កិច្ចប្រជុំកំពូលអាស៊ាន៖
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្ទនាជាមួយ AIPA
កប.អនឡាញ - នារសៀលថ្ងៃទី ២៦ ឧសភា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានបានចូលរួមកិច្ចសន្ទនាជាមួយតំណាងនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។
លោក Vu Hong Thanh អនុប្រធានរដ្ឋសភាវៀតណាម តំណាងរដ្ឋសភាវៀតណាមចូលរួមសម័យសន្ទនា។
ថ្លែងមតិក្នុងសម័យសន្ទនា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងពិភពលោកប្រែប្រួលនាពេលបច្ចុប្បន្ននេះ អាស៊ានអាចរក្សាតួនាទីស្នូលរបស់ខ្លួន ពង្រឹងសាមគ្គីភាព និងលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯង នៅពេលដែលស្ថាប័នគ្រប់លំដាប់ថ្នាក់ ទាំងនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ បានឯកភាពគ្នាធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួមនៃតំបន់។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចូលរួមសម័យសន្ទនា (រូបថត៖ chinhphu.vn) |
ដោយបង្ហាញពីឯកភាពជាមួយប្រធានបទ AIPA ឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា AIPA លើកកម្ពស់តួនាទី "ជួរមុខ" របស់ខ្លួនក្នុងការបំពេញបន្ថែមក្របខ័ណ្ឌច្បាប់ ដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ កសាងស្ថាប័ន និងគោលនយោបាយដើម្បីលើកកម្ពស់តួនាទីអំពី "នវានុវត្តន៍ និងបច្ចេកវិទ្យា" និងក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួនជាស្ពានតភ្ជាប់ទំនាក់ទំនងជាមួយប្រជាជន។
លោកនាយករដ្ឋមន្ត្រីស្នើ AIPA គួរតែលើកកំពស់តួនាទីរបស់ខ្លួន និងរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ តាមរយៈវិធានការ និងសកម្មភាពដែលលើកកំពស់ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងទាញយកប្រយោជន៍ពីយន្តការសន្ទនាជាមួយសភាជាដៃគូ ដើម្បីពង្រឹងការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
ដោយអះអាងថា “បរិយាប័ន្ន និងនិរន្តរភាព” មិនត្រឹមតែជាជម្រើសរបស់មនុស្សជំនាន់បច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនួលខុសត្រូវចំពោះមនុស្សជំនាន់ក្រោយផងដែរ លោកនាយករដ្ឋមន្ត្រីបានចែករំលែកថា វៀតណាមត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយ AIPA ដើម្បីកសាងអាស៊ានដ៏រឹងមាំ និងវិបុលភាព ដែលក្នុងនោះមានការអភិវឌ្ឍដែល មិនទុកនរណាម្នាក់ចោល និងកិច្ចសហប្រតិបត្តិការ គឺគ្មានដែនកំណត់។
បកប្រែដោយ Duy Hoan