វៀតណាមអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយក្នុងពេលឆាប់ៗនេះ
កប.អនឡាញ - វៀតណាមជំរុញឱ្យប្រទេសដែលមិនទាន់បានចុះហត្ថលេខា ឬ ផ្តល់សច្ចាប័នលើអនុសញ្ញា បំពេញនីតិវិធីចាំបាច់ ដើម្បីឱ្យអនុសញ្ញាអាចចូលជាធរមានបានយ៉ាងឆាប់រហ័ស និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍អន្តរជាតិ។
ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមករា គណៈកម្មាធិការពិសេសសម្រាប់ការកសាងបទប្បញ្ញត្តិអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅទីក្រុងវីយែន ប្រទេសអូទ្រីស។ នេះគឺជាកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការបន្ទាប់ពីការបើកឱ្យចុះហត្ថលេខាលើអនុសញ្ញានៅទីក្រុងហាណូយនៅថ្ងៃទី ២៥-២៦ ខែតុលា ឆ្នាំ២០២៥ ដោយផ្តោតលើការពិភាក្សាអំពីសេចក្តីព្រាងបទប្បញ្ញត្តិសម្រាប់សន្និសីទប្រទេសជាសមាជិកនៃអនុសញ្ញាហាណូយ ដោយរៀបចំសម្រាប់ការអនុវត្តអនុសញ្ញាប្រកបដោយប្រសិទ្ធភាពភ្លាមៗនៅពេលដែលវាចូលជាធរមាន។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋ និងលោក អាន់តូនីញ៉ូ ហ្គូទែរេស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថតរូបជាមួយប្រធានគណៈប្រតិភូដែលចូលរួមពិធីបើកឱ្យចុះហត្ថលេខាអនុសញ្ញាហាណូយ (រូបថត៖ VNA) |
ថ្លែងនៅក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Vu Le Thai Hoang ប្រធានគណៈប្រតិភូវៀតណាមប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងវីយែន បានបញ្ជាក់ថា វៀតណាមតែងតែផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ និងការឯកភាពគ្នាក្នុងដំណើរការកសាង និងអនុវត្តអនុសញ្ញានេះ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា បទប្បញត្តិប្រតិបត្តិការមួយច្បាស់លាក់ និងផ្អែកលើការឯកភាពគ្នា នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដើម្បីធានាថាសន្និសីទប្រទេសជាសមាជិកនោះ នឹងដំណើរការប្រកបដោយប្រសិទ្ធភាព តម្លាភាព និងអាចទុកចិត្តបាន នៅពេលដែលអនុសញ្ញានេះចូលជាធរមាន។
វៀតណាមអំពាវនាវដល់ប្រទេសដែលមិនទាន់បានចុះហត្ថលេខា ឬផ្តល់សច្ចាប័នលើអនុសញ្ញានេះ ឱ្យបំពេញនីតិវិធីចាំបាច់ឱ្យបានឆាប់រហ័ស ដើម្បីឱ្យអនុសញ្ញានេះអាចចូលជាធរមានបានយ៉ាងឆាប់រហ័ស និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ បច្ចុប្បន្ននេះ វៀតណាមកំពុងបំពេញនីតិវិធីក្នុងប្រទេសរបស់ខ្លួនយ៉ាងសកម្ម ហើយប្តេជ្ញាផ្តល់សច្ចាប័នលើអនុសញ្ញានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
បកប្រែដោយ Duy Hoan