លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកជាមួយនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនរបស់សាជីវកម្ម ដែលក្នុងនោះបញ្ហាខ្លះអាចដោះស្រាយបានភ្លាមៗ ប៉ុន្តែក៏មានបញ្ហាលំបាកខ្លះដែលវាអាស្រ័យទៅលើកត្តាជាច្រើនដូចជា យន្តការ គោលនយោបាយ និងទាក់ទិនជាមួយបរទេសផងដែរ។ រដ្ឋាភិបាលនឹងខិតខំរួមគ្នាជាមួយ PVN និងក្រសួង ស្ថាប័ន និងភ្នាក់ងារពាក់ព័ន្ធដើម្បីដោះស្រាយយ៉ាងសកម្មបំផុត ធ្វើចំណាត់ថ្នាក់ និងជ្រើសរើសបញ្ហាសំខាន់ៗជាគន្លឹះដែលមានឥទ្ធិពលធំដុំដែលងាយស្រួលធ្វើមុនគេ និងពិបាកដោះស្រាយនៅពេលក្រោយ។

រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីគ្រប់អាណត្តិតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ PVN ដើម្បីឱ្យអង្គភាពអាជីវកម្មនេះអាចអភិវឌ្ឍប្រកបដោយស្ថិរភាព ស្អាតស្អំ និងកាន់តែមានប្រសិទ្ធភាព។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលបានជួបប្រជុំជាច្រើនជាមួយ PVN លើបញ្ហាជាច្រើនដូចជាការដោះស្រាយបញ្ហាលេចធ្លោទាក់ទងនឹងរោងចក្រថាមពលកំដៅ Thai Binh 2 រោងចក្រចម្រាញ់ប្រេង Nghi Son និងបញ្ហាថាមពលផ្សេងទៀត ...

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយសាជីវកម្មជាតិប្រេង ឧស្ម័នវៀតណាម (PVN)

នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងកសាងសេដ្ឋកិច្ចឯករាជ្យប្រកបដោយស្មារតីខ្លួនទីពឹងខ្លួន ដើម្បីរួមចំណែកការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីយ៉ាងរឹងមាំ ព្រមទាំងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសហគមន៍អន្តរជាតិយ៉ាងទូលំទូលាយ។ ដូច្នេះទោះក្នុងកាលៈទេសៈណាក៏ដោយក៏ត្រូវតែធានាឱ្យបាននូវឯករាជ្យភាព ភាពជឿជាក់លើខ្លួនឯង និងតុល្យភាពនៃថាមពល មិនមែនអាស្រ័យតែលើខាងក្រៅទេ ពោលគឺត្រូវតែបំពេញឱ្យបានតម្រូវការផលិតកម្ម និងអាជីវកម្ម ការពារជាតិ សន្តិសុខ និងសន្តិសុខសង្គម...។

នាយករដ្ឋមន្រ្តីស្នើឱ្យ PVN ត្រូវតែសម្របខ្លួនទៅនឹងស្ថានភាពថ្មីយ៉ាងឆាប់រហ័ស ហើយអាចបត់បែនបាននូវបញ្ហាជាក់លាក់ មុខងារ និងសិទ្ធិអំណាចរបស់ខ្លួន រួមចំណែកដល់ការកសាងសេដ្ឋកិច្ចឯករាជ្យ និងស្មារតីពឹងផ្អែកលើខ្លួនឯង ធានាឱ្យមានតុល្យភាពថាមពល ម្ចាស់ការជំរុញការធ្វើអាជីវកម្ម និងឆ្លៀតនូវគ្រប់លក្ខណៈអំណោយផលបំផុតទាំងអស់ដើម្បីដោះស្រាយការលំបាកនិងបញ្ហាប្រឈមនានា។ អង្គភាពត្រូវតែក្តាប់ឱ្យបានច្បាស់អំពីស្ថានភាព និងដោះស្រាយបញ្ហាជាក់លាក់ និងទៀងទាត់ផង និងត្រៀមរៀបចំសម្រាប់បញ្ហារយៈពេលវែង និងបញ្ហាដែលមិននឹកស្មានដល់ដែលអាចកើតឡើងផង។ ក្នុងរយៈពេលវែង ចាំបាច់ត្រូវតែបន្តបំពេញបន្ថែម និងបំពេញយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពល យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មប្រេង និងឧស្ម័ន ហើយក្នុងពេលជាមួយគ្នានេះដែរមានសេណារីយ៉ូសម្រាប់រាល់បញ្ហាដែលមិនរំពឹងទុក និងមិននឹកស្មានដល់។

នាយករដ្ឋមន្ត្រីបានស្នើឱ្យ PVN និងស្ថាប័នពាក់ព័ន្ធនានាត្រូវតែក្តាប់ស្ថានការណ៍យ៉ាងម៉ឺងម៉ាត់ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការធានានូវការការពារជាតិ និងសន្តិសុខ រួមទាំងសន្តិសុខសេដ្ឋកិច្ច។ ប្រកាន់ខ្ជាប់ខ្ជួនយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ដាច់ណាត់ ដូចជាការរក្សាឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ប៉ុន្តែក៏មានភាពបត់បែន និងសមស្របទៅនឹងស្ថានភាពជាក់លាក់ គិតគូរពីអ្វីដែលល្អបំផុតសម្រាប់ប្រទេសជាតិ និងសម្របសម្រួលគ្នាឱ្យមានប្រសិទ្ធភាពរវាងការការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងអាយុជីវិតប្រជាពលរដ្ឋ...៕

បកប្រែដោយ Minh Trung