ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Luong Cuong បានអះអាងថា ក្នុងសមិទ្ធិផលជារួមរបស់កងទ័ពទាំងមូលក្នុងរយៈពេលកន្លងមក រួម​មានការរួមចំណែកយ៉ាងសំខាន់របស់កងទ័ពការពារព្រំដែន ជាពិសេសកម្មាភិបាល និងយុទ្ធជននៅតំបន់ព្រំដែន បាន​ធ្វើ​ការ​យាមល្បាតទាំងយប់ទាំងថ្ងៃ ចូលរួមយ៉ាងសកម្មក្នុងការកសាង និងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតាមតំបន់ព្រំដែន កសាងកម្លាំងការពារព្រំដែនដោយប្រជាជនទាំងមូល ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី និងសន្តិសុខព្រំដែនជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Luong Cuong ថ្លែងក្នុងកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Luong Cuong បានស្នើឱ្យកងកម្លាំងការពារព្រំដែនបន្តជ្រួតជ្រាប និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីណែនាំ និងសេចក្ដីសម្រេចចិត្ដរបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្តីពីភារកិច្ចធានា ការពារជាតិនិងសន្តិសុខ; ដោយ​ផ្តោតសំខាន់លើសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមនីតិកាលទី ៨ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី សេចក្តីសម្រេចចិត្តលេខ ៣៣-NQ/TW របស់ការិយាល័យនយោបាយស្តីពីយុទ្ធសាស្ត្រការពារព្រំដែនជាតិ និងច្បាប់ស្តីពីកងទ័ពការពារព្រំដែនវៀតណាម និងឯកសារច្បាប់ពាក់ព័ន្ធ។​ ព្រមទាំងផ្តោតលើការពង្រឹងសមត្ថភាពនៃការធ្វើសេនាធិការ និងរៀបចំការអនុវត្តការងារការពារព្រំដែនគ្រប់លំដាប់ថ្នាក់; ស្រាវជ្រាវ និងសម្រេចវិធីសាស្ត្រ និងផែនការសម្រាប់ការគ្រប់គ្រង និងការពារព្រំដែនជាតិក្នុងស្ថានភាពថ្មី។

លោកនាយឧត្តមសេនីយ៍ Luong Cuong បានក្រឹនរំលឹកថា កងកម្លាំងការពារព្រំដែនបន្តបំពេញបានល្អក្នុងការចលនាមហាជន លើកកម្ពស់ស្មារតី “ប៉ុស្ដិ៍ការពារព្រំដែនគឺផ្ទះ ព្រំដែនគឺមាតុភូមិ ប្រជាពលរដ្ឋគ្រប់ជនជាតិជាបងប្អូនបង្កើត”។ សហការ​យ៉ាងជិតស្និទ្ធជាមួយគ្រប់លំដាប់ថ្នាក់ ស្ថាប័ន និងស្ថាប័នមានសមត្ថកិច្ច បង្កើតរបកគំហើញក្នុងការទប់ស្កាត់បទល្មើស។ ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន កំណែទម្រង់បែបបទរដ្ឋបាល ការធ្វើបរិវត្ដកម្មឌីជីថល លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យសកម្មភាពចេញចូលប្រទេស...។ 

លោកនាយឧត្តមសេនីយ៍ Luong Cuong បានសង្កត់ធ្ងន់ថា កងទ័ពការពារព្រំដែនកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវសេចក្តីសន្និដ្ឋានរបស់លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសក្នុងកិច្ចប្រជុំជាមួយអង្គភាពនាពេលថ្មីៗ អំពីភារកិច្ចសំខាន់ៗក្នុងឆ្នាំ ២០២៤; សម្របសម្រួលឱ្យបានល្អក្នុងការត្រៀមរៀបចំ និងផ្ដល់សេនាធិការសម្រាប់ការរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិន លើកទី៨៕

បកប្រែដោយ Pham Diep