លោកស្រី Truong Thi Mai បានកត់សម្គាល់ និងវាយតំលៃខ្ពស់ចំពោះសមាគមអតីតយុទ្ធជនវៀតណាម ដែលសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៩ របស់ការិយាល័យនយោបាយ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតសមាគមអតីតយុទ្ធជនវៀតណាមអាណត្តិ ២០២២-២០២៧។ លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា សមាគមអតីតយុទ្ធជនវៀតណាម គឺជាអង្គការមួយដែលមានការទទួលខុសត្រូវ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ និងសកម្មភាពជាច្រើនដូចជា៖ ការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព... ជាពិសេសក្នុងសកម្មភាពត្រួតពិនិត្យ ការបដិវាទសង្គម ការកសាងបក្ស អាជ្ញាធរ និងប្រព័ន្ធនយោបាយ សមាគមអតីតយុទ្ធជនជាអង្គការមានសមត្ថភាពនិងបទពិសោធន៍លើបញ្ហានេះ ក្រៅពីនេះបានរួមចំណែកជួយប្រទេសដោះស្រាយរាល់បញ្ហាដែលកើតឡើងក្នុងសង្គម។

leftcenterrightdel
លោកស្រី Truong Thi Mai ថ្លែងក្នុងជំនួប

នាពេលខាងមុខ លោកស្រី Truong Thi Mai បានស្នើឱ្យសមាគមគ្រប់លំដាប់ថ្នាក់ បន្តជំរុញការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ៧ របស់សមាគម ដោយផ្តោតលើមេរៀននិងបទពិសោធន៍ក្នុងឯកសាររបស់មហាសន្និបាតស្តីពីការដឹក​នាំ​របស់បក្ស។ សកម្មភាពរបស់សមាគមត្រូវផ្សារភ្ជាប់ទៅនឹងសេចក្តីប្រាថ្នា និងផលប្រយោជន៍ស្របច្បាប់របស់អតីតយុទ្ធជន, អំពីការកសាង រៀបចំសមាគមនិងបន្តផ្លាស់ថ្មីនូវវិធីសាស្រ្តប្រតិបត្តិការរបស់សមាគម។

* នារសៀលថ្ងៃដដែល ក្រុមការងារដឹកនាំដោយលោកស្រី Truong Thi Mai សមាជិកាការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមស្ដីពីពិធីបុណ្យធំៗ និងព្រឹត្ដិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ប្រទេសក្នុងរយៈពេល ៣ ឆ្នាំ (២០២៣-២០២៥) បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien។

leftcenterrightdel
លោកស្រី Truong Thi Mai បំពេញទស្សនកិច្ចការងារនៅខេត្ត Dien Bien

បន្ទាប់ពីមកដល់ខេត្ដ Dien Bien ភ្លាមៗ ក្រុមការងារនិងថ្នាក់ដឹកនាំខេត្តបានប្រគល់ផ្ទះមហាសាមគ្គីជូនគ្រួសារលោក Lo Van Minh នៅភូមិ Co Puc ឃុំ Hua Thanh ស្រុក Dien Bien ។ គ្រួសារលោក Lo Van Minh គឺជាគ្រួសារក្រីក្រដែលមានស្ថានភាពលំបាក ហើយត្រូវបានឧបត្ថម្ភថវិកាចំនួន ៥០ លានដុង ដើម្បីសាងសង់ផ្ទះមហាសាមគ្គី។

អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់មណ្ឌលគាំពារសង្គមទូទៅខេត្ត Dien Bien លោកស្រី Truong Thi Mai បានចុះសួរសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃ ការសិក្សា  និងលើកទឹកចិត្ត និងចែករំលែកការលំបាករបស់កុមារកំព្រាដែលមានស្ថានភាពលំបាកនៅទីនេះ។ លោកស្រីបានស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ ថែទាំ និងឧបត្ថម្ភដល់កុមារឱ្យមានជីវភាពល្អជាងនិងឈានឡើងក្នុងជីវិត។ លោកស្រីសង្ឃឹមថា កុមារខិតខំរៀនសូត្រដើម្បីក្លាយជាពលរដ្ឋដែលមានប្រយោជន៍សម្រាប់សង្គម។

បន្ទាប់មកលោកស្រី Truong Thi Mai បានចុះត្រួតពិនិត្យការត្រៀមរៀបចំសម្រាប់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu នៅកេរ្ដិ៍ដំណែលកូនភ្នំ  A1 ពហុកីឡដ្ឋានខេត្ត Dien Bien ដែលជាកន្លែងប្រារព្ធពិធី និងខ្សែផ្លូវមួយចំនួនបម្រើការក្បួនព្យុហយាត្រាយោធា៕

បកប្រែដោយ Pham Diep