លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បានមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ នៅឆ្នាំក្រោយ ប្រទេសទាំងពីរនឹងរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។

វៀតណាមនិងជប៉ុនបានបង្កើតទំនាក់ទំនងកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៧៣។ កាលពីខែមីនា ឆ្នាំ២០១៤ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុនរបស់លោកប្រធានរដ្ឋ Truong Tan Sang ប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី។

leftcenterrightdel
រូបថតឧទាហរណ៍៖ dangcongsan.vn

អាចនិយាយបានថា ទំនាក់ទំនងរវាងវៀតណាម និងជប៉ុន កំពុងស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ដោយមានទំនុកចិត្តខ្ពស់។ មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានរក្សាដំណើរទស្សនកិច្ច និងការជួបជុំជាប្រចាំនៅវេទិកាអន្តរជាតិ និងតំបន់។ បច្ចុប្បន្ន ប្រទេសទាំងពីរនៅតែរក្សាបាននូវយន្តការសហប្រតិបត្តិការសំខាន់ៗដូចជា៖ គណៈកម្មាធិការសហប្រតិបត្តិការវៀតណាម-ជប៉ុន ដោយរដ្ឋមន្ត្រីការបរទេសទាំងពីរជាសហប្រធាន; កិច្ចសន្ទនាភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន ស្ដីពីការទូត-ការពារជាតិ-សន្តិសុខ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេស; កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុន ថ្នាក់អនុរដ្ឋមន្ត្រី; កិច្ចសន្ទនាសន្តិសុខថ្នាក់អនុរដ្ឋមន្ត្រី; គណៈកម្មាធិការចម្រុះស្តីពីពាណិជ្ជកម្ម ថាមពល និងឧស្សាហកម្ម; កិច្ចសន្ទនាកសិកម្មថ្នាក់រដ្ឋមន្ត្រី; កិច្ចសន្ទនាគោលនយោបាយដែនសមុទ្រវៀតណាម-ជប៉ុន ថ្នាក់រដ្ឋមន្ត្រី។

ក្នុងវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច ជប៉ុនជាដៃគូសេដ្ឋកិច្ចសំខាន់នាំមុខគេរបស់វៀតណាម និងជាប្រទេស G7 ដំបូងគេដែលទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម (កាលពីខែតុលា ឆ្នាំ២០១១)។ ជប៉ុនក៏ជាម្ចាស់ជំនួយ ODA ធំជាងគេ ជាអ្នកវិនិយោគទី៣ ដៃគូទេសចរណ៍ទី៣ និងជាដៃគូពាណិជ្ជកម្មធំទី៤ របស់វៀតណាម។

មកទល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរបានអនុវត្តយ៉ាងសកម្មនូវសកម្មភាពសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ ពាណិជ្ជកម្ម កសិកម្ម ការអប់រំ-បណ្តុះបណ្តាល កម្លាំងពលកម្ម ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទេសចរណ៍ កុងស៊ុល។ល។ ជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល ប្រទេសជប៉ុនជាប្រទេសមួយក្នុងចំណោមម្ចាស់ជំនួយឥតសំណងធំបំផុតផ្នែកឧស្សាហកម្មអប់រំ-បណ្តុះបណ្តាលរបស់វៀតណាម ហើយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការជាច្រើនក្នុងវិស័យនេះ។ លើសពីនេះ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសវៀតណាម និងជប៉ុនបានបន្តជំរុញយ៉ាងខ្លាំងក្លាជាមួយនឹងឯកសារស្តីពីកិច្ចសហប្រតិបត្តិការជាង ៧០ ដែលបានចុះហត្ថលេខាដែរ។

បច្ចុប្បន្ននេះ សហគមន៍អាណិកជនវៀតណាមនៅប្រទេសជប៉ុនបានកើនឡើងដល់ជាង ៤៥ ម៉ឺននាក់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងខេត្ត ក្រុងចំនួន ៤៧ របស់ជប៉ុន។

ជាពិសេស ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 មក វៀតណាម និងជប៉ុនបានសម្របសម្រួលយ៉ាងសកម្មក្នុងវិស័យបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ជប៉ុនបានផ្ដល់ជំនួយឥតសំណងវ៉ាក់សាំង Covid-19 ជាង ៧.៤ លានដូស និងទឹកប្រាក់ជាង ៤ ពាន់លានយ៉េន ជាសម្ភារៈបរិក្ខារ ជំនួយបច្ចេកទេស ដើម្បីកែលម្អប្រព័ន្ធសុខាភិបាលវៀតណាម។ ជាការឆ្លើយតប រដ្ឋាភិបាល រដ្ឋសភា និងមូលដ្ឋាននានារបស់វៀតណាមក៏បានផ្តល់ម៉ាស់ជាង ១.២ លានម៉ាស់ដល់ប្រទេសជប៉ុនផងដែរ។ មកទល់បច្ចុប្បន្ននេះ ជប៉ុនបានបន្ធូរបន្ថយបែបបទអនុញ្ញាតឱ្យប្រជាជនវៀតណាម (លើកលែងតែភ្ញៀវទេសចរ) ចូលក្នុងប្រទេសជប៉ុន។

ក្នុងបរិយាកាសរីករាយ រំភើប និងមោទនភាពចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលប្រទេសទាំងពីរសម្រេចបាននោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមលើកនេះ របស់លោកនាយករដ្ឋមន្ត្រី Kishida Fumio ក្នុងគោលបំណងជំរុញទំនាក់ទំនងវៀតណាម-ជប៉ុន ឲ្យកាន់តែស៊ីជម្រៅថែមទៀត ជំរុញការអនុវត្តនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh កាលពីខែវិច្ឆិកា ឆ្នាំ ២០២១។

ជាពិសេស ប្រជាជនទីក្រុងហាណូយនិយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម បានស្វាគមន៍លោកនាយករដ្ឋមន្ត្រី Kishida Fumio ដោយជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ និងទំនាក់ទំនងដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដោយឈរលើការជឿទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងបង្កើតកម្លាំងចលករដ៏រឹងមាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ បំពេញផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang