូរអង្វែង​” រវាងប្រទេសទាំងពីរនាពេលខាងមុខ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា, កម្ពុជា- វៀតណាម ឆ្នាំ ២០២២” រួមគ្នារៀបចំសកម្មភាពដ៏មានអត្ថន័យ ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២) ខិតខំប្រឹងប្រែងដើម្បីរក្សាសន្ទុះអភិវឌ្ឍពាណិជ្ជកម្ម - ការវិនិយោគ; ជម្រុញទេសចរណ៍ រួមទាំងទេសចរណ៍ផ្លូវគោក ប្រើប្រាស់ប្រព័ន្ធច្រកទ្វារព្រំដែនប្រកបដោយប្រសិទ្ធភាពដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពង្រីកលទ្ធផលនូវការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកបានប្រមាណ ៨៤% និងបន្តដោះស្រាយការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនដែលនៅសល់ ១៦% រួមគ្នាកសាងព្រំដែនសន្តិភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានថ្លែងអំណរគុណ និងរំពឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងផ្តល់លក្ខខណ្ឌដ៏អំណោយផលបន្ថែមទៀត​សម្រាប់សហគមន៍វៀតណាមនៅកម្ពុជាឲ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាពនៅកម្ពុជា។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកប្រធានរដ្ឋសភា Vuong Dinh Hue ជូនចំពោះសម្តេចតេជោ​ ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេស​​កម្ពុជា។ សម្តេចតេជោ​​ ហ៊ុន សែន បាន​ថ្លែងអំណរគុណ និ​ងផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា៕

បកប្រែដោយ Duy Hoan