"វៀតណាមជាគំរូ ដែលបំផុសគំនិតអំពីឯករាជ្យ ភាពអង់អាចក្លាហាន សាមគ្គីភាព ការផ្លាស់ប្តូរថ្មី ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍ
កប.អនឡាញ - ព្រឹកថ្ងៃទី ៣១ ខែសីហារ នៅរដ្ឋធានីហាណូយ លោក Tran Cam Tu លេខាប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំនៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ដឹកនាំដោយលោក Chung Eui-yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងលោក Mushahid Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅវៀតណាម និងចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ២ កញ្ញា។
ក្នុងជំនួបនេះ លោក Tran Cam Tu លេខាប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស បានចែករំលែកជាមួយថ្នាក់ដឹកនាំ ICAPP អំពីគោលដៅអភិវឌ្ឍយុទ្ធសាស្ត្រ និងទិសដៅរបកគំហើញរបស់វៀតណាម ក្នុងយុគសម័យថ្មី។ ទន្ទឹមនឹងនេះ លោកក៏បានអះអាងថា វៀតណាមអនុវត្តដោយមិនប្រែប្រួលជានិច្ច នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាវូបនីយកម្ម និងពហុភាគីភាវូបនីយកម្មទំនាក់ទំនងការបរទេស លើកកម្ពស់ពហុភាគីនិយម សាមគ្គីភាពអន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
ចំណែកឯថ្នាក់ដឹកនាំ ICAPP បានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំ និងកិត្យានុភាពអន្តរជាតិ ដែលកាន់តែខ្ពស់ឡើងរបស់បក្សកុម្មុយនិស្តវៀតណាម ដោយបានចាត់ទុកថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ វៀតណាមបានក្លាយជាគំរូដែលបំផុសគំនិតអំពីឯករាជ្យ ភាពអង់អាចក្លាហាន សាមគ្គីភាព ការច្នៃប្រឌិតថ្មី ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍន។
    |
 |
ប្រតិភូទាំងឡាយថតរូបជុំគ្នា |
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ ICAPP ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងការរួមចំណែកប្រកបដោយប្រសិទ្ធភាព របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដោយមានបំណងចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាង ICAPP និងវៀតណាម។ ថ្នាក់ដឹកនាំ ICAPP ជឿជាក់ថា ជាមួយនឹង “សសរស្តម្ភទាំងបួន” និងគោលដៅយុទ្ធសាស្ត្រ ដែលបានដាក់ចេញ ប្រទេសនិងប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវការរីកចម្រើនដ៏អស្ចារ្យបន្ថែមទៀត ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម នាពេលខាងមុខ៕
បកប្រែដោយ Duy Hoan