រក្សាដែនសមុទ្រ និងកោះដ៏រឹងមាំ រួមដំណើរជាមួយអ្នកនេសាទ
កប.អនឡាញ - តំបន់លេខ ៣ កងឆ្មាំសមុទ្រ បំពេញភារកិច្ចនៅក្នុងតំបន់សមុទ្រ និងកោះសំខាន់ៗរបស់ប្រទេស ជាមួយនឹងវិសាលភាពធំទូលាយនៃការគ្រប់គ្រង និងការអនុវត្តច្បាប់ និងបរិស្ថានអាក្រក់; ស្ថានភាពឧក្រិដ្ឋកម្ម និងការបំពានច្បាប់មានភាពស្មុគស្មាញ។ ដើម្បីសម្រេចភារកិច្ចប្រកបដោយជោគជ័យ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានតំបន់ បានអនុវត្តដោយព្រមៗគ្នានូវវិធានការទប់ស្កាត់ឧក្រិដ្ឋកម្ម ការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម រួមទាំងផ្សព្វផ្សាយអំពីច្បាប់ និងថែទាំជីវភាពរស់នៅរបស់ប្រជានេសាទ រួមចំណែកការពារអធិបតេយ្យភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងពង្រឹងដ៏រឹងមាំនូវប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន។
តស៊ូយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម
ក្នុងអំឡុងពេលនៃការប្រឡងប្រណាំងទប់ស្កាត់ឧក្រិដ្ឋកម្ម និងការក្លែងបន្លំពាណិជ្ជកម្មក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមកន្លងទៅនេះ ស្ថាប័ន និងអង្គភាពនានានៃបញ្ជាការដ្ឋានតំបន់លេខ៣ កងឆ្មាំសមុទ្រ បានបំពេញភារកិច្ចដោយជោគជ័យ ជាមួយនឹងលទ្ធផលនៃការរកឃើញ ទប់ស្កាត់ និងដោះស្រាយករណីល្មើសច្បាប់ជាច្រើននៅសមុទ្រ។ ក្នុងអំឡុងពេលនៃការប្រឡងប្រណាំងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី តំបន់កងឆ្មាំសមុទ្រលេខ ៣ បានធ្វើការយាមល្បាត ត្រួតពិនិត្យ ដើម្បីប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្ម និងការរំលោភច្បាប់នៅសមុទ្រ។ល។
    |
 |
តំណាងតំបន់លេខ៣ កងឆ្មាំសមុទ្រ ផ្តល់អំណោយជូនប្រជានេសាទខេត្ត Binh Thuan |
លោកវរសេនីយ៍ឯក Nguyen Duc Hieu មេបញ្ជាការរងផ្នែកច្បាប់នៃតំបន់លេខ៣ កងឆ្មាំសមុទ្រ បានឲ្យដឹងថា៖ “អង្គភាពត្រូវបានចាត់តាំងឱ្យគ្រប់គ្រងតំបន់សមុទ្រធំមួយ ខណៈពេលដែលល្បិចរបស់ឧក្រិដ្ឋជនកាន់តែស្មុគ្រស្មាញ មានលក្ខណៈខុសគ្នាបើធៀបនឹងនៅលើគោក។ ជាមួយនឹងស្មារតីនៃការតស៊ូយ៉ាងម៉ឺងម៉ាត់ យើងខ្ញុំបានបង្កើនកម្លាំងយាមល្បាត ត្រួតពិនិត្យ និងអនុវត្តយ៉ាងទូលំទូលាយនូវវិធានការវិជ្ជាជីវៈ; សហការយ៉ាងជិតស្និទ្ធជាមួយនគរបាល កងទ័ពការពារព្រំដែន និងគយ ដើម្បីត្រួតពិនិត្យយ៉ាងតឹងរ៉ឹងតាមតំបន់សំខាន់ៗ និងព្រំដែន ដើម្បីទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្ម និងការរំលោភបំពានគ្រប់ប្រភេទ រក្សាដ៏រឹងមាំនូវដែនសមុទ្រដែលបានប្រគល់ឲ្យ”។
ផ្តោតលើការផ្សព្វផ្សាយច្បាប់ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភអ្នកនេសាទ
ដោយកំណត់យ៉ាងច្បាស់នូវតួនាទីផ្សព្វផ្សាយច្បាប់ក្នុងការការពារអធិបតេយ្យភាព ទប់ស្កាត់ឧក្រិដ្ឋកម្ម និងលើកកម្ពស់សេចក្តីស្នេហាសមុទ្រ និងកោះ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានតំបន់លេខ៣ កងឆ្មាំសមុទ្រ បានជំរុញការអនុវត្តកម្មវិធីផ្សព្វផ្សាយច្បាប់ប្រកបដោយប្រសិទ្ធភាព រួមទាំងការប្រឡង “ខ្ញុំស្រឡាញ់សមុទ្រ និងកោះរបស់មាតុភូមិ”។
នាពេលថ្មីៗនេះ នៅទីក្រុង Ba Ria បញ្ជាការដ្ឋានតំបន់លេខ៣ កងឆ្មាំសមុទ្រ បានសម្របសម្រួលជាមួយគណៈឃោសនាអប់រំ និងចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau បានរៀបចំការប្រឡង “ខ្ញុំស្រឡាញ់សមុទ្រ និងកោះរបស់មាតុភូមិ” ដោយមានការចូលរួមពីសិស្សានុសិស្សជាង ១០០ នាក់ មកពីអនុវិទ្យាល័យ និងគ្រូបង្រៀន សិស្សានុសិស្សរាប់ពាន់នាក់ចូលរួមអបអរសាទរ។ ការប្រឡងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ការទទួលខុសត្រូវរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ការពារអធិបតេយ្យភាពសមុទ្រ និងកោះ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងតំបន់ លើកកម្ពស់សេចក្តីស្នេហាជាតិ សមុទ្រ និងកោះរបស់មាតុភូមិ។
    |
 |
បញ្ជាការដ្ឋានតំបន់លេខ៣ កងឆ្មាំសមុទ្រ សម្របសម្រួលរៀបចំកម្មវិធី “អាហារពេលព្រឹកជាមួយអ្នកនេសាទ” នៅទីក្រុង Vung Tau |
យោងតាមលោកវរសេនីយ៍ឯកបម្រុង Bui Vinh Tran ប្រធាននយោបាយនៃតំបន់លេខ៣ កងឆ្មាំសមុទ្រឲ្យដឹងថា ក្នុងស្មារតី “កម្មាភិបាល និងយុទ្ធជនម្នាក់ៗ ជាអ្នកឃោសនាច្បាប់ខណៈពេលបំពេញភារកិច្ច និងប្រាស្រ័យទាក់ទងជាមួយប្រជាជន” គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានតំបន់លេខ៣ កងឆ្មាំសមុទ្រ ដឹកនាំការអប់រំ និងផ្តល់ចំណេះដឹងផ្នែកច្បាប់យ៉ាងពេញលេញ និងទូលំទូលាយសម្រាប់កម្មាភិបាល និងយុទ្ធជន; រក្សាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ “ទិវាច្បាប់” “ទិវានយោបាយ និងវប្បធម៌ខាងស្មារតី” ផ្សព្វផ្សាយទម្រង់ “សៀវភៅណែនាំច្បាប់ស្ដីពីកងឆ្មាំសមុទ្រវៀតណាម” ពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិ “រៀនច្បាប់មួយជារៀងរាល់ថ្ងៃ” និងសកម្មភាព “ទូសៀវភៅច្បាប់” នៅអង្គភាព។
ក្នុងប៉ុន្មានឆ្នាំកន្លងមក តំបន់លេខ៣ កងឆ្មាំសមុទ្រ តែងតែយកចិត្តទុកដាក់ ថែទាំជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់អ្នកនេសាទជាមួយនឹងសកម្មភាពជាក់ស្តែង ដ៏មានអត្ថន័យជាច្រើនដូចជា៖ បុណ្យចូលឆ្នាំថ្មីលើកោះ ផ្សារសូន្យដុង ឧបត្ថម្ភកូនរបស់អ្នកនេសាទ ផ្តល់ទូថ្នាំពេទ្យ អាវពោង ទង់ជាតិ អំណោយ អាហារូបករណ៍ ផ្តល់ផ្ទះតបស្នងសងគុណ កង់ ឧបត្ថម្ភទឹកស្អាត។ល។
យោងតាមលោក Bui Van Bia ប្រធានគណៈឃោសនា អប់រំ និងចលនាមហាជននៃគណៈកម្មាធិការបក្សខេត្ត Ben Tre៖ សកម្មភាពសប្បុរសធម៌របស់កម្មាភិបាល យុទ្ធជននៃតំបន់លេខ៣ កងឆ្មាំសមុទ្រ មានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ រួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន; ពង្រឹងទំនុកចិត្ត ជួយឱ្យប្រជានេសាទស្ងប់ចិត្តនៅពេលចេញទៅលំហសមុទ្រ ធ្វើនេសាទ និងចូលរួមការពារអធិបតេយ្យភាពសមុទ្រ និងកោះនៃមាតុភូមិ។
ដោយអះអាងនូវមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់កម្លាំងកងឆ្មាំសមុទ្រចំពោះប្រជាជន និងប្រជានេសាទខេត្តជាប់មាត់សមុទ្រ លោកវរសេនីយ៍ឯក Le Van Tu ប្រធាននយោបាយនៃតំបន់លេខ៣ កងឆ្មាំសមុទ្រ បានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយប្រជាជន បញ្ជាការដ្ឋានតំបន់លេខ៣ កងឆ្មាំសមុទ្រ នឹងបន្តផ្លាស់ថ្មីខ្លឹមសារ និងទម្រង់នៃការរៀបចំសកម្មភាពចលនាមហាជន; លើកកំពស់កម្លាំងផ្ទៃក្នុង រួមដំណើរជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនតាមមូលដ្ឋាន តាមរយៈសកម្មភាពជាក់ស្តែង ពង្រឹងយ៉ាងរឹងមាំនូវប្រៀបប្រយុទ្ធដោយមានការគាំទ្រពីប្រជាជន រួមចំណែកផ្សព្វផ្សាយរូបភាពដ៏ស្អាតអំពីកងទ័ពលោកអ៊ំហូ-យុទ្ធជនកងឆ្មាំសមុទ្រ”៕
បកប្រែដោយ Huyen Trang