ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ទៅកាន់ប្រទេសស្វីសបានអះអាងនូវសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ស្វីសមានការអភិវឌ្ឍជាវិជ្ជមានជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទាក់ទងនឹងនយោបាយ-ការទូត ភាគីទាំងពីរបានជួបជុំ និងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ។ ទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងតាមរយៈដំណើរទស្សនកិច្ច និងការជួបជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ នាពេលថ្មីៗនេះ នៅខែកញ្ញា ឆ្នាំ ២០២១ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបលោកប្រធានាធិបតីស្វីស Guy Parmelin ក្នុងឱកាសចូលរួមសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ មុននោះ នៅខែសីហា ឆ្នាំ២០២១ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងការបរទេសស្វីស លោក Ignazio Cassis បានមកបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រទេសទាំងពីរបានសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។

leftcenterrightdel
ជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ វៀតណាម-ស្វីស

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងស្វីសមានការរីកចម្រើនជាច្រើនដែរ។ ស្វីសគឺជាដៃគូពាណិជ្ជកម្មសំខាន់របស់វៀតណាមនៅអឺរ៉ុប។ គិតត្រឹមខែឧសភា ឆ្នាំ ២០២១ ស្វីសមានគម្រោងវិនិយោគផ្ទាល់ចំនួន ១៧៧ នៅវៀតណាម ដោយមានដើមទុនចុះបញ្ជីសរុបប្រមាណ ១.៩  ពាន់លានដុល្លារអាមេរិក ឈរនៅលំដាប់ទី ២០ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤០ ដែលមានដើមទុនវិនិយោគផ្ទាល់នៅវៀតណាម។ ការវិនិយោគរបស់ស្វីសផ្តោតសំខាន់លើវិស័យសំណង់ វប្បធម៌ សុខាភិបាល ការអប់រំ ឧស្សាហកម្ម កសិកម្ម និងសេវាកម្មទេសចរណ៍ក្នុងមូលដ្ឋានជាច្រើននៃប្រទេសវៀតណាម។ ចាប់តាំងពីឆ្នាំ ២០២០ ការរីករាលដាលនៃជំងឺ Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៧០៦.៣ លានដុល្លារអាមេរិក ក្នុងនោះការនាំចេញសម្រេចបាន ១៨៤.៧ លានដុល្លារអាមេរិក និងការនាំចូលសម្រេចបាន ៥២១.៦ លានដុល្លារអាមេរិក។

ស្វីសគឺជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុបខាងលិចដែលបានរក្សាជំនួយអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់វៀតណាមក្នុងអំឡុង ៣ ទស្សវត្សចុងក្រោយនេះ ដោយមានថវិកាសរុបរហូតដល់ ៦០០ លានដុល្លារអាមេរិក រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម។ កាលពីខែមីនាកន្លងទៅ ប្រទេសស្វីសបានប្រកាសកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយវៀតណាមសម្រាប់ដំណាក់កាល ២០២១-២០២៤ ជាមួយនឹងទុន ODA ប្រមាណ ៨៥ លានដុល្លារអាមេរិក។ លើសពីនេះទៅទៀត វៀតណាម និងស្វីសមានសក្ដានុពលជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វប្បធម៌-ទេសចរណ៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ជាពិសេសក្នុងវិស័យផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍។

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចជាផ្លូវការនៅស្វីសរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc រួមចំណែកជំរុញទំនាក់ទំនងនយោបាយ ការទូត និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ... រវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

យើងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ទៅកាន់ប្រទេសស្វីសនឹងទទួលបានជោគជ័យយ៉ាងធំធេង រួមចំណែកបង្កើនការយល់ដឹង និងជំនឿទុកចិត្តគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាព៕

បកប្រែដោយ Huyen Trang