លោក Nguyen Van Linh មានឈ្មោះពិតគឺ Nguyen Van Cuc កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩១៥ នៅខេត្ត Hung Yen ប្រទេសវៀតណាម។ កាលពីជាកូនសិស្សរៀននៅសាលាប៉ុណ្ណោះ លោកបានយល់ជ្រាបពីសតិអារម្មណ៍របស់បដិវត្តន៍ហើយ។ ឆាកជីវិតបដិវត្តន៍របស់លោក Nguyen Van Linh ពិតជារុងរឿងណាស់។ អស់រយៈពេលជិត ៧០ ឆ្នាំចូលរួមធ្វើសកម្មភាពបដិវត្តន៍នៅគ្រប់តំបន់ មូលដ្ឋានទូទាំងប្រទេស ហើយត្រូវបានទទួលភារកិច្ចសំខាន់ៗជាច្រើនដែលប្រគល់ដោយបក្ស និងរដ្ឋនោះ មិនថានៅទីណា ភារកិច្ចអ្វី ឋានៈតួនាទីជាអ្វីក៏ដោយ ក៏លោក Nguyen Van Linh តែងតែលះបង់គ្រប់យ៉ាងជានិច្ចដើម្បីផលប្រយោជន៍របស់បក្ស របស់ប្រជាជន និងប្រទេសជាតិ។ លោកបានប្រកាន់ខ្ជាប់ខ្ជួនជានិច្ចនូវរាល់គោលដៅដ៏ឧត្តុង្គឧត្តមនៃឯករាជ្យជាតិ និងរបបសង្គមនិយម ហើយបានបញ្ចប់ភារកិច្ចរបស់ខ្លួនយ៉ាងល្អឥតខ្ចោះ ប្រកបដោយជោគជ័យ រួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងជាតិ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១១០ នៃថ្ងៃកំណើតរបស់លោក Nguyen Van Linh អតីតអគ្គលេខាបក្ស

ក្នុងនាមជាកូនសិស្សឆ្នើមម្នាក់របស់លោកប្រធានហូជីមិញ លោក Nguyen Van Linh តែងតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌បដិវត្តន៍ គុណសម្បតិ្តរបស់កុម្មុយនិស្ត ពោលគឺស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះប្រជាជន ឧស្សាហ៍ព្យាយាម សន្សំសំចៃ ស្មោះត្រង់ ទៀងត្រង់ មិនលំអៀងអស់មួយជីវិត។

ដោយមើលឃើញពីសញ្ញានៃទង្វើការិយាធិបតេយ្យ ភាពអវិជ្ជមាន អំពើពុករលួយ ការខ្ជះខ្ជាយ រាល់ការលំបាករារាំងដល់ការផ្លាស់ថ្មី ដែលទង្វើទាំងនេះអាចក្លាយជាការគំរាមកំហែងដល់កិត្យានុភាព ប្រជាប្រិយភាពរបស់បក្ស និងការរស់ស្លាប់នៃរបបសង្គមនិយម លោកបានសរសេរអត្ថបទកាសែតជាច្រើនដើម្បីប្រឆាំងនឹងសញ្ញាអវិជ្ជមានទាំងនោះ។ រាល់អត្ថបទដែលមានចំណងជើងថា "ការងារសំខាន់ៗត្រូវតែធ្វើភ្លាមៗ" របស់អ្នកនិពន្ធ N.V.L ត្រូវបានបោះពុម្ភផ្សាយនៅក្នុងកាសែត Nhan Dan នៅរយៈពេលដំបូងនៃដំណាក់កាលផ្លាស់ថ្មីនោះ បានបង្កើតមកបរិយាកាសមួយប្រកបដោយសមធម៌ ប្រជាធិបតេយ្យ គណនេយ្យភាព តម្លាភាព ការហ៊ាននិយាយត្រង់ ការនិយាយដើរទន្ទឹមនិងការធ្វើ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអវិជ្ជមាន និងជួយធ្វើឱ្យគ្រប់ភ្នាក់ងារបក្ស និងរដ្ឋមានគណនេយ្យភាព តម្លាភាព...។

មានប្រសាសន៍ក្នុងពិធីនេះ លោក To Lam អគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ ជីវិត អាជីព និងគោលគំនិតប្រកបដោយភាពច្នៃប្រឌិតរបស់លោក Nguyen Van Linh បានបន្សល់ទុកអោយយើងនូវមេរៀនដ៏សំខាន់ មានអត្ថន័យជ្រាលជ្រៅជាច្រើនចំពោះគ្រប់ដំណាក់កាលនៃការអភិវឌ្ឍរបស់ប្រទេស ជាពិសេសក្នុងដំណើរការច្នៃប្រឌិត សមាហរណកម្ម និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន...។

បកប្រែដោយ Minh Trung