អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្រ្តីអាចចែករំលែកអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅឡាវរបស់ប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទេ?

អនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung៖ តាមការអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាម បានមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសឡាវចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែសីហា។  ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ ប៉ុន្តែវាមានសារៈសំខាន់នៅក្នុងទិដ្ឋភាពជាច្រើនដែលរួមចំណែកក្នុងការជំរុញយ៉ាងខ្លាំងនូវចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសជាផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម បន្ទាប់ពីមហាសន្និបាតបក្សលើកទី ១៣ និងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៥  ហើយក៏ជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Nguyen Xuan Phuc ក្នុងនាមជាប្រធានរដ្ឋថ្មីនេះ។ រីឯភាគីឡាវ នេះគឺជាគណៈប្រតិភូប្រមុខរដ្ឋបរទេសដំបូងដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសឡាវ ចាប់តាំងពីប្រទេសមិត្តបានរៀបចំមហាសន្និបាតលើកទី១១ របស់បក្សបដិវត្តន៍ប្រជាជនឡាវ និងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ៩ និងក្រុមប្រឹក្សាប្រជាជនអាណត្តិទី ២ (នៅត្រីមាសទី១ ឆ្នាំ២០២១)។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្រោយរយៈពេលជាងមួយខែបន្ទាប់ពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការប្រកបដោយជោគជ័យរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Thongloun Sisoulith។ ប្រការនេះបង្ហាញថា ប្រទេសទាំងពីរផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

ក្នុងឱកាសនេះលោកប្រធានរដ្ឋ Nguyen Xuan Phuc បានចូលរួមសកម្មភាពយ៉ាងសន្ធឹកសណ្ធាប់នៅប្រទេសឡាវ ក្នុងនោះក៏មានការអញ្ជើញចូលរួមពិធីប្រគល់អគាររដ្ឋសភាឡាវដែលជាអំណោយដ៏មានន័យរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជូនចំពោះបក្ស រដ្ឋ និងប្រជាជនឡាវផងដែរ។ ហើយនៅអាគារនេះតែម្តង លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលបានកិត្តិយសជាថ្នាក់ដឹកនាំបរទេសដំបូងដែលបានថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅចំពោះមុខរដ្ឋសភាឡាវនីតិកាលទី៩ ហើយត្រូវបានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិ និងវិទ្យុជាតិឡាវ។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ប្រធានរដ្ឋ Nguyen Xuan Phuc បានប្រកាសអំណោយបន្ថែមទៀតពីបក្ស រដ្ឋ និងប្រជាជនវៀតណាមជូនដល់បក្ស រដ្ឋ និងប្រជាជនឡាវនូវសាលារៀនមួយខ្នងដែលមានតម្លៃ ៥ លានដុល្លារអាមេរិក។ លើសពីនេះមានអំណោយពីក្រសួងស្ថាប័ន និងតំបន់នានារបស់វៀតណាមជូនចំពោះដៃគូភាគីឡាវ។

leftcenterrightdel
ពិធីជូនដំណើរមាតុភូមិនិវត្តន៍របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Wattay

អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រី វាយតម្លៃចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះយ៉ាងដូចម្តេច?

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Quoc Dung ៖ តាមរយៈកិច្ចពិភាក្សា ការជួបប្រជុំថ្នាក់ជាន់ខ្ពស់ ភាគីទាំងពីរសម្រេចបានលទ្ធផលជាក់ស្តែង និងទូលំទូលាយជាច្រើន។

ទីមួយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពខ្ពស់លើគោលការណ៍ណែនាំ និងវិធានការណ៍សំខាន់ៗដើម្បីបន្តនាំមកនូវទំនាក់ទំនងទ្វេភាគីស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែង  ជាពិសេសលើវិស័យសំខាន់ៗដូចជានយោបាយ ការពារជាតិ សន្តិសុខ អប់រំ សេដ្ឋកិច្ច វប្បធម៌ ថាមពល... ភាគីទាំងពីរក៏បានពិភាក្សាលម្អិតអំពីគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងវៀតណាម និងឡាវ ដូចជាកំពង់ផែ Vung Ang ១, ២, ៣, ផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ ព្រលានយន្តហោះ Nong Khang...

ទីពីរក្នុងការពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ និងជាពិសេសនៅក្នុងសុន្ទរកថាចំពោះមុខរដ្ឋសភាឡាវ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់លើសារថា ប្រទេសទាំងពីរវៀតណាម និងឡាវរួមគ្នាសាមគ្គី បោះជំហានទៅមុខយ៉ាងរឹងមាំឆ្ពោះទៅរកសង្គមនិយមដោយឈរលើមូលដ្ឋាន លទ្ធិម៉ាក្សនិយម-លេនីន និងមនោគមន៍វិជ្ជា ដែលមានភាពស្រដៀងគ្នាជាច្រើនរបស់លោកប្រធាន ហូ ជីមិញ និងលោកប្រធាន  Kaysone Phomvihane ។ល។

ទីបី យល់ព្រមជ្រើសរើសឆ្នាំ ២០២២ ជា “ឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម-ឡាវ” ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទីបួន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងតំបន់អាស៊ានដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ប្រកបដោយសាមគ្គីភាព មជ្ឈភាព របស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមរួមទាំងបញ្ហាសមុទ្រខាងកើត ការឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19 ...

ទីប្រាំ លទ្ធផលដ៏សំខាន់ និងជាក់ស្តែងនៃដំណើរទស្សនកិច្ចនេះក៏ត្រូវបានបង្ហាញយ៉ាងល្អិតល្អន់តាមរយៈការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៧ ក្នុងវិស័យយុត្តិធម៌ ការពារជាតិ សន្តិសុខ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការអប់រំ ការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការក្នុងតំបន់មូលដ្ឋាន...

ទីប្រាំមួយគឺ ដំណើរទស្សនកិច្ចរួមចំណែកលើកទឹកចិត្តសហគមន៍ វៀតណាម និងអាជីវកម្មវៀតណាមវិនិយោគ និងធ្វើអាជីវកម្មនៅឡាវក្នុងបរិបទដែលសហគមន៍កំពុងជួបការលំបាកជាច្រើន ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19។ ឡាវបានយល់ព្រមបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ និងអាជីវកម្មវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាពនៅឡាវដោយមានយន្តការ និងគោលនយោបាយគាំទ្រ ដើម្បីដោះស្រាយការលំបាកសម្រាប់អាជីវកម្មឧស្សាហកម្មដែលរងផលប៉ះពាល់ដោយជំងឺ Covid-19។

សរុបសេចក្តីមក ពោលគឺដោយទទួលបានលទ្ធផលយ៉ាងទូលំទូលាយ ជាក់ស្តែង ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់ប្រធានរដ្ឋ Nguyen Xuan Phuc នៅប្រទេសឡាវ គឺជាជោគជ័យដ៏ធំធេង រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស រវាងវៀតណាម និងឡាវនាពេលខាងមុខ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកជាច្រើន!

បកប្រែដោយ Minh Trung