លោក Phan Van Giang រដ្ឋមន្ត្រី ជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tay Ninh និងកងពលធំលេខ ៥ (យោធភូមិភាគទី៧)
កប.អនឡាញ - នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅខេត្ត Tay Ninh លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងក្រុមការងារនៃក្រសួងការពារប្រទេស បានជួបប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tay Ninh និងកងពលធំទីលេខ៥ (យោធភូមិភាគទី៧)។
*នៅក្នុងកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tay Ninh បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ និងការទូតប្រជាជនរបស់ខេត្តនាពេលកន្លងមក លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវក្ដីរីករាយជាមួយនឹងលទ្ធផលដែលថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត Tay Ninh សម្រេចបានលើគ្រប់វិស័យ។
ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលទាក់ទងនឹងការពង្រឹងការការពារជាតិ និងសន្តិសុខនៅក្នុងមូលដ្ឋានប្រកបដោយជោគជ័យ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យគណៈកម្មាធិការបក្សខេត្ត Tay Ninh ផ្តោតលើការដឹកនាំការអនុវត្តការងារសំខាន់ៗមួយចំនួន។ ក្នុងនោះ បន្តយល់ជ្រួតជ្រាបអំពីមាគ៌ា និងគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ សារាចរ និងសេចក្តីសម្រេចរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ស្តីពីភារកិច្ចការពារមាតុភូមិ ព្រមទាំងយកចិត្តទុកដាក់កសាង និងបណ្តុះបណ្តាលក្រុមអ្នកដឹកនាំ និងអ្នកគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ដែលមានគុណភាព ដើម្បីបំពេញតម្រូវការនៃការកសាង និងអភិវឌ្ឍខេត្ត។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យខេត្តផ្តោតលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសំខាន់ៗ ផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅច្រកទ្វារព្រំដែន ដើម្បីទាក់ទាញការវិនិយោគ ទាញយកសក្តានុពល និងប្រៀបខ្លាំងរបស់ខេត្ត ធ្វើឲ្យប្រសើរនូវជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ជនជាតិភាគតិច និងសាសនា តំបន់ដាច់ស្រយាល។ ទន្ទឹមនឹងនោះ ប្តេជ្ញាចិត្តរក្សាប្រជាជន រក្សាទឹកដី ការពារអធិបតេយ្យភាពព្រំដែនជាតិយ៉ាងរឹងមាំ យកចិត្តទុកដាក់លើការពង្រឹងសក្តានុពលការពារជាតិ និងសន្តិសុខ។ល។
*នៅក្នុងកិច្ចប្រជុំជាមួយកងពលធំលេខ ៥ បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការបំពេញភារកិច្ចយោធាក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៥ និងទិសដៅភារកិច្ចនាពេលខាងមុខរបស់កងពលធំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានលើកសរសើរចំពោះការដឹកនាំ និងការបំពេញភារកិច្ចរបស់គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងពលធំលេខ៥។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងក្រុមការងារបំពេញទស្សនកិច្ចនៅកងពលធំលេខ៥ |
ដើម្បីបំពេញល្អភារកិច្ចចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២៥ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងពលធំផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗមួយចំនួនដូចជា៖ ផ្តោតលើការពិនិត្យឡើងវិញនូវកម្មវិធី និងផែនការការងារសម្រាប់ឆ្នាំ២០២៥ ដោយបំពេញបន្ថែមភារកិច្ចដែលទើបនឹងកើតឡើង រៀបចំការអនុវត្តភារកិច្ចដែលបានកំណត់យ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាព ដឹកនាំអង្គភាពឲ្យសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ ដើម្បីក្ដាប់ឲ្យជាប់នូវរាល់ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅមូលដ្ឋាន ធ្វើសេនាធិការ និងដោះស្រាយស្ថានភាពប្រកបដោយប្រសិទ្ធភាព រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានឈរជើង និងតំបន់ព្រំដែន។
លោកនាយឧត្តមសេនីយ៍ Phan Van Giang ស្នើឲ្យកងពលធំបន្តរៀបចំការបង្វឹកបង្ហាត់ និងត្រួតពិនិត្យតាមកម្មវិធី និងផែនការ ធានាសុវត្ថិភាពដាច់ខាតសម្រាប់មនុស្ស អាវុធ និងឧបករណ៍ ការគោរពវិន័យ និងច្បាប់ ជម្រុញការងារធានាភស្តុភារ និងសុខភាពរបស់កងទ័ព ហើយចូលរួមការកសាងមូលដ្ឋានគ្រឹះនយោបាយនៅតាមមូលដ្ឋាន ក្ដាប់ឲ្យជាប់នូវស្ថានភាពក្នុងមូលដ្ឋាន ដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងកងកម្លាំងនានាក្នុងការកសាងមូលដ្ឋានប្រកបដោយសុវត្ថិភាព។ល៕
បកប្រែដោយ Thuy Anh