leftcenterrightdel
ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាម លោក Truong Hoa Binh  និងលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ VGP)

នៅក្នុងជំនួប ភាគីទាំងពីររីករាយចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លានៃ​កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ហើយសង្កត់ធ្ងន់ទៅលើប្រពៃណីនៃចំណងសាមគ្គីភាព មិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមកដែលបានបង្កើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ ដែល​បានជំនះរាល់ឧបសគ្គ និងក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរដែលត្រូវរក្សានិងពង្រីកបង្ថែមទៀត។ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានបញ្ជាក់ថា ប្រជាជនកម្ពុជានឹងមិនអាចបំភ្លេចបានឡើយនូវជំនួយ និងការជួយគាំទ្ររបស់វៀតណាមចំពោះប្រទេសកម្ពុជានាអតីតកាល និងនាបច្ចុប្បន្ននេះ ជាពិសេសការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។

ឧបនាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង តាមទិសស្លោកថា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែង” ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នា ការគោរពគ្នាទៅវិញទៅមក សមភាព និងមានផលប្រយោជន៍រួមគ្នា។ ភាគីទាំងពីរបានអះអាងថានឹងប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងទាំងឡាយប្រកបដោយប្រសិទ្ធភាព ហើយរក្សាយន្តការសហប្រតិបត្តិការទ្វេភាគី និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ព្រមទាំងពិចារណាសម្រាប់បំពេញបន្ថែម ឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាដែលសមស្របនឹងស្ថានភាពថ្មី ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់​សហគ្រាស​នៃភាគីទាំងពីរ រួមទាំង​ខិតខំប្រឹងប្រែងដំឡើងទំហំពាណិជ្ជកម្មទ្វេភាគីឱ្យលើសពី ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ។

leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ពិភាក្សាការងារ​ (រូប​ថត៖ VGP)

ភាគីទាំងពីរក៏បានឯកភាពបន្តសហការគ្នាដើម្បីដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនងទ្វាភាគី ដោយឈរលើស្មារតីជឿទុកចិត្ត​ មិត្តភាព ការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរ និងសហការ​យ៉ាងជិតស្និទ្ធ​ក្នុងការគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាឱ្យរស់នៅមានស្ថិរភាព និងត្រូវ​បាន​ធានាសិទ្ធិស្របច្បាប់ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស​កម្ពុជា និងក្លាយជាស្ពានមិត្តភាពសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ៕

ទាក់ទិននឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក Truong Hoa Binh បានអះអាងនូវសុឆន្ទៈរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ក៏ដូចជាជំហររួមរបស់អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥  និងចង់អោយកម្ពុជាបន្តគាំទ្រជំហររួមរបស់អាស៊ាន។ ភាគីទាំងពីរនឹងបន្ត​សហការ និងគាំទ្រគ្នាយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពបរទេសសំខាន់ៗនៅឆ្នាំ២០២០ នៅពេលដែលវៀតណាមកាន់តួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ និងកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុប លើកទី ១៣។ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទួលរាល់មតិយោបល់របស់ភាគី​វៀតណាម និងសន្យាថានឹងបន្តគាំទ្រវៀតណាម​តាម​លទ្ធភាពរបស់កម្ពុជា៕

បកប្រែដោយ Thanh Cong