leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម ប្រធានអាស៊ាន អញ្ជើញជាអធិបតីនៃកិច្ចប្រជុំអាស៊ានបូក​បី​ពិសេសស្តីពីជំងឺ Covid-19 (រូប​ថត៖ baoquocte.vn)

យើងជាប្រមុខរដ្ឋ / រដ្ឋាភិបាល នៃប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចិន ជប៉ុន និងកូរ៉េខាងត្បូង បានរៀបចំកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ពិសេស តាមប្រព័ន្ធវីដេអូ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងជំងឺរាតត្បាត Covid-19 នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។ លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម ប្រធានអាស៊ាន អញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះ។

ព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះ​បញ្ហាប្រឈមធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកដែលបង្កឡើងដោយជំងឺរាតត្បាត Covid-19 ចំពោះជីវភាព និងសុវត្ថិភាពរបស់ប្រជាជន និងផលប៉ះពាល់អវិជ្ជមានទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសដែលពាក់ព័ន្ធ និងពិភពលោកទាំងមូល។

សម្តែងការយោគយល់ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់អាយុជីវិត និងផលវិបាកដែលបង្កឡើងដោយជំងឺរាត​ត្បាត​សកលនេះ។

​យល់ដឹងពីការរីករាលដាលយ៉ាងឆាប់រហ័ស និងភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាត Covid-19 អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាជំងឺរាតត្បាតសកលនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ ។

សង្កត់ធ្ងន់លើការដឹងគុណ និងការគាំទ្រចំពោះអ្នកជំនាញ និងបុគ្គលិកផ្នែក​សុខាភិបាលទាំងអស់ដែលកំពុងធ្វើការនៅជួរមុខ ដោយបាន​ខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សង្គ្រោះជីវិតប្រជាជន។

ទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាជនក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត Covid-19។

ស្វាគមន៍ចំពោះវិធានការនានាដែលត្រូវបានអនុវត្តដោយអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFIs) ដែលជួយគាំទ្រដល់បណ្តាប្រទេសដែលមានតម្រូវការ តាមរយៈការប្រើប្រាស់ និងពង្រឹងវិធានការនានាដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ប្រទេសជាសមាជិកនៃស្ថាប័នទាំងនេះ។

គាំទ្រចំពោះការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដល់ប្រជាជាតិទាំងអស់ឲ្យរួមគ្នាទប់ទល់យ៉ាងខ្លាំងក្លា និងទប់ស្កាត់​ការរីករាលដាលនៃវីរុស និងដោះស្រាយការខាតបង់ខាងសេដ្ឋកិច្ចសង្គមដែលបង្កឡើងដោយ Covid- ១៩។

កត់សម្គាល់ចំពោះការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃក្រុមប្រទេស G20 ដែលមានចែងនៅក្នុងសេចក្តីប្រកាសកំពូលពិសេសនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ ក្នុងការកសាងរណសិរ្សសាមគ្គីមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពី Covid-19 ។

សង្កត់ធ្ងន់ទៅលើតួនាទីសំខាន់របស់អង្គការសុខភាពពិភពលោកក្នុងយុទ្ធនាការសកលដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃ Covid-19។ ទទួលស្គាល់ពីសារៈសំខាន់នៃការអនុវត្តវិធានការសុខាភិបាលនានាក្នុងបទប្បញ្ញត្តិស្ដីពីសុខាភិបាលអន្តរជាតិ ឆ្នាំ២០០៥ និងសង្កត់ធ្ងន់លើតំរូវការនៃការគ្របដណ្តប់សុខភាពសកល (UHC) ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដូចជា Covid-19។

យល់ដឹងពីតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ានបូក ៣ ចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពនៅអាស៊ីបូព៌ា។ សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល និងយន្តការសហប្រតិបត្តិការលើផ្នែកសុខាភិបាលនានាដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខាភិបាលសាធារណៈ រួមទាំងកិច្ចសហប្រតិបត្តិការប្រកដោយជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ SARS នៅឆ្នាំ ២០០៣ ផងដែរ។

សូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមាន និងទាន់ពេលវេលា នៃបណ្តាបណ្តាញសហប្រតិបត្តិការផ្នែកសុខាភិបាលនៃអាស៊ាន​បូក ៣ និងរវាងដៃគូបូក៣នានា ដែលរួមគ្នាទប់ទល់នឹង Covid-១៩ តាំងពីពេលចាប់ផ្តើមនៃការផ្ទុះជំងឺ។

ពេញចិត្តកត់សម្គាល់ចំពោះលទ្ធផលគូរឲ្យកត់សម្គល់នានាពីកិច្ចប្រជុំឧត្តមមន្រ្តីសុខាភិបាលអាស៊ានបូក៣ ពិសេស តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២០ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសចិន - ជប៉ុន - កូរ៉េ ខាងត្បូង ពិសេស តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូក ៣ ពិសេស តាមប្រព័ន្ធវីដេអូ ស្តីពីបញ្ហា Covid-១៩ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ ។

កត់សម្គល់ចំពោះសេចក្តីសម្រេចចិត្តផ្អាកការរៀបចំព្រឹត្តិការណ៍សំខាន់ៗមួយចំនួន រួមមានព្រឹត្តិការណ៍កីឡាអូឡាំពិក និង​ប៉ារ៉ា​ឡាំ​ពិក​។

ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ប្រធានអាស៊ាននៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ និងសេចក្តីប្រកាសរបស់កិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពី Covid-១៩ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលបង្ហាញពីការប្តេជ្ញាចិត្តពីថ្នាក់ដឹកជាន់ខ្ពស់របស់អាស៊ានចំពោះការទប់ទល់នឹងការរីករាលដាលនៃ Covid-19 លើកកម្ពស់ស្មារតីនៃអាស៊ានមួយដែល​"រួបរួមគ្នា និងបន្សាំខ្លួនយ៉ាងសកម្ម"។ គាំទ្រដល់វិធីសាស្រ្តពហុវិស័យ ដោយមានការចូលរួមពីភាគីជាច្រើន និងសហគមន៍អាស៊ានទាំងមូល ក្នុងការដោះស្រាយបញ្ហាប្រឈមលើគ្រប់ជ្រុង​ជ្រោយដែលបានបង្កឡើងដោយ Covid-19 ។

បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការពង្រឹងសាមគ្គីភាព ជំរុញកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសអាស៊ានបូក៣ ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតសកល ដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតចំពោះសង្គម និងសេដ្ឋកិច្ច។

ដើម្បីសម្រេចបានគោលដៅទាំងនេះយើងប្តេជ្ញាចិត្តថា៖

១. ពង្រឹងប្រព័ន្ធព្រមាន​ក្នុងតំបន់ស្តីពីជំងឺរាតត្បាតសកល និងជំងឺផ្សេងៗទៀត ក៏ដូចជាផ្លាស់ប្តូរព័ត៌មានឱ្យបានទៀងទាត់ ឆាប់រហ័ស និងមានតម្លាភាព​អំពី​ស្ថានភាពជាក់ស្តែង និងវិធានការនានាដែលត្រូវបានអនុវត្តន៍ដោយប្រទេសនីមួយៗក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19; ការចែករំលែកបទពិសោធន៍ ពង្រីកជំនួយបច្ចេកទេសដល់គ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីក​រាល​ដាល​ ក៏ដូជាការព្យាបាលចំពោះករណីឆ្លង។ គាំទ្រចំពោះការការទប់ទល់យ៉ាងខ្លាំងក្លា និងការសម្របសម្រួលគ្នាក្នុងការគ្រប់គ្រង និងការ​ព្យាបាល ដើម្បីទាញយកប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តវិធានការទប់ស្កាត់ Covid-19 ប្រកបដោយប្រសិទ្ធភាព និង​ស្របនឹងភាពធ្ងន់ធ្ងរ និងការកើតឡើងជាបន្តបន្ទាប់របស់ជំងឺរាតត្បាតនៅតាមបណ្តាប្រទេសជាសមាជិក និងក្នុងតំបន់ដែលបានណែនាំដោយ៖ ការវាយតម្លៃលើហានិភ័យជាតិ របាយការណ៍ជាប្រចាំនានាស្តីពីការវាយតម្លៃលើហានិភ័យនៃការផ្ទុះជំងឺ Covid-19 នៅលើពិភពលោក និងនៅក្នុងតំបន់អាស៊ាន រួមទាំងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនានារបស់ឧត្តមមន្ត្រីសុខាភិបាលអាស៊ានបូក ៣ ស្តីពីបញ្ហាយុទ្ធសាស្ត្រ និងគោលនយោបាយ និងបណ្តាញនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះអាសន្នអាស៊ាន (EOC) ស្តីពីបញ្ហាបច្ចេកទេស។

២. ប្ដេជ្ញាចិត្តកសាងសមត្ថភាពសម្រាប់ប្រព័ន្ធសុខាភិបាលជាតិ និងតំបន់ ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងការរាតត្បាត ការការពារបុគ្គលិកសុខាភិបាលជួរមុខ និងធានាការចែកចាយផ្គត់ផ្គង់គ្រឿងវេជ្ជសាស្ត្រអោយបានគ្រប់គ្រាន់ ជាពិសេសឧបករណ៍ធ្វើរោគវិនិច្ឆ័យ ឧបករណ៍ការពារផ្ទាល់ខ្លួន និងឧបករណ៍វេជ្ជសាស្ត្រនានាដែលប្រកាន់ខ្ជាប់នូវគោលបំណងនៃប្រសិទ្ធភាព សុវត្ថិភាព និងភាពងាយស្រួល។

៣. ពិចារណារៀបចំការបម្រុងទុកការផ្គត់ផ្គង់វេជ្ជសាស្ត្រសំខាន់ៗរបស់អាស៊ានបូកបី ដែលអាចជួយឆ្លើយតបយ៉ាងឆាប់រហ័សចំពោះតម្រូវការបន្ទាន់។ លើកទឹកចិត្តការប្រើប្រាស់កន្លែងបម្រុងបន្ទាន់ក្នុងតំបន់ដែលមានស្រាប់ រួមមានឃ្លាំងដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA) ព្រមទាំងគ្រប់គ្រងនិងពិចារណាលើការប្រើប្រាស់មូលនិធិបំរុងអង្ករសង្គ្រោះបន្ទាន់អាស៊ានបូក ៣ (APTERR).

៤. គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរួមនៃបណ្តាញសហប្រតិបត្តិការសុខាភិបាលអាស៊ានបូក៣ និងអាស៊ាន ដើម្បីបង្កើនសមត្ថភាពក្នុងការទប់ស្កាត់ រកឃើញ និងទប់ទល់ចំពោះការគំរាមកំហែងដល់សុខភាពសាធារណៈ ដោយផ្អែកលើការអនុវត្តបទប្បញ្ញត្តិស្តីសុខាភិបាលអន្ដរជាតិ (IHR) ឆ្នាំ២០០៥ និងតាមរយៈយន្ដការដែលមានស្រាប់ រួមទាំងបណ្តាញមជ្ឈមណ្ឌលគ្រប់គ្រងគ្រាអាសន្នអាស៊ាន (EOC) និងមជ្ឈមណ្ឌលនិម្មិត (EOC) អាស៊ានផងដែរ។

៥. បង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រលើការស្រាវជ្រាវអំពីរោគរាតត្បាត តាមរយៈបណ្តាញបណ្តុះបណ្តាលផ្នែករោគរាតត្បាតអាស៊ាន+៣ (FETN) ដោយសហការជាមួយវិស័យឯកជនដើម្បីស្រាវជ្រាវ អភិវឌ្ឍ ផលិត និងចែកចាយថ្នាំធ្វើរោគវិនិច្ឆ័យ និងវ៉ាក់សាំងប្រឆាំងវីរុស ប្រកាន់ខ្ជាប់នូវគោលដៅនានាអំពីប្រសិទ្ធភាព សុវត្ថភាព តុល្យភាព លទ្ធភាពប្រើប្រាស់ និងការទូទាត់ ក៏ដូចជាការចែករំលែកយ៉ាងសកម្ម និងការ​ទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់វិធានការដោះស្រាយដោយផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីប្រឆាំងនឹង Covid-19 ។

៦. លើកទឹកចិត្តការគាំទ្រ  និងការជួយគ្នាទៅវិញទៅមករវាងប្រទេសអាស៊ាន និងបណ្តាប្រទេសអាស៊ានបូកបីក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខាភិបាលសាធារណៈ រួមមានការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលសាធារណៈ ការផ្ដល់អាហារូបករណ៍និងកម្មវិធីសិក្សាសម្រាប់និស្សិតមកពីប្រទេសសមាជិកអាស៊ាន ដើម្បីសិក្សានៅសាលាពេទ្យនៃប្រទេសបូកបី។

៧. ព្យាយាមធានាឲ្យបាននូវការផ្ដល់ហិរញ្ញប្បទានគ្រប់គ្រាន់ក្នុងការទប់ទល់នឹងការរាតត្បាត ការការពារប្រជាពលរដ្ឋ រួមទាំងការដាក់ចេញ ការបង្កើតមូលនិធិទប់ទល់របស់អាស៊ានក្នុងការឆ្លើយតបទៅនឹងភាពបន្ទាន់នៃសុខភាពសាធារណៈ តាមរយៈការស្នើសុំមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកមួយ និងមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី និងការជួយគាំទ្របន្ថែមពីដៃគូនានារបស់អាស៊ាន។

៨. លើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីផ្ដល់ការគាំទ្រ និងជំនួយសមស្របដល់ប្រជាពលរដ្ឋនៃបណ្ដាប្រទេសអាស៊ានបូកបី ដែលកំពុងស្នាក់នៅ បំពេញការងារ និងសិក្សាក្នុងបណ្ដាប្រទេសអាស៊ានបូកបី ដោយធានាសុវត្ថិភាព និងសមត្ថភាពចំពោះអ្នកដែលរងផលប៉ះពាល់ដោយជំងឺកូរវីដ១៩។

៩. ជំរុញបន្ថែមការលើកកម្ពស់ទំនាក់ទំនងសាធារណៈប្រកបដោយប្រសិទ្ធភាព ធានាតម្លាភាព និងផ្ដល់ព័ត៌មានជាក់លាក់ដល់សាធារណជន។

១០. បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបើកទីផ្សារសម្រាប់ការធ្វើ​ពាណិជ្ជកម្ម និងការវិនិយោគ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន+៣ ដើម្បីធានាសន្តិសុខស្បៀង ដូចជាការប្រើប្រាស់មូលនិធិបំរុងអង្ករសង្គ្រោះបន្ទាន់របស់អាស៊ាន+៣ ​និងបង្កើនលទ្ធភាពស្តារឡើងវិញ និងនិរន្តរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេសទំនិញសំខាន់ៗ ដូចជាស្បៀងអាហារ គ្រឿងប្រើប្រាស់ ឱសថ និងសំភារៈបរិក្ខារពេទ្យតាមរយៈប្រតិបត្តិការយ៉ាង​រលូននៃបណ្តាញភស្តុភារ ព្រមទាំងធានាថាវិធានការចាំបាច់ដើម្បីឆ្លើយតបនឹងស្ថានភាពសុខភាពសាធារណៈបន្ទាន់នឹងត្រូវបានអនុវត្តដោយសមស្រប មានតម្លាភាព ជាបណ្តោះអាសន្ន ហើយនឹងមិនបង្កើតឧបសគ្គដែលមិនចាំបាច់ចំពោះការធ្វើពាណិជ្ជកម្ម ឬរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ស្របតាមបទប្បញ្ញត្តិនានារបស់អង្គការពាណិជ្ជកម្ម ពិភពលោក។

១១. លើកទឹកចិត្តដល់ការថែរក្សាការតភ្ជាប់សំខាន់ៗនៅក្នុងតំបន់ ដោយផ្តល់ការជួយគាំទ្រឱ្យបានច្រើនតាមដែលអាចធ្វើទៅបានសម្រាប់ការធ្វើដំណើរចាំបាច់របស់ប្រជាជន រួមទាំងការធ្វើដំណើរទៅបំពេញការងារ ព្រមទាំងធានាសុវត្ថិភាព សុខភាពសាធារណៈ ដោយស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមដោយ Covid-19។

១២. បញ្ជាក់សារជាថ្មីការប្ដេជ្ញាចិត្តដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកផែនការស្ដារឡើងវិញក្រោយការរាតត្បាត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ដាកំណើនឡើងវិញ រក្សាស្ថិរភាពទីផ្សារ និងទប់ស្កាត់ហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។

១៣. អនុវត្តវិធានការសមស្របនិងចាំបាច់ដើម្បីលើកកម្ពស់ទំនុកចិត្តទីផ្សារសម្រាប់​បីកែលម្អស្ថិរភាព និងលទ្ធភាពខ្លួនទីពឹងខ្លួននៃសេដ្ឋកិច្ចក្នុងតំបន់តាមលក្ខណៈដែលមានការផ្តល់អាទិភាព និងការសម្របសម្រួល តាមរយៈការជម្រុញសេដ្ឋកិច្ច និង​ជួយគាំទ្រដល់ប្រជាជន និងសហគ្រាសដែលរងផលប៉ះពាល់ដោយ Covid-19 ជាពិសេសសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSMEs) និងក្រុមងាយរងគ្រោះ។ ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា និងពាណិជ្ជកម្មឌីជីថល ដើម្បីជួយសហគ្រាស ជាពិសេសសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យមក្នុងការរក្សាប្រតិបត្តិការ។

១៤. ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពនៃផលិតកម្ម និងការផ្គត់ផ្គង់ទំនិញនិងសេវាកម្មចាំបាច់ រួមមានឧបករណ៍វេជ្ជសាស្ត្រ ផលិតផលកសិកម្មសំខាន់ៗ និងរក្សាចរាចរទំនិញ និងសេវាកម្ម និងធានាបាននូវការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងនិងក្រៅតំបន់តាមយៈការធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានភាពបត់បែន មាននិរន្តរភាព និងមិនងាយរងគ្រោះ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង​ក្នុងសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំទាំងឡាយស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៩ ។

១៥. រក្សាការប្រុងប្រយ័ត្នចំពោះហានិភ័យដែលអាចកើតមានចំពោះស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ សម្របសម្រួលគោលនយោបាយ និងជួយគាំទ្រដល់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) តាមដានស្ថានភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ចក្នុងតំបន់ ផ្តល់ការវាយតំលៃលើហានិភ័យ និងផ្តល់គោលនយោបាយឲ្យទាន់ពេលវេលា។ បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការត្រៀមគ្រប់លក្ខណៈសម្រាប់កិច្ចព្រមព្រៀងស្តីពីពហុភាគីនីយកម្មនូវគំនិតផ្តួចផ្តើម​ឈៀង ម៉ៃ (CMIM) និងកិច្ចព្រមព្រៀងស្តី​ពី​ហិរញ្ញវត្ថុក្នុងតំបន់ (RFA) ជាវេទិកាដែលអាចទុកចិត្តបាននៅក្នុងបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុសកល។

១៦.  ប្ដេជ្ញាធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក អង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងជាសកល ដើម្បីទប់ស្កាត់ការរីករាលដាល និងបញ្ចប់ការរាតត្បាត ខណៈដែលកំពុងដោះស្រាយនូវផលវិបាកសង្គម និងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩ ការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាកំណើនប្រកបដោយចីរភាព។

១៧. រក្សាការរូបរួមគ្នាដោយមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈដើម្បីចាត់វិធានការផ្សេងទៀតតាមតម្រូវការ។

១៨. ណែនាំអោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី ធ្វើជាអង្គភាពសម្របសម្រួលជាស្នូលដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានបូកបី ដើម្បីតាមដានការអនុវត្តការប្ដេជ្ញាចិត្ត និងកិច្ចព្រមព្រៀងនានា ដែលបានគូសបញ្ជាក់ក្នុងសេចក្តីប្រកាសនេះ៕

បកប្រែដោយ Duy Hoan