នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីលោក Saad Eddine El Othmani បានវាយតម្លៃថា ដំណើរទស្សនកិច្ចលើកនេះដ៏មានសារៈសំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Saad Eddine El Othmani មានប្រសាសន៍ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ារ៉ុកគឺជាទំនាក់ទំនងពិសេសមួយដែលផ្សាភ្ជាប់នឹងគ្នាតាំងពីរយៈពេលដំបូងនៃការតស៊ូរំដោះប្រទេសជាតិ។ នាយករដ្ឋមន្ត្រីលោក Saad Eddine El Othmani បានសង្កត់ធ្ងន់ថា៖ "រូបភាពវីរភាពអំពីប្រទេសវៀតណាមមួយក្នុងការតស៊ូរំដោះជាតិ និងជាប្រទេសឈ្លាសវៃក្នុងការកសាងប្រទេសជាតិដោយបានបង្កបង្កើតឡើងរឿងអព្ភូតហេតុដែលពិភពលោកកោតសរសើរ បានដិតជាប់ក្នុងបេះដូងជំនាន់របស់យើងខ្ញុំជានិច្ច"។

leftcenterrightdel
រូបឧទាហរណ៍

 

នាយករដ្ឋមន្ត្រីម៉ារ៉ុកបាននិយាយថា បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគទុន និងវប្បធម៌ នៅមិនទាន់សមស្របជាមួយនឹងទំនាក់ទំនងនយោបាយដ៏ល្អប្រសើរ ក៏ដូចជាសក្តានុពលនៃប្រទេសទាំងពីរឡើយ។ ដូច្នេះ នាពេលខាងមុខវៀតណាម និងម៉ារ៉ុកគួរតែអនុវត្តឲ្យបានឆាប់រហ័សនូវរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ព្រមទាំងជំរុញបន្ថែមទៀតការពិគ្រោះយោបល់នយោបាយ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងការបន្តបង្កើតឡើងរាល់យន្តការអនុគ្រោះសម្រាប់សហគ្រិននៃប្រទេសទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ រដ្ឋាភិបាលម៉ារ៉ុកបានសម្តែងបំណងប្រាថ្នារបស់ខ្លួនគឺចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន ហើយនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរកាន់តែអភិវឌ្ឍ។

នៅក្នុងជំនួបនេះលោក Vo Van Thuong បានអះអាងអំពីគោលនយោបាយដោយមិនងាករេរបស់បក្ស និងរដ្ឋ វៀតណាម គឺចង់ពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរក្សា និងការពង្រីកទំនាក់ទំនងជាមួយមិត្តភក្តិប្រពៃណីដែលក្នុងនោះចាត់ទុក ម៉ារ៉ុក គឺជាការអាទិភាពមួយក្នុងចំណោមអាទិភាពនានានៅអាហ្រ្វិកខាងជើង។ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្ពានតភ្ជាប់មួយដើម្បី ម៉ារ៉ុក អាចពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ជាពិសេសក្នុងបរិបទឆ្នាំ ២០២០  វៀតណាមនឹងធ្វើជាប្រធានប្តូរវេនអាស៊ាន។

ដោយយល់ស្របជាមួយនឹងការវាយតម្លៃរបស់នាយករដ្ឋមន្រ្តីម៉ារ៉ុកអំពីសក្តានុពលដ៏ច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោក Vo Van Thuong  បានសម្តែងនូវបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេស ម៉ារ៉ុក លើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ វប្បធម៌ ថាមពលស្អាត និងកសិកម្មជាដើម។ ទន្ទឹមនឹងនោះលោក Vo Van Thuong ក៏បានសង្ឃឹមថា នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល ម៉ារ៉ុក នឹងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

នាថ្ងៃដដែល ក្នុងជំនួបជាមួយប្រធានរដ្ឋសភា Marib Habib El Malki លោក Vo Van Thuong បានសម្តែងនូវការសង្ឃឹមថា ប្រធានរដ្ឋសភានឹងយកចិត្តទុកដាក់ជាងនេះទៅទៀតដល់ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋសភា ការត្រួតពិនិត្យ និងការជួយសម្រួលដល់រាល់កិច្ចព្រមព្រៀងស្តីពីកិច្ចសហការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ ដើម្បីឱ្យមានប្រសិទ្ធភាព។

ក្នុងជំនួប លោក Habib El Malki Moroccan House បានស្វាគមន៍ និងយល់ស្របជាមួយរាល់សំណើរបស់លោក Vo Van Thuong ហើយអះអាងថា លោកនឹងធ្វើការសម្របសម្រួលជាមួយរដ្ឋាភិបាលដើម្បីបង្កើតយន្តការត្រួតពិនិត្យលើរាល់សកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូសមាជិករដ្ឋសភាវៀតណាម និងម៉ារ៉ុក។ រដ្ឋសភា ម៉ារ៉ុក ចង់ឱ្យវៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ម៉ារ៉ុកចង់ក្លាយទៅជាអ្នកសង្កេតការណ៍នៃវេទិកាអន្តរសភាអាស៊ាននាពេលឆាប់ៗខាងមុខនេះដើម្បីអាចផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយតំបន់អាស៊ីអាគ្នេយ៍។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនាថ្ងៃទី១៧  ខែមិថុនា លោក Vo Van Thuong ក៏បានជួបប្រជុំការងារជាមួយប្រធានក្រុមប្រឹក្សាតំបន់ Casablanca និងអភិបាលខេត្ត Casablanca ផងដែរ។

គួរឲ្យរំលឹកដែរថា លោក  Vo Van Thuong ក៏បានជួបពិភាក្សាការងារជាមួយមេដឹកនាំគណបក្សចំនួន៤ ដែលជាសម្ព័ន្ធមិត្នាកាន់អំណាចនៅម៉ារ៉ុក។ ដោយមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សនយោបាយនានានៅម៉ារ៉ុក លោក Vo Van Thuong និងថ្នាក់ដឹកនាំគណបក្សទាំងនេះបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រក្សានូវរាល់យន្តការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ហើយនិងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងបណ្តាអង្គការរបស់គណបក្សដូចជាអង្គការយុវជន អង្គការនារី  ក៏ដូចជារាល់សកម្មភាពខាងការទូតប្រជាជន។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Vo Van Thuong ក៏បានជួបនិងធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងផ្សព្វផ្សាយរបស់ម៉ារ៉ុកលោក Mohamed Laarej ផងដែរ៕

បកប្រែដោយ Minh Trung