ពីព្រោះអ្នកជាជនជាតិវៀតណាម!

អ្នកស្រុក ឬទាហាន UN ជាច្រើនដែលខ្ញុំបានជួបក្នុងអំឡុងពេលខ្ញុំធ្វើការនៅស៊ូដង់ខាងត្បូង ក្នុងគ្រប់ជំនួបដោយដឹងថាខ្ញុំមកពីប្រទេសវៀតណាមពួកគេច្រើនតែបានចាប់ផ្តើមការប្រាស្រ័យដោយពាក្យ៖ Good, good!

- ហេតុអ្វីបានជាល្អ? ខ្ញុំធ្លាប់បានសួរមកម្នាក់ជាមន្រ្តីសន្តិសុខស៊ូដង់ខាងត្បូងនៅអាកាសយានដ្ឋានអន្តរជាតិ Juba ដូចនោះ។

- គាត់ថា ព្រោះអ្នកជាជនជាតិវៀតណាម។

នៅថ្ងៃមួយផ្សេងទៀត នៅឯមូលដ្ឋាន Bentiu ខ្ញុំបានជួបបុរសជនជាតិបរទេសម្នាក់ពាក់អាវយឺតពណ៌ខៀវដែលមានឃ្លាជាភាសាអង់គ្លេសនៅលើអាវរបស់គាត់ដែលប្រែ៖ កងពេទ្យកម្រិត២ របស់ប្រទេសវៀតណាម។ ឃើញខ្ញុំមានទឹកមុខដូចកំពុងថ្នាក់ថ្នល់ ភ្លាមៗគាត់បានណែនាំខ្លួនថា “ខ្ញុំជាជនជាតិវៀតណាម។  គ្រួសារខ្ញុំរស់នៅទីក្រុងហូជីមិញ ប៉ុន្តែខ្ញុំធ្វើការនៅទីក្រុងហាណូយ”។

នោះជាការនិយាយលេងរបស់លោក Vitor បុគ្គលិកអង្គការសហប្រជាជាតិជនជាតិប្រេស៊ីលធ្វើការនៅមូលដ្ឋាន Bentiu ប៉ណ្ណោះទេ។  លោក Vitor បានចាត់ទុកខ្លួនឯងជាមិត្តជិតស្និទ្ធរបស់វេជ្ជបណ្ឌិត និងគ្រូពេទ្យវៀតណាមនៅមូលដ្ឋាន Bentiu។ អាវដែលគាត់ស្លៀកនៅថ្ងៃនោះក៏ត្រូវបានប្រគល់ឱ្យដោយវេជ្ជបណ្ឌិតនៅកងពេទ្យកម្រិត២ វៀតណាមដែរ។

រៀបរាប់ឡើងវិញពីអ្វីៗដែលខ្ញុំបានឃើញជាមួយវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅកងពេទ្យកម្រិត២ លេខ១ ទើបខ្ញុំបានដឹងថា មិនមែនត្រឹមតែខ្ញុំត្រូវបានគេស្វាគមន៍តាមបែបនេះទេ។ វាហាក់ដូចជាស្ថិតនៅក្នុងគំនិតរបស់ប្រជាជនក្នុងតំបន់នេះហើយ ពាក្យថាវៀតណាមគឺមានន័យដូចអ្វីដែលល្អៗណាស់ទោះបីជាពួកគេភាគច្រើនមិនទាន់បានដឹងប្រទេសវៀតណាមមានទីតាំងនៅភូមិសាស្រ្តអឺរ៉ុប ឬ អាស៊ីក៏ដោយ។ រីឯចំពោះសហការីក្នុងមូលដ្ឋាននៅស៊ូដង់ខាងត្បូងនោះ កម្មាភិបាល បុគ្គលិករបស់វៀតណាមត្រូវបានគេមើលឃើញទៅនឹងរូបភាពនៃមិត្តម្នាក់ថ្មី ប៉ុន្តែពិតជាជិតស្និទ្ធ និងរាក់ទាក់។

តើអ្វីៗដែលធ្វើឱ្យមានការចាប់អារម្មណ៍ល្អៗបែបនេះ គ្រាដែលវៀតណាមទើបតែបានបញ្ជូនកម្មាភិបាល និងកងពេទ្យកម្រិត២ របស់ខ្លួនឱ្យចូលរួមជាមួយកម្លាំងអង្គការសហប្រជាជាតិបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូងក្នុងរយៈពេលមិនយូរប៉ុន្មានទេ? ឆ្លើយតបនឹងក្តីកង្វល់របស់ខ្ញុំនោះ លោកវរសេនីយ៍ទោ Bui Duc Thanh ប្រធានកងពេទ្យកម្រិត២ បានមានប្រសាសន៍ថា៖ “នៅលើដែនដីដាច់ស្រយាល និងថ្មីថ្មងដូចជាស៊ូដង់ខាងត្បូងក្រៅពីការបំពេញការងារតាមវិជ្ជាជីវៈនោះ គឺការជួបជុំប្រាស្រ័យទាក់ទងជាមួយគ្នាដើម្បីកសាងមុខមាត់នៃប្រទេសជាតិ និងកងទ័ពក៏មានសារសំខាន់ណាស់ដែរ។

ឲ្យតែមានវត្តមាននៅមន្ទីរពេទ្យនៃកងពេទ្យកម្រិត២របស់វៀតណាមនៅ Bentiu ទើបឃើញបានច្បាស់ថា ជាការពិតណាស់មិនមែនអ្វីៗទាំងអស់សុទ្ធតែដំណើរការទៅដោយភាពរលូននោះទេ។ ជួនកាល ការលំបាកមិនមែនមកពីការងារជំនាញនៃការពិនិត្យ និងព្យាបាលវេជ្ជសាស្រ្តទេ តែកើតឡើងពីរបស់របរប្រើប្រាស់ប្រចាំថ្ងៃដូចជាម៉ាស៊ីនភ្លើងខូច ម៉ាស៊ីនត្រជាក់ដល់ពេលថែទាំ កង្វះទឹកស្អាតប្រចាំថ្ងៃ… គ្រានោះប្រសិនបើមានទំនាក់ទំនងល្អជាមួយបណ្តាអង្គភាពដែលឈរជើងនៅជុំវិញនោះ គ្រាន់តែជាការហៅទូរស័ព្ទមួយប៉ុណ្ណោះហើយអ្វីៗទាំងអស់គឺអាចត្រូវបានដោះស្រាយ។

leftcenterrightdel
ភ្ញៀវអន្តរជាតិមកទស្សនាទីលំនៅនៃកងពេរទ្យកម្រិត២វៀតណាម

 

គ្រាពេលដែលចុងភៅក៏ធ្វើកិច្ចការបរទេស

រហូតមកដល់ពេលនេះខ្ញុំនៅតែចងចាំបាននូវការចែករំលែករបស់លោកស្រី  Hiroko Hirahara ប្រធានមូលដ្ឋាន Bentiu បាននិយាយថា លោកស្រីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះម្ហូបអាហារវៀតណាម ហើយនៅកងពេទ្យកម្រិត២លេខ១តែម្តងក៏ជាកន្លែងមួយគត់នៅស៊ូដង់ខាងត្បូងដែលលោកស្រីអាចបានទទួលទានម្ហូបអាហារដ៏ឆ្ងាញ់ពិសារបស់វៀតណាម។

ចំណាប់អារម្មណ៍ដ៏ពិសេសដែលលោកស្រីរំលឹកឡើងវិញនោះប្រាកដជាមានមូលហេតុរបស់វា។ រឿងវាគឺថានៅកងពេទ្យកម្រិត២របស់វៀតណាម ជាធម្មតាក្រោយពេលធ្វើការ​ ឬ ឱកាសបុណ្យទានម្តងៗសុទ្ធតែត្រូវបានបញ្ចប់ដោយការរៀបចំបាយទឹកអញ្ជើញភ្ញៀវអន្តរជាតិក្នុងនិងក្រៅកម្លាំងបំពេញបេសកកម្មនៃអង្គការសហប្រជាជាតិ។ គ្រាដែលកងពេទ្យកម្រិត២វៀតណាមទើបតែបានដាក់ឲ្យដំណើរការដំបូងបង្អស់នោះ មុខម្ហូបសម្រាប់ការទទួលភ្ញៀវសុទ្ធតែជាម្ហូបមានលក្ខណៈប្រពៃណី និងអត្តសញ្ញាណជាតិដូចជា ហ្វឺ ណែមចៀន ញាំ ជាដើម។  ប៉ុន្តែក្រោយៗមក ក្រុមចុងភៅរបស់អង្គភាព កាន់តែមានភាពបត់បែនក្នុងការកែច្នៃម្ហូប ហើយនិងបានចេះគួបផ្សំទាំងម្ហូបបែបប្រពៃណី និងអឹរ៉ុបថែមទៀតបានជាធ្វើឲ្យភ្ញៀវអន្តរជាតិកាន់តែទទួលទានកាន់តែជក់ចិត្តនឹងម្ហូបវៀតណាម។

ក្រោយៗនេះខ្ញុំទើបបានដឹងថា ក្នុងរយៈពេលមួយឆ្នាំបំពេញបេសកកម្មនៅមូលដ្ឋាន Bentiu នោះ កងពេទ្យកម្រិត២ លេខ១ វៀតណាមធ្លាប់បានរៀបចំការពិសាម្ហូបអាហារសម្រាប់ជូនភ្ញៀវបរទេសសំខាន់ៗជាច្រើនដែលមកទស្សនាមូលដ្ឋាននេះដូចជា៖ នាយករដ្ឋមន្រ្តីម៉ុងហ្គោលី រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអង្គការសហប្រជាជាតិ។ល។

រំលឹកឡើងវិញពីរឿងរ៉ាវទាំងនេះដើម្បីយើងអាចមើលឃើញថា ទោះបីនៅប្រទេសដ៏ឆ្ងាយដាច់ស្រយាលជាមួយយើងក៏ពិតមែន ប៉ុន្តែវៀតណាមតែងតែបង្ហាញភាពជិតស្និទ្ធ ការរស់រាយរាក់ទាក់ ការជឿជាក់លើខ្លួនឯង ភាពរស់រវើកក្នុងការទំនាក់ទំនង និងសមត្ថភាពក្នុងការសម្របខ្លួនដ៏ខ្ពស់។ និយាយម្យ៉ាងគឺប្រសិនបើចង់បង្កើតចំណាប់អារម្មណ៍ល្អៗនៅក្នុងចិត្តរបស់ប្រជាជនក៏ដូចជាបុគ្គលិក និងទាហានអង្គការសហប្រជាជាតិនោះ យើងត្រូវតែបង្ហាញភាពស្មោះត្រង់ ភាពបត់បែន និងឆន្ទៈគាំទ្រគ្នាទៅវិញទៅមកដោយឈរលើមូលដ្ឋាននៃការអនុលោមតាមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ និងលក្ខខណ្ឌជាក់ស្តែងនៅតំបន់ដែលឈរជើងជាដាច់ខាត។ “ពេលខ្លះទំនាក់ទំនងការងារកាន់តែងាយស្រួលទៅដោយសារមានរាល់សកម្មភាពសាមញ្ញៗតែប៉ុណ្ណោះ។ ធ្វើអ្វីៗក៏ដោយលុះត្រាតែមិនត្រូវបំពានលើបទបញ្ញាត ប៉ុន្តែក៏មិនគួរតឹងរឹងពេកដែរ”។ នេះគឺជាការចែករំលែករបស់លោកវរសេនីយ៍ត្រី Bui Duc Thanh។

នារសៀលថ្ងៃនោះ ពេលដែលគ្រូពេទ្យនៅកងពេទ្យកម្រិត២វៀតណាមទៅចែកអំណោយដល់កុមារភៀសខ្លួននៅតំបន់ការពារជនស៊ីវិល (POC) នៅ Bentiu នោះ សាជាថ្មីម្តងទៀតអារម្មណ៍របស់ខ្ញុំស្រាប់តែពោរពេញទៅដោយក្តីសប្បាយរីករាយយ៉ាងក្រៃលែង និងក្តីមោទន នៅពេលដែលបានស្តាប់ក្មេងៗគ្រវីដៃហើយហៅពាក្យថា៖ វៀតណាម  វៀតណាម!

បកប្រែដោយ Minh Trung