អបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិ
ត្រៀមរៀបចំឲ្យបានហ្មត់ចត់សម្រាប់ការទទួលស្វាគមន៍គណៈប្រតិភូមកពីបណ្ដាប្រទេសមកចូលរួម និងចូលរួមដង្ហែក្បួនព្យុហយាត្រា
កប.អនឡាញ - នាថ្ងៃទី ១៤ មេសា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំទទួលស្វាគមន៍គណៈប្រតិភូក្រសួងការពារជាតិនៃបណ្ដាប្រទេសមកចូលរួម និងចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។
យោងតាមព័ត៌មានពីកិច្ចប្រជុំ ក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសមួយចំនួនដូចជា រុស្ស៊ី ចិន គុយបា ឡាវ និងកម្ពុជាមកចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ហើយបានអញ្ជើញកងកម្លាំងយោធានៃប្រទេសជិតខាងទាំងបីគឺ ចិន ឡាវ និងកម្ពុជា បញ្ជូនយោធិនមកចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធី។ លើសពីនេះ វៀតណាមក៏បានអញ្ជើញអនុព័ន្ធយោធានៃបណ្ដាប្រទេសប្រចាំប្រទេសវៀតណាមចូលរួមក្នុងពិធីនៅទីក្រុងហូជីមិញផងដែរ។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងក្នុងកិច្ចប្រជុំ |
ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានស្នើឱ្យស្ថាប័ន អង្គភាពនានាសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានាការទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិឲ្យបានហ្មត់ចត់ សុវត្ថិភាពជាដាច់ខាត ព្រមទាំងបង្ហាញអត្តសញ្ញាណវប្បធម៌ និងប្រពៃណីរួសរាយរាក់ទាក់របស់វៀតណាមផងដែរ។
ពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម។ ការចូលរួមរបស់គណៈប្រតិភូក្រសួងការពារជាតិនៃបណ្ដាប្រទេសមិនត្រឹមតែរួមចំណែកដល់ជោគជ័យរួមនៃពិធីប៉ុណ្ណោះទេ ថែមទាំងបង្ហាញឱ្យឃើញនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិដែលកាន់តែរឹងមាំ និងអភិវឌ្ឍរវាងវៀតណាម និងប្រទេសជាមិត្តប្រពៃណី។ ក្រៅពីនោះ ព្រឹត្តិការណ៍នេះក៏រួមចំណែកលើកកំពស់រូបភាព និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ ដែលបង្ហាញយ៉ាងច្បាស់នូវស្មារតីនៃកិច្ចសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក និងត្រៀមខ្លួនរួមជាមួយបណ្ដាប្រទេសកសាងបរិយាកាសសន្ដិភាព សន្តិសុខប្រកបដោយនិរន្តរភាព៕
បកប្រែដោយ Pham Diep