leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Kiyoshi Serizawa អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពថា ឆ្នាំ២០២៣ ជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរបានសម្របសម្រួលរៀបចំសកម្មភាពសំខាន់ៗជាច្រើន។ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ភាគីទាំងពីរបានរក្សាដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនក្នុង​ខែតុលា ឆ្នាំ២០២៣, នាយសេនាធិការនៃកងកម្លាំងស្វ័យការពារដីគោកជប៉ុន អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងខែកុម្ភៈ ឆ្នាំ២០២៣, នាវាពិឃាតផ្ទុកឧទ្ធម្ភាគចក្រ IZUMO របស់ជប៉ុន អញ្ជើញ​មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងខែមិថុនា ឆ្នាំ២០២៣) ព្រមទាំងបានអនុវត្តយន្តការសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ កិច្ចប្រជុំពិគ្រោះយោបល់នាយទាហានសេនាធិការនៃប្រភេទទ័ពទាំងបី៖ កងទ័ពជើងទឹក កងទ័ពជើងគោគ និងកងទ័ពជើងអាកាស និងកម្មវិធីនានាដែលជួយគាំទ្រដល់ការលើកកំពស់សមត្ថភាព ការជំនះផលវិបាកនៃសង្រ្គាម និងការ​រក្សាសន្តិភាពអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលសម្រេចដោយជោគជ័យនូវតួនាទីជាសហប្រធាននៃ​ក្រុមអ្នកជំនាញការរក្សាសន្តិភាពវដ្តទី៤ ក្នុងក្របខ័ណ្ឌនៃ ADMM+ ដំណាក់កាល ២០២១-២០២៣ រួមទាំងកម្មវិធីវាយតម្លៃសមត្ថភាព (CEPPP) នៃកងកម្លាំងដែលត្រៀមចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ​២០២៣ នៅប្រទេសវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ចាប់តាំងពី​បង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ ១៩៧៣ មកទំនាក់ទំនងវៀតណាម-ជប៉ុន តែងតែត្រូវបានថ្នាក់ដឹកនាំនៃភាគីទាំងពីរយកចិត្តទុកដាក់ ជំរុញ អភិវឌ្ឍយ៉ាងខ្លាំងក្លា និងពង្រីកលើវិស័យជាច្រើន និង​ស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា ក្រសួងការពារជាតិជប៉ុននឹងបន្តយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាមលើវិស័យហ្វឹកហ្វឺន កងទ័ពជើងទឹក សន្តិសុខសមុទ្រ និងជំនះពុះពារលើផលវិបាកនៃសង្គ្រាម ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ...

លោក  Kiyoshi Serizawa អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ន បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍនាពេលថ្មីៗនេះក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរ។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងលើវិស័យការពារជាតិ ស្របតាមទិសដៅដែលបានកំណត់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយខ្លឹមសារនៃកិច្ចសហប្រតិបត្តិការបានឯកភាពដោយថ្នាក់ដឹកនាំក្រសួងការពារជាតិ រួមទាំងការរៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុននៅថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។ ក្នុងឱកាសនេះ លោក Kiyoshi Serizawa បានអញ្ជើញវៀតណាមចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន-ជប៉ុន ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុនក្នុងខែមករា ឆ្នាំ២០២៤។ លោក Kiyoshi Serizawa ក៏បានឱ្យដឹងដែរថា ប្រទេសជប៉ុនបានបំពេញល្អនូវការងាររៀបចំ និងត្រៀមខ្លួនជាស្រេចស្វាគមន៍នាយកដ្ឋានរក្សាសន្តិភាពវៀតណាមអញ្ជើញ​មកជប៉ុនដើម្បីសម្របសម្រួលរៀបចំពិធីប្រគល់តួនាទីជាសហប្រធាននៃក្រុមអ្នកជំនាញ​រក្សាសន្តិភាពវដ្តទី៤ ក្នុងក្របខ័ណ្ឌនៃ ADMM+ ដំណាក់កាល ២០២១-២០២៣ ក្នុងសប្តាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសជប៉ុន៕

បកប្រែដោយ Duy Hoan