ក្នុងឱកាសខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៨៩០ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥) កាសែតធំៗ របស់ប្រទេសឡាវដូចជា Pasaxon (កាសែតប្រជាជន) ដែលជាស្ថាប័នរបស់គណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ឡាវ និងកាសែត Pathet Lao របស់ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) កាលពីថ្ងៃទី១៧ ខែឧសភា បានចុះផ្សាយអត្ថបទលើកតម្កើងលោកប្រធានហូជីមិញ ដូចជា៖ “លោកប្រធានហូជីមិញ វីរៈបុរសរំដោះជាតិវៀតណាម យុទ្ធជនកុម្មុយនិស្តឆ្នើមនៃចលនាកុម្មុយនិស្ត” ឬ “លោកប្រធានហូជីមិញក្នុងដំណើរការទៅស្វែងរកមាគ៌ាសង្គ្រោះជាតិ”។

leftcenterrightdel
អត្ថបទ “លោកប្រធានហូជីមិញ វីរៈបុរសរំដោះជាតិវៀតណាម យុទ្ធជនកុម្មុយនិស្តឆ្នើមនៃចលនាកុម្មុយនិស្ត” ដែលចុះផ្សាយនៅលើកាសែត Pathet Lao (រូបថត៖ vnanet.vn)

អត្ថបទទាំងឡាយបញ្ជាក់ថា លោកប្រធានហូជីមិញ ជាវីរៈបុរសរំដោះជាតិ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ប្រជាជាតិទាំងមូល ដែលបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុរំដោះជាតិរបស់ប្រជាជនវៀតណាម រួមចំណែកក្នុងការតស៊ូរួមរបស់បណ្ដាប្រជាជាតិដែលត្រូវជិះជាន់លើពិភពលោក ដើម្បីសន្តិភាព ឯករាជ្យជាតិ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

យោងតាមអត្ថបទទាំងនេះ លោកប្រធានហូជីមិញ បានពូនជ្រំទំនាក់ទំនងជិតស្និទ្ធ និងមិត្តភាពជាមួយឡាវ កម្ពុជា និងប្រទេសជិតខាងនានា។ លោកប្រធានហូជីមិញគឺជាយុទ្ធជនអន្តរជាតិដ៏ឆ្នើម ហើយតស៊ូពេញមួយជីវិតដើម្បីយុត្តិធម៌ សន្តិភាព និងវឌ្ឍនភាពនៃប្រជាជាតិដែលត្រូវជិះជាន់នៅជុំវិញពិភពលោក។ អត្ថបទទាំងឡាយបញ្ជាក់ថា ជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ គឺជាគំរូសម្រាប់មនុស្សជំនាន់ក្រោយសិក្សា ធ្វើតាម៕

បកប្រែដោយ Thuy Anh