ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលសន្តិភាព និងកិច្ចសហប្រតិបត្តិការនៅតែជានិន្នាការដ៏សំខាន់ ទោះជាយ៉ាងនេះក្តី ស្ថានភាពពិភពលោក និងតំបន់កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ការកើនឡើងអស្ថិរភាពនៅក្នុងសេដ្ឋកិច្ចពិភពលោក និងហានិភ័យនៃសង្គ្រាមពាណិជ្ជកម្ម បង្ខំឱ្យប្រទេសនានាពង្រឹងការតភ្ជាប់ដើម្បីទប់ទល់នឹងការប្រែប្រួល ឆ្លើយតបនឹងកង្វះទីផ្សារ និងពង្រឹងពហុភាគីនិយម។

ប្រទេសបារាំងគឺជាមហាអំណាចសេដ្ឋកិច្ចឈានមុខគេមួយរបស់ពិភពលោកដែលមានប្រៀបខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លំហអាកាស ឧបករណ៍ដឹកជញ្ជូន ថាមពល វិស្វកម្មមេកានិច ទូរគមនាគមន៍ សេវាកម្ម និងទេសចរណ៍។ បារាំងក៏បន្តរក្សាកិត្យានុភាពនយោបាយខ្ពស់របស់ខ្លួននៅលើពិភពលោក និងក្នុងអង្គការអន្តរជាតិដោយមានគោលនយោបាយការបរទេសម្ចាស់ការ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូយុទ្ធសាស្ត្រក្នុងតំបន់ រួមទាំងវៀតណាមផងដែរ។

leftcenterrightdel
លោក Le Khanh Hai ប្រធានខុទ្ទការល័យប្រធានរដ្ឋ ស្វាគមន៍លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក វៀតណាមជាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងខ្លាំងក្លា ជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកាសគោលនយោបាយសំខាន់ៗលើរបកគំហើញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។

ក្នុងរយៈពេលកន្លះសតវត្សកន្លងទៅនេះ ទំនាក់ទំនងវៀតណាម-បារាំងបានអភិវឌ្ឍយ៉ាងល្អប្រសើរ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងជាផ្លូវការនៅឆ្នាំ ១៩៧៣ តម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០១៣ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៤ ដែលធ្វើឱ្យបារាំងក្លាយជាប្រទេសដំបូងគេក្នុងសហភាពអឺរ៉ុប (EU) ដែលមានទំនាក់ទំនងកម្រិតខ្ពស់បំផុតជាមួយវៀតណាម។

ក្នុងវិស័យនយោបាយ-ការទូត ប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ជាប្រចាំ ជាពិសេសថ្នាក់ជាន់ខ្ពស់ ដែលថ្មីៗនេះ គឺដំណើរទស្សនកិច្ចនៅប្រទេសបារាំងរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម (ខែតុលា ឆ្នាំ ២០២៤) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (ខែវិច្ឆិកា ឆ្នាំ២០២១) និងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង (ឆ្នាំ២០២២)។ ប្រទេសទាំងពីរបានរក្សានូវយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការជាច្រើន ចែករំលែកភាពស្រដៀងគ្នាជាច្រើនលើបញ្ហាអន្តរជាតិ និងតំបន់ គាំទ្រពហុភាគីនិយម និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងអង្គការអន្តរជាតិនានា។

អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បារាំងគឺជាដៃគូអឺរ៉ុបនាំមុខគេមួយ និងជាអ្នកផ្តល់ជំនួយ ODA ទ្វេភាគីធំបំផុតរបស់វៀតណាម។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥.៤២ ពាន់លានដុល្លារអាមេរិក កើនឡើង ១២.៩% បើធៀបនឹងឆ្នាំមុន។ ប្រទេសបារាំងជាប់ចំណាត់ថ្នាក់ទី ១៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៧ ដែលវិនិយោគនៅវៀតណាម ជាមួយនឹងគម្រោងជាធរមានចំនួន ៧០០ និងដើមទុនចុះបញ្ជីសរុបចំនួន ៣.៩៥ ពាន់លានដុល្លារអាមេរិក។ ផ្ទុយទៅវិញ វៀតណាមមានគម្រោងវិនិយោគចំនួន ២០ នៅប្រទេសបារាំង ដែលមានទុនចុះបញ្ជីសរុបជិត ៣៩ លានដុល្លារអាមេរិក។ សាជីវកម្មឈានមុខគេរបស់បារាំងជាច្រើនដូចជា Airbus, Thales, EDDF... មានបំណងចង់វិនិយោគលើគម្រោងនានាក្នុងប្រទេសវៀតណាម ជាពិសេសក្នុងវិស័យថាមពលនុយក្លេអ៊ែរ ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ គមនាគមន៍ក្នុងទីក្រុង ផ្លូវដែក លំហអាកាស។ល។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខគឺជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបង្ហាញតាមរយៈការជួបប្រជុំផ្តល់យោបល់ កិច្ចសន្ទនាសន្តិសុខ ការបណ្តុះបណ្តាលនាយទាហានជាដើម។ គួរឲ្យកត់សម្គាល់ថាឆ្នាំ ២០២៤ ជាលើកដំបូង ដែលរដ្ឋមន្ត្រីក្រសួងកងទ័ពបារាំងបានចូលរួមពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu ដែលជាព្រឹត្តិការសំខាន់មួយបញ្ជាក់ពីគោលបំណងរបស់បារាំងរួមជាមួយវៀតណាមដើម្បី "ទុកអតីតកាលទៅមួយឡែក ឆ្ពោះទៅរកអនាគត"។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ-បណ្តុះបណ្តាល សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា... កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា និងកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើង។

ដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron ប្រធានាធិបតី និងលោកជំទាវបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់បារាំងចំពោះតួនាទី កិត្យានុភាព និងទំនាក់ទំនងជាមួយវៀតណាម-ដៃគូសំខាន់របស់បារាំងនៅអាស៊ីអាគ្នេយ៍ និងក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់វៀតណាមបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចនៅឆ្នាំ ២០២៤ នៅបារាំងរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម រួមចំណែកក្នុងការបញ្ជាក់ពីគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី១៣ របស់បក្ស ស្តីពីឯករាជ្យភាព ភាពម្ចាស់ការ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងអន្តរជាតិ។

ដោយឈរលើមូលដ្ឋាននោះ យើងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ បង្កើតកម្លាំងចលករ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-បារាំង ឡើងកម្រិតកម្ពស់ថ្មីមួយ ទន្ទឹមនឹងនោះក៏រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃពិភពលោក៕

បកប្រែដោយ Huyen Trang