លោកឯកអគ្គរាជទូត ចាយ ណាវុធ បានមានប្រសាសន៍ថា កម្ពុជារីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៧៦ ឆ្នាំនៃការអភិវឌ្ឍប្រទេស ព្រមទាំងសម្តែងនូវការចាប់អារម្មណ៍ចំពោះល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចដែលមានសន្ទុះកាន់តែខ្លាំងឡើងរបស់វៀតណាម ជាពិសេសក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ បើទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត  Covid-19 ក៏ដោយ ក៏ផ្នែកសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែអភិវឌ្ឍដោយឥតឈប់ឈរដែរ។

លោកឯកអគ្គរាជទូតក៏បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកបានអះអាងថា កម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែអភិវឌ្ឍថែមទៀត។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ទទួលជួបឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម លោក ចាយ ណាវុធ ដែលមកអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម (រូបថត៖ baoquocte.vn)

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់លោកឯកអគ្គរាជទូត ចាយ ណាវុធ ព្រមទាំងបានស្នើឲ្យភាគីទាំងពីរបន្តសហការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ស្ថានភាពក្នុងតំបន់ និងពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានក៏ដោយ ក៏លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung នៅតែជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តថែរក្សា និងអភិវឌ្ឍនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដោយឥតឈប់ឈរដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang