ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតា មុនពេលដំណើរទស្សនកិច្ចរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមទៅកាន់ប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែធ្នូ លោក Anjaiah បានចាត់ទុកថា ក្នុងបរិបទពិភពលោកផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងឥណ្ឌូនេស៊ី និងវៀតណាមកំពុងស្វែងរកវិធីសាស្រ្ត និងអភិក្រមថ្មីៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព ធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

លោក Anjaiah បានសង្កត់ធ្ងន់ថា៖ “ទំនាក់ទំនងមិត្តភាពឥណ្ឌូនេស៊ី-វៀតណាមគឺរឹងមាំ និងយូរអង្វែង។ ប្រទេសទាំងពីរមិនត្រឹមតែជាមិត្តល្អ អ្នកជិតខាងដែនសមុទ្រប៉ុណ្ណោះទេ ថែមទាំងជាដៃគូយុទ្ធសាស្ត្រទៀតផង។ វៀតណាមជាមិត្តដ៏គួរឲ្យទុកចិត្តរបស់ឥណ្ឌូនេស៊ី“។

leftcenterrightdel
លោក Veeramalla Anjaiah អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍ (CSEAS) (រូបថត៖ vnanet.vn)

យោងតាមលោក Anjaiah ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីនេះ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ការស្តារឡើងវិញក្រោយ Covid-19 ស្ថានភាពនៅសមុទ្រខាងកើត បញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏នឹងពិភាក្សាអំពីវិធានការជំរុញពាណិជ្ជកម្មទ្វេភាគី និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ឱកាសវិនិយោគក្នុងប្រទេសទាំងពីរ និងវិធីជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនតាមរយៈទេសចរណ៍ក៏នឹងត្រូវបានយកមកពិភាក្សាផងដែរ។ ភាគីទាំងពីរក៏អាចពិភាក្សាអំពីវឌ្ឍនភាពនៃការចរចាទ្វេភាគីស្តីពីព្រំប្រទល់នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) និងអាណត្តិប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៣ របស់ឥណ្ឌូនេស៊ី។

លោក Anjaiah បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរនឹងពិនិត្យឡើងវិញនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌូនេស៊ី-វៀតណាមមុនពេលខួបលើកទី ១០ នៅឆ្នាំខាងមុខ។ លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងជួយជំរុញទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយ ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងពិចារណាលើការតម្លើងទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក Anjaiah បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺជា “ចំណុចសំខាន់” ក្នុងទំនាក់ទំនងឥណ្ឌូនេស៊ី-វៀតណាម។ នៅឆ្នាំ ២០២១ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងជួបពិភាក្សាជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។ កាលពីខែសីហា ឆ្នាំ២០២២ មក លោក Nguyen Phu Trong អគ្គលេខាបក្ស បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Joko Widodo ប្រធានាធិបតី ដោយស្នើឱ្យប្រទេសទាំងពីររឹតបន្តឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ។ កាលពីខែវិច្ឆិកា កន្លងទៅ លោក Pham Minh Chinh នាយករដ្ឋមន្រ្តី ក៏បានជួបសន្ទនាទ្វេភាគីជាមួយលោក Joko Widodo ប្រធានាធិបតី នៅខាងក្រៅនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ នៅរាជធានីភ្នំពេញផងដែរ។

ដោយវាយតម្លៃពីសក្តានុពល និងចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ លោក Anjaiah បាន​កត់សម្គាល់ថា ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ១,៣៦០ ពាន់លានដុល្លារ ប្រជាជនប្រមាណ ២៨០ លាននាក់ និងធនធានធម្មជាតិដ៏សម្បូរបែប ឥណ្ឌូនេស៊ីពិតជាប្រទេស "ពោរពេញទៅដោយចក្ខុវិស័យនិងថាមវន្ត”។

ប្រទេសទាំងពីរក៏មានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើបណ្តាវិស័យដូចជា កសិកម្ម នេសាទ ថាមពល ទេសចរណ៍ អប់រំ វប្បធម៌ និងការពារជាតិ។ ក្នុងនាមជាប្រទេសសំខាន់ៗនៅអាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ី និងវៀតណាម មានទស្សនៈស្រដៀងគ្នាអំពីការលើកកម្ពស់គោលដៅរួមនៃសហគមន៍អាស៊ាន និងរក្សាសន្តិភាព សន្តិសុខនៅក្នុងតំបន់ ជាពិសេសនៅសមុទ្រខាងកើត។

លោក Anjaiah បាននិយាយបន្ថែមទៀតថា នៅឆ្នាំ២០២១ ប្រទេសទាំងពីរបានឯកភាពគ្នារក្សាគោលជំហររួមរបស់អាស៊ាន​លើបញ្ហាសមុទ្រខាងកើត អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ប្រកបដោយប្រសិទ្ធភាព និងបញ្ចប់ការចរចាក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗ ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ក្រៅពីនោះ ប្រទេសទាំងពីរក៏មានទស្សនៈដូចគ្នាលើបញ្ហាសកលជាច្រើនដូចជា ការប្រែប្រួលអាកាសធាតុ ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅអង្គការអន្តរជាតិ៕

បកប្រែដោយ Huyen Trang