leftcenterrightdel
ប្រជាពលរដ្ឋកម្ពុជាពាក់ម៉ាស់ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 (រូបថត៖ vnanet.vn)

 

នៅថ្ងៃទី ២២ ខែមិថុនា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានជូនដំណឹងដល់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាអំពីការសម្រេចនិរាករណ៍សេចក្ដីប្រកាសព័ត៌មានលេខ ២៦៨០ កបទ.សអ/អប១ និងកំណត់ទូត 698 MFA.IC/AP1 ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជាស្ដីពីការផ្អាកជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរចូលប្រទេស​កម្ពុជា​ដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ២២ មិថុនា បានបញ្ជាក់ថា ការសម្រេចនិរាករណ៍កំណត់ទូតលេខ 698 MFA.IC/AP1 ចូលជាធរមានចាប់ពីថ្ងៃទី ១៩ ខែមិថុនា ២០២០ តទៅ។

ដូច្នេះចាប់ពីពេលនេះតទៅ ចំពោះ​វៀតណាម កម្ពុជានឹងអនុវត្តសេចក្ដីប្រកាសចុងក្រោយរបស់គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចដែលបានអនុវត្តកន្លងរួចមកហើយជាមួយប្រទេសដទៃទៀត ដោយអនុញ្ញាតឲ្យពលរដ្ឋវៀតណាមចូល-ចេញកម្ពុជា និងតម្រូវឲ្យពលរដ្ឋវៀតណាមអស់ទាំងនោះអនុវត្តតាមវិធានសុខាភិបាលដែលបានដាក់ចេញដោយគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩។

ក្នុងនោះដែរ ពលរដ្ឋវៀតណាម ជាពិសេសអ្នកបច្ចេកទេស វិនិយោគិន និស្សិត និងពលរដ្ឋវៀតណាមផ្សេងៗទៀតអាចនឹងទទួលបានទិដ្ឋាការផ្សេងៗលើកលែងតែ «ទិដ្ឋាការទេសចរណ៍» ស្រប​តាមអនុក្រឹត្យស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្ដោប្រវេសន្ដចូល-ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា៕

បកប្រែដោយ Pham Diep