នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អ និងរឹងមាំនៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមកនេះ ជាពិសេសបន្ទាប់ពីតម្លើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៩។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋ និងព្រះចៅស៊ុលតង់ Haji Hassanal Bolkiah |
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនាពេលខាងមុខ តាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ច ជំនួបកម្រិតខ្ពស់និងគ្រប់លំដាប់ថ្នាក់ ជម្រុញទំនាក់ទំនងតាមរយៈបណ្តាញរដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជន ដើម្បីលើកកម្ពស់ទំនុកចិត្តផ្នែកនយោបាយ ការយោគយល់គ្នាទៅវិញទៅមក បន្តរក្សានិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី សហការអនុវត្តកម្មវិធីសកម្មភាពស្ដីពីការអនុវត្តទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ប្រ៊ុយណេសម្រាប់ដំណាក់កាល ២០២៣-២០២៧។
លោក Luong Cuong ប្រធានរដ្ឋ និងព្រះចៅស៊ុលតង់ Haji Hassanal Bolkiah បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែមានសក្តានុពល និងមានឱកាសច្រើន ហើយឯកភាពសហការយ៉ាងជិតស្និទ្ធដើម្បីទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងទ្វេដងក្នុងរយៈពេលដ៏ខ្លីបំផុត តាមរយៈវិធានការជំរុញពាណិជ្ជកម្ម និងវិនិយោគ ការបង្កើនការតភ្ជាប់ធុរកិច្ច ការផ្លាស់ប្តូរព័ត៌មានអំពីគោលនយោបាយ និងទីផ្សារ ជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល ការធ្វើបរិវត្តកម្មបៃតង សេដ្ឋកិច្ចវិលជុំ...
ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងបរិបទនៃស្ថានភាពតំបន់ដែលមានបញ្ហាប្រឈមជាច្រើន និងឯកភាពចែករំលែកបទពិសោធន៍ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។ ភាគីទាំងពីរក៏បានចាត់ទុកកិច្ចសហប្រតិបត្តិការនៅសមុទ្រជាវិស័យសំខាន់មួយដែលគប្បីជម្រុញនៅពេលខាងមុខ ដោយស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យនេសាទ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្ដីពីការប្រើប្រាស់ខ្សែទូរស័ព្ទទាន់ហេតុការណ៍ដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀង ការសន្ទនា ចែករំលែកបទពិសោធន៍ ផ្ដល់ព័ត៌មាន និងដោះស្រាយបញ្ហាប្រឈមសន្តិសុខនៅសមុទ្រ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពនៅសមុទ្រ។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗផ្សេងទៀតដូចជា ការអប់រំ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីរួមចំណែកបង្កើនការតភ្ជាប់ និងការយោគយល់គ្នាទៅវិញទៅមក រួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី។
ចំពោះបញ្ហាអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងសកម្មរបស់ប្រទេសទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងយន្តការពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងអាស៊ាន ហើយឯកភាពពង្រឹងសាមគ្គីភាពក្នុងអាស៊ាន និងរួមជាមួយប្រទេសអាស៊ាន ចូលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសន្យាថានឹងរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសហប្រតិបត្តិការនៅសមុទ្រ នេសាទ ការបង្ការ និងទប់ស្កាត់ការនេសាទខុសច្បាប់ IUU។
* នៅយប់ថ្ងៃដដែលនោះ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (ទីក្រុងហាណូយ) លោក Luong Cuong ប្រធានរដ្ឋ បានរៀបចំពិធីលៀងសាយភោជន៍ថ្នាក់រដ្ឋជូនចំពោះព្រះចៅស៊ុលតង់ Haji Hassanal Bolkiah និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសប្រ៊ុយណេ។
* នៅថ្ងៃទី១ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបជាមួយព្រះចៅស៊ុលតង់ Haji Hassanal Bolkiah។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេនាពេលកន្លងមកនេះ។ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យបន្តផ្តល់អាទិភាពដល់វិស័យសំខាន់ៗមួយចំនួន។ ទីមួយ បន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី បន្តអនុវត្តកម្មវិធីសកម្មភាពស្ដីពីអនុវត្តទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេដំណាក់កាល ២០២៣-២០២៧ ប្រកបដោយប្រសិទ្ធភាព។ ទីពីរ ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យអាទិភាពដូចជា ប្រេង និងឧស្ម័ន សារធាតុគីមី ការកែច្នៃអាហារហាឡាល់ ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ ទីបី ពង្រឹងកិច្ចសហប្រតិបត្តិការនៅសមុទ្រ ជាពិសេសក្នុងការរុករកជលផល និងចែករំលែកព័ត៌មានអំពីការអនុវត្តច្បាប់នៅសមុទ្រ។ ទីបួន ពង្រីកការផ្លាស់ប្តូរវប្បធម៌ កីឡា និងការអប់រំ លើកកម្ពស់ការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសបង្កើនការតភ្ជាប់រវាងគ្រឹះស្ថានអប់រំ ការផ្លាស់ប្តូរនិស្សិត និងការស្រាវជ្រាវរួមគ្នា។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងព្រះចៅស៊ុលតង់ Haji Hassanal Bolkiah អញ្ជើញទស្សនាការតាំងពិព័រណ៍រូបថតស្តីពីទំនាក់ទំនងវៀតណាម-ប្រ៊ុយណេ |
ដោយយល់ស្របនឹងសំណើរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah ក៏បានស្នើឲ្យប្រទេសទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ការរុករកជលផល ហាឡាល់ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយជឿជាក់ថាឯកសារដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត។
អំពីបញ្ហាតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិដូចជាអាស៊ាន និងអង្គការសហប្រជាជាតិ។
* នៅថ្ងៃទី ១ ខែធ្នូ នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានជួបជាមួយព្រះចៅស៊ុលតង់ Haji Hassanal Bolkiah។
    |
 |
|
លោក Tran Thanh Man ប្រធានរដ្ឋសភា និងព្រះចៅស៊ុលតង់ Haji Hassanal Bolkiah |
នៅក្នុងជំនួបនេះ ព្រះចៅស៊ុលតង់ Haji Hassanal Bolkiah បានអបអរសាទរខួបលើកទី ៨០ នៃទិវាបង្កើតរដ្ឋសភាវៀតណាម នៅខែមករា ឆ្នាំ២០២៦។ ព្រះចៅស៊ុលតង់ បានឲ្យដឹងថា ការដែលស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ជាប្រចាំ បានរួមចំណែកដល់ការជម្រុញឲ្យទំនាក់ទំនងសហប្រតិបត្តិការសភាកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ ព្រះចៅស៊ុលតង់ បានស្នើថា នាពេលខាងមុខ ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាសហការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិ។ លោក Tran Thanh Man ប្រធានរដ្ឋសភាបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងក្រុមប្រឹក្សានីតិបញ្ញត្តិប្រ៊ុយណេនាពេលខាងមុខ។
ភាគីទាំងពីរក៏បានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងសាមគ្គីភាព និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន ចែករំលែកជំហររួមក្នុងការរក្សាសន្តិភាព ស្ថិរភាព ការគោរពច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982 ក្នុងបញ្ហាសមុទ្រខាងកើត ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍតំបន់ និងផលប្រយោជន៍រួមរបស់ប្រជាជននៃបណ្ដាប្រទេសអាស៊ាន៕
បកប្រែដោយ Thuy Anh