នៅក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់បន្តជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយបេឡារុស។

លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានសាកល្បងតាមពេលវេលា ឆ្លងកាត់ការឡើងចុះជាច្រើននៃប្រវត្តិសាស្ត្រ និងកសាងលើទំនុកចិត្តនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាគីទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើននាពេលខាងមុខ។ ភារកិច្ចរបស់ស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរគឺអនុវត្តយ៉ាងសកម្មនូវកិច្ចសន្យា និងកិច្ចព្រមព្រៀងកម្រិតខ្ពស់ ពង្រឹងខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រតាមរយៈគម្រោងសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យដែលភាគីទាំងពីរមានសក្តានុពល ប្រៀបខ្លាំង និងតម្រូវការ ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ក៏ដូចជាវិស័យថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI) ប្លុកឆេន សន្តិសុខតាមអ៊ីនធឺណិត... ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដោយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោក A. Volfovich លេខាធិការក្រុមប្រឹក្សាសន្តិសុខបេឡារុស (រូបថត៖ vnanet.vn)

ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ លោក To Lam អគ្គលេខាបក្ស បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដ៏សំខាន់ ស្របតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ច្បាប់របស់ប្រទេសនីមួយៗ និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវហានិភ័យសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី រួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

ស្តីពីទំនាក់ទំនងទ្វេភាគីក្នុងវិស័យផ្សេងៗទៀត លោក To Lam អគ្គលេខាបក្ស មានសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក រួមទាំងការបើកផ្លូវហោះហើរត្រង់ពីទីក្រុង Minsk ទៅកោះ Phu Quoc នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ និងទំហំពាណិជ្ជកម្មក្នុងរយៈពេល៩ ខែដំបូងនៃឆ្នាំ២០២៥ បានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូរវាងប្រទេសទាំងពីរនៅគ្រប់លំដាប់ថ្នាក់ និងគ្រប់បណ្តាញក្នុងរយៈពេលកន្លងមក ដែលបង្ហាញពីទំនាក់ទំនងនៃការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោក A. Volfovich លេខាធិការក្រុមប្រឹក្សាសន្តិសុខបេឡារុសបានរាយការណ៍ជូនលោក To Lam អគ្គលេខាបក្ស អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងការផ្លាស់ប្តូរ ការជួបជុំជាមួយភ្នាក់ងារ និងអង្គការផ្សេងទៀត។ លោក A. Volfovich បានមានប្រសាសន៍ថា ការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសបេឡារុស បានសម្គាល់ជំហានអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី ដោយបង្កើតសន្ទុះ និងគំនាស់សម្រាប់ភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោក A. Volfovich បានអះអាងថា ប្រទេសបេឡារុសចាត់ទុកប្រទេសវៀតណាមជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ ព្រមទាំងឯកភាពជំរុញវិស័យសហប្រតិបត្តិការដែលភាគីទាំងពីរមានសក្តានុពល និងប្រៀបខ្លាំង ដូចដែលលោក To Lam អគ្គលេខាបក្ស បានលើកឡើង។

លោក A. Volfovich បានបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខបេឡារុស នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បេឡារុស ឲ្យកាន់តែស៊ីជម្រៅថែមទៀត និងនាំមកនូវលទ្ធផលជាក់ស្តែង៕

បកប្រែដោយ Huyen Trang