បើតាមអ្នកជំនាញកម្ពុជា ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើគោលការណ៍ណែនាំ និងវិធានការសំខាន់ៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ជាពិសេសលើវិស័យសំខាន់ៗដូចជា វិស័យការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការព្រំដែន ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន ការអប់រំ វប្បធម៌ សុខភាព ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមន្ត្រីមូលដ្ឋាន។

leftcenterrightdel
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពថា តាមរយៈព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃ “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម” ដែលនឹងពង្រឹងការសម្របសម្រួលក្នុងការផ្សព្វផ្សាយ និងអប់រំប្រជាជនគ្រប់ស្រទាប់វណ្ណៈអំពីសារៈខ្លឹមសារ និងសារៈសំខាន់នៃការអភិរក្ស និងបណ្តុះគំនិតអំពីភាពជាអ្នកជិតខាងដ៏ល្អ ដើម្បីភាពរីកចម្រើននៃប្រទេសទាំងពីរ និងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

លោក អ៊ុច លាង បានមានប្រសាសន៍ថា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅលើវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសក្នុងអាស៊ាន។ ប្រទេសទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ និងបានបញ្ជាក់ពីការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ដោយចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួនប្រាំពីរ ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជាសន្តិសុខ ឧស្សាហកម្ម និងពាណិជ្ជកម្ម យុត្តិធម៌ ការអប់រំ កិច្ចសហប្រតិបត្តិការតាមព្រំដែន និងកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

អ្នកជំនាញក៏បានចង្អុលបង្ហាញអំពីវិស័យនិរន្តរភាព និងការតំរង់ទិសដែលអាចបង្កើតកម្លាំងជំរុញថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនៅក្នុងបរិបទ “ប្រក្រតីភាពថ្មី”។ លោកក៏បានមានប្រសាសន៍ថា ក្នុងរយៈពេលថ្មីៗនេះ គម្រោងវិនិយោគក្នុងវិស័យកសិកម្ម ដូចជាការដាំដើមឈើហូបផ្លែ ឬដើមកៅស៊ូរបស់វៀតណាម បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាព បង្កើតការងាររាប់ពាន់កន្លែង បើទោះបីជាមានជំងឺរាតត្បាត Covid-19 ក៏ដោយ។

លោកបានគូសបញ្ជាក់អំពីភាពចាំបាច់សម្រាប់ភាគីទាំងពីរ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ រួមទាំងការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-កម្ពុជាឆ្នាំ២០៣០” ការអនុវត្តគម្រោងផ្លូវល្បឿនលឿនបាវិត-ម៉ុកបៃតភ្ជាប់ទីក្រុងហូជីមិញរបស់វៀតណាមជាមួយរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ក៏ដូចជាវិស័យសំខាន់ៗ និងគម្រោងសហប្រតិបត្តិការដូចជាគម្រោងវិនិយោគរបស់វៀតណាមនៅកម្ពុជាក្នុងវិស័យកសិកម្ម ដំណាំឧស្សាហកម្ម ទូរគមនាគមន៍ និងធនាគារ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ ទំនិញរបស់ភាគីទាំងពីរក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអប់រំនិងបណ្តុះបណ្តាល។

លោកបានវាយតម្លៃខ្ពស់ពីគម្រោង “លិខិតឆ្លងដែនវ៉ាក់សាំង” របស់វៀតណាម ដោយបន្ថែមថា ការបន្តជើងហោះហើរត្រង់រវាងប្រទេសទាំងពីរប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៃប្រទេសនីមួយៗបន្ទាប់ពីជំងឺរាតត្បាត៕

បកប្រែដោយ Thanh Cong