ទម្រង់នេះក៏កំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពដោយកងទ័ពការពារព្រំដែនខេត្ត Dak Lak ចាប់តាំងពីឆ្នាំ ២០១៩ មក។ កុមារអាចទៅសាលារៀន និងមានស្ថិរភាពក្នុងជីវភាពរស់ ដោយសារមាន "ឪពុក" ជាកងទ័ពការពារព្រំដែន។ ប្អូន Y Phu M'lo នៅភូមិក្រីក្រ Drang Phok របស់ឃុំជាប់ព្រំដែន Krong Na (ស្រុក Buon Don) គឺជាម្នាក់ក្នុងចំណោមកុមារក្នុងទម្រង់នេះ។

Y Phu M'lo មានអាយុ ៨ ឆ្នាំ ជនជាតិ Ede គឺជាកូនធម៌ដំបូងបង្អស់របស់កងទ័ពការពារព្រំដែនខេត្ត Dak Lak។ ប្អូនមានស្ថានភាពលំបាកណាស់៖ កំព្រាម្តាយនៅពេលមានអាយុមិនដល់ ៣ ឆ្នាំ ហើយឪពុកបានចាកចេញពីផ្ទះទៅរស់នៅកន្លែងផ្សេង។ មុនពេលត្រូវបានទទួលជាកូនធម៌ ប្អូនបានរស់នៅជាមួយជីដូនចាស់ជរា។ ដោយមើលឃើញពីស្ថានភាពរបស់ប្អូន Y Phu M'lo នាខែកញ្ញា ឆ្នាំ ២០១៩ ប៉ុស្តិ៍ការពារព្រំដែន Serepok បានទទួលប្អូនជាកូនធម៌។ លោកវរសេនីយ៍ទោ Do Van Nhuong អនុប្រធានក្រុមចលនាមហាជន នៃប៉ុស្តិ៍ការពារព្រំដែន Serepok ត្រូវបានចាត់ចែងឲ្យថែទាំប្អូន Y Phu M'lo ដោយផ្ទាល់។ ថវិកាសម្រាប់ចិញ្ចឹមបីបាច់ Y Phu M'lo ត្រូវបានបរិច្ចាគដោយកម្មាភិបាល និងយុទ្ធជននៃអង្គភាព។

leftcenterrightdel
លោកវរសេនីយ៍ទោ Do Van Nhuong រៀបចំឲ្យប្អូន Y Phu M'lo ទៅថ្នាក់រៀន

ក្នុងរយៈពេល ៣ ឆ្នាំ ប្អូន Y Phu M'lo ធំដឹងក្តីឡើងដោយក្ដីស្រឡាញ់របស់ "ឪពុក" ជាកងទ័ពការពារព្រំដែន។ លោកវរសេនីយ៍ទោ Do Van Nhuong បានចែករំលែកថា នាគ្រាដំបូងឡើយ បងប្អូនជាច្រើននៅក្នុងអង្គភាពបានសួរខ្ញុំថា ប្អូននៅក្មេងបែបនេះ តើខ្ញុំអាចថែទាំគាត់បានឬទេ ប៉ុន្តែខ្ញុំនៅតែប្ដេជ្ញាចិត្ត។ ថ្នាក់ទី១ ថ្នាក់ទី២ ប្អូនសុទ្ធតែជាសិស្សល្អ។ យើងចាត់ទុក Y Phu M'lo ជាកូនប្រុសរបស់យើង ហើយសង្ឃឹមថា គាត់នឹងក្លាយជាមនុស្សមានប្រយោជន៍សម្រាប់សង្គម។

លោក Y Chuon ដែលជាជីតារបស់ Y Phu M'lo បានចែករំលែកថា ចាប់តាំងពីគាត់ត្រូវបានទទួលជាកូនធម៌ ការលំបាករបស់គ្រួសារខ្ញុំត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ហើយអាចផ្តោតលើការរកស៊ីបាន។ ប្រពន្ធខ្ញុំ និងខ្ញុំចាស់ហើយ ឥឡូវយើងទទួលបានជំនួយពីកងទ័ពការពារព្រំដែន និងអាជ្ញាធរមូលដ្ឋាន យើងក៏មានទំនុកចិត្តខ្លាំង។ យើងត្រូវបានឲ្យដឹងថា នៅពេលបញ្ចប់ថ្នាក់ទី ៩ ប្អូន Y Phu M'lo នឹងត្រូវបញ្ចូលក្នុងកម្មវិធី "កូនធម៌របស់ប៉ុស្តិ៍ការពារព្រំដែន" ដោយទទួលជំនួយថវិកា ៥០ ម៉ឺនដុង/ខែ ពីកងទ័ពការពារព្រំដែនខេត្ត Dak Lak។

កម្មវិធី "កូនធម៌របស់ប៉ុស្តិ៍ការពារព្រំដែន" គឺជាគោលការណ៍ត្រឹមត្រូវរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ដើម្បីជួយកុមារមានស្ថានភាពលំបាកខ្លាំង រួមមាន កុមារកំព្រាឪពុកម្តាយ គ្មានទីពឹង កុមារជាកូន ចៅនៃយុទ្ធជនពលី និងគ្រួសារដែលមានគុណបំណាច់ចំពោះបដិវត្តន៍នៅតំបន់ព្រំដែន។ យោងតាមលោកវរសេនីយ៍ឯក Pham Huu Chien ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Dak Lak បានឲ្យដឹងថា នេះគឺជាសកម្មភាពប្រកបដោយលក្ខណៈមនុស្សធម៌ដ៏ជ្រាលជ្រៅក្នុងបំណងចែករំលែកការលំបាករបស់សិស្សានុសិស្សនៅតំបន់ព្រំដែននៃខេត្ត។ កម្មវិធីនេះក៏រួមចំណែកពង្រឹងចំណងសាមគ្គីភាព រវាងកម្មាភិបាលនៃកងទ័ពការពារព្រំដែនជាមួយប្រជាជនតាមព្រំដែន ពង្រីកប្រពៃណី និងរូបភាពរបស់កងទ័ពលោកអ៊ំ ហូ ក្នុងសម័យថ្មី កសាងការការពារជាតិដោយពឹងផ្អែកលើប្រជាជនដ៏រឹងមាំ ជាយូរអង្វែង៕

បកប្រែដោយ Thuy Anh