ពិធីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងគុយបា
កប.អនឡាញ - នាយប់ថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ ស្ថានទូតគុយបាប្រចាំនៅវៀតណាមបានរៀបចំពិធីលៀងសាយភោជន៍ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងគុយបា (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៦០ / ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥)។
លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍នេះ។
នៅក្នុងព្រឹត្តិការណ៍នេះ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសង្កត់ធ្ងន់ថា ការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋគុយបា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយចាប់ផ្តើមទំនាក់ទំនងពិសេស និងជាគំរូរវាងប្រជាជាតិទាំងពីរវៀតណាម និងគុយបា។ ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមក ប្រទេសទាំងពីរតែងតែរួមដំណើរជាមួយគ្នា សាមគ្គី ជិតស្និទ្ធ និងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរក្លាយជាទ្រព្យសម្បត្តិរួមដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងជានិមិត្តរូបកម្រមានក្នុងទំនាក់ទំនងអន្តរជាតិ។
    |
 |
|
ប្រតិភូនៅក្នុងព្រឹត្តិការណ៍ |
ក្នុងនាមថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងប្រជាជនវៀតណាម លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសម្តែងនូវការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពពិសេស សាមគ្គីភាព ជិតស្និទ្ធ និងការជួយគាំទ្រ ដែលប្រទេសគុយបាបានផ្តល់ឱ្យវៀតណាម។ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានបញ្ជាក់ថា សព្វថ្ងៃនេះ ទំនាក់ទំនងវៀតណាម-គុយបានៅតែត្រូវបានពង្រឹង និងពង្រីកយ៉ាងខ្លាំងលើវិស័យនយោបាយ-ការបរទេស កិច្ចសហប្រតិបត្តិការពហុភាគី ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ កសិកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ការអប់រំ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia បានសម្តែងនូវជំនឿថា ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណងមិត្តភាពជិតស្និទ្ធដែលត្រូវបានបង្កើតឡើង និងពូនជ្រំក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមក ជាមួយនឹងការប្ដេជ្ញាចិត្តនយោបាយខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងគុយបានឹងបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព ដោយនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជន និងបម្រើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ទាំងពីរ ក៏ដូចជាពិភពលោកផងដែរ។
នៅក្នុងពិធីនោះ លោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា គុយបា និងវៀតណាមមានទំនាក់ទំនងពិសេស ដែលបង្កើតឡើងដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ភាពស្មោះត្រង់ដ៏រឹងមាំ និងជំនួយដ៏ស្មោះស្ម័គ្រ។ ចំពោះមុខការផ្លាស់ប្តូរនិងបញ្ហាប្រឈមនៃពិភពលោក លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តពង្រឹងសាមគ្គីភាព និងជម្រុញកិច្ចសហប្រតិបត្តិការ ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពនៅលើពិភពលោក៕
បកប្រែដោយ Thuy Anh