បន្តអភិវឌ្ឍទីភ្នាក់ងារសារព័ត៌មានវៀតណាមទៅជាទីភ្នាក់ងារសារព័ត៌មានជាតិដែលមានកិត្យានុភាពខ្ពស់ក្នុងតំបន់ និងពិភពលោក
កប.អនឡាញ - នាថ្ងៃទី ១៦ និង ១៧ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សភាគនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរៀបចំមហាសន្និបាតតំណាងលើកទី ២៧ អាណត្តិឆ្នាំ ២០២៥-២០៣០។
លោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា។
ជាមួយនឹងបាវចនារក្សាតម្លៃស្នូល និងនវានុវត្ដន៍ ក្នុងអាណត្តិ ២០២០-២០២៥ ក្នុងបរិបទមានការលំបាកជាច្រើន គណៈកម្មាធិការបក្សភាគនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម បានផ្តោតលើការដឹកនាំ និងលើកស្មារតីម្ចាស់ការ ច្នៃប្រឌិត សាមគ្គីភាព ខិតខំសម្រេចបានជោគជ័យនូវគោលដៅ និងភារកិច្ចរបស់សេចក្ដីសម្រេចចិត្ដនៃមហាសន្និបាតតំណាងលើកទី ២៦ នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ដែលបានកំណត់។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមអបអរសាទរចំពោះគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការបក្សភាគនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមអាណត្តិ ២០២៥-២០៣០ |
គោលដៅទូទៅក្នុងដំណាក់កាល ២០២៥-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ គឺបន្តអភិវឌ្ឍទីភ្នាក់ងារព័ត៌មានវៀតណាមទៅជាទីភ្នាក់ងារព័ត៌មានជាតិដែលមានកិត្យានុភាពខ្ពស់ក្នុងតំបន់ និងពិភពលោក ដែលជាប្រភពផ្ដល់ព័ត៌មានពិតប្រាកដ ត្រឹមត្រូវ ជឿទុកចិត្ដដល់សាធារណៈជនក្នុងប្រទេស និងក្រៅប្រទេស និងសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការឃោសនាព័ត៌មានក្នុងប្រទេស កិច្ចការបរទេស និងសកម្មភាពរបស់ថ្នាក់ដឹកនាំបក្ស ការគ្រប់គ្រងរបស់រដ្ឋ។
មានប្រសាសន៍នៅមហាសន្និបាត លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ស្ថានភាពពិភពលោក និងតំបន់កំពុងមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដូច្នេះ ទីភ្នាក់ងារព័ត៌មានវៀតណាមដែលមានមុខងារ ភារកិច្ចរបស់ខ្លួនត្រូវតែមានផ្នត់គំនិត និងឃោសនាទាន់ពេលវេលា មានភាពបត់បែន និងស្របតាមស្ថានភាព។ ទីភ្នាក់ងារព័ត៌មានវៀតណាមគឺជាទីភ្នាក់ងារព័ត៌មានសំខាន់ និងផ្លូវការរបស់បក្ស និងរដ្ឋ ដូច្នេះត្រូវក្ដាប់ជាប់អំពីស្ថានភាព វិភាគ វាយតម្លៃ និងឆ្លុះបញ្ចាំងពីស្ថានភាពដោយស្មោះត្រង់ ចូលរួមចំណែកក្នុងការអនុវត្តភារកិច្ចយុទ្ធសាស្ត្រទាំងពីរគឺការកសាងនិងការពារមាតុភូមិ។
លោកនាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យទីភ្នាក់ងារសារព័ត៌មានវៀតណាមត្រូវបន្តជាទីភ្នាក់ងារត្រួសត្រាយ គំរូ ក្នុងវិស័យសតិអារម្មណ៍របស់បក្ស ឃោសនានិងការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស ការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជន។ ត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍន៍ ប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្ដកម្មឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងរក្សាសាមគ្គីភាព លើកកំពស់សមត្ថភាពដឹកនាំរបស់អង្គភាពបក្ស និងសមាជិកបក្ស ដើម្បីបន្តទទួលសមិទ្ធិផលថ្មីគួរឲ្យមោទនភាព៕
បកប្រែដោយ Pham Diep