នៅកិច្ចពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជម្រាបជូនសម្តេច ហេង សំរិន អំពីស្ថានភាពនៅប្រទេសវៀតណាមក្នុងរយៈពេលកន្លងមក។ ទោះបីក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក៏ដោយក៏វៀតណាមបាន និងកំពុងអនុវត្តគោលដៅពីរក្នុងពេលតែមួយប្រកបដោយជោគជ័យ នោះគឺការការពារ និងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតផង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នៅកិច្ចពិភាក្សា

លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងនូវគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋវៀតណាម គឺយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ច និងផ្តល់អាទិភាពខ្ពស់ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយកម្ពុជា។

លោកប្រធានរដ្ឋសភាកម្ពុជាបានបញ្ជាក់ថា រដ្ឋសភានៃប្រទេសទាំងពីរបានរួមគ្នាកសាង និងទទួលបានសមិទ្ធិផលជាច្រើនក្នុងវិស័យសហប្រតិបត្តិការការទូតសភា តាមរយៈការជំរុញ និងគាំទ្រដល់ទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើររវាងបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ រដ្ឋសភានៃប្រទេសទាំងពីរបានរក្សា និងអនុវត្តយ៉ាងល្អនូវស្មារតីនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដោយធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាប្រចាំដើម្បីកសាងទំនាក់ទំនងសហប្រតិបត្តិការការទូតសភារវាងប្រទេសទាំងពីរ ឱ្យឆ្លើយតបទៅនឹងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ស្របតាមបរិបទសកល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សានៅទីស្នាក់ការរដ្ឋសភាវៀតណាម

ក្នុងឱកាសនេះ លោកប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញលោកប្រធានរដ្ឋសភា Vuong Dinh Hue មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) នៅទីក្រុងភ្នំពេញ នាចុងឆ្នាំ ២០២១។

leftcenterrightdel
ប្រធានរដ្ឋសភា និងគណៈប្រតិភូរដ្ឋសភាវៀតណាម ចូលរួមកិច្ចពិភាក្សា

នៅកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាព និងលើកឡើងពីទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង" ទាំងក្នុងក្របខ័ណ្ឌការទូតរបស់បក្ស រដ្ឋ និងរដ្ឋសភា។ ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ គឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ប្រជាជនទាំងពីរ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនៅតែរក្សាបានជំនួប និងការផ្លាស់ប្តូរជាប្រចាំ ហើយយន្តការសហប្រតិបត្តិការទ្វេភាគីបន្តបានអនុវត្តប្រកបដោយប្រសិទ្ធភាព។

ភាគីទាំងពីរបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក៏ដូចជាពង្រឹងការគ្រប់គ្រងព្រំដែន។ល។

leftcenterrightdel
ប្រធានរដ្ឋសភាទាំងពីរ នៅកិច្ចពិភាក្សា

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការផ្តល់សច្ចាប័នលើអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរដែលសម្រេចបាននូវ ៨៤% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក។ លោកប្រធានរដ្ឋសភាកម្ពុជាបានបញ្ជាក់ថា សមិទ្ធិផលដ៏អស្ចារ្យនេះបានបង្ហាញពីការខិតខំប្រឹងប្រែង និងសុច្ឆន្ទៈក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានសម្តែងនូវសេចក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តចរចាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ចំនួន ១៦% ទៀត បង្កើតជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរព័ត៌មាន ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់ និងសហការនៅវេទិកាពហុភាគី ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងយន្តការផ្សេងទៀតដែលដឹកនាំដោយអាស៊ាន។ល៕

បកប្រែដោយ Huyen Trang