វៀតណាមទទួលយកការអញ្ជើញចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា
កប.អនឡាញ - នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានផ្ញើលិខិតជូនចំពោះលោក To Lam អគ្គលេខាបក្ស និងវៀតណាម អញ្ជើញចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា ក្នុងនាមជាប្រទេសសមាជិកស្ថាបនិក រួមជាមួយសហគមន៍អន្តរជាតិ ដើម្បីជម្រុញដំណោះស្រាយសន្តិភាពប្រកបដោយចីរភាពចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។
ឆ្លើយតបទៅនឹងការអញ្ជើញរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកនោះ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថាជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺគាំទ្រ និងតែងតែត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ ឆ្ពោះទៅរកដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ គោរពសិទ្ធិជាមូលដ្ឋានរបស់គ្រប់ភាគីពាក់ព័ន្ធ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតី ត្រាំ ក្នុងខែកក្កដា ឆ្នាំ២០២៥ (រូបថត៖ VNA) |
វៀតណាមជឿជាក់ថា ការបង្កើតក្រុមប្រឹក្សាសន្តិភាព គឺជាជំហានចាំបាច់មួយ ដើម្បីអនុវត្តផែនការសន្តិភាពតំបន់ហ្គាហ្សា ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងសេចក្តីសម្រេចចិត្តលេខ ២៨០៣ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយស្វាគមន៍បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិចូលរួមក្រុមប្រឹក្សាសន្តិភាព ដើម្បីលើកកម្ពស់សន្តិភាព ជំនួយមនុស្សធម៌ និងការកសាងឡើងវិញនៅតំបន់ហ្គាហ្សា។
ក្នុងស្មារតីនោះ លោក To Lam អគ្គលេខាបក្ស បានទទួលយកការអញ្ជើញចូលរួមក្រុមប្រឹក្សាសន្តិភាព និងបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចចូលរួមក្នុងនាមជាប្រទេសសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពរួមជាមួយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ចូលរួមចំណែកជាវិជ្ជមាន ឆ្ពោះទៅរកដំណោះស្រាយរយៈពេលវែង និងទូលំទូលាយ ចំពោះដំណើរការសន្តិភាពមជ្ឈិមបូព៌ា រួមទាំង ការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ ដែលរួមរស់ដោយសន្តិភាព នៅក្បែររដ្ឋអ៊ីស្រាអែល។
នៅក្នុងលិខិតនោះ លោក To Lam អគ្គលេខាបក្ស ក៏បានស្នើឱ្យវៀតណាម និងសហរដ្ឋអាមេរិកបន្តសហការគ្នា ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ស្របតាមតម្រូវការ និងអាទិភាពរបស់ភាគីទាំងពីរ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ធានាផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនីមួយៗ រួមចំណែកវិជ្ជមានដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan