លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះក៏មានវត្តមានលោក Luong Cuong ប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Tran Thanh Man ប្រធានរដ្ឋសភា។ កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់នៅសាលប្រជុំ Dien Hong នៃរដ្ឋសភា និងតភ្ជាប់បណ្តាញអ៊ីនធឺណែតទៅកាន់សាលប្រជុំចំនួន ៣៧,០០០ កន្លែង នៅថ្នាក់មជ្ឈិម ខេត្ត ស្រុក ឃុំ ទីភ្នាក់ងារ និងអង្គភាពទូទាំងប្រទេស។ ប្រតិភូជាង ១.៥ លាននាក់បានចូលរួមកិច្ចប្រជុំនៅតាមសាលប្រជុំនានា។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ វៀតណាមកំពុងអនុវត្តការផ្លាស់ថ្មី និងកំណែទម្រង់ ដោយផ្តោតលើរបកគំហើញចំនួន ៤ រួមមាន៖ សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយក្នុងបំណងជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម សេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវវិស័យសេដ្ឋកិច្ចឯកជន និងសេចក្តីសម្រេចចិត្តលេខ ៦៦ ស្តីពីកំណែទម្រង់ដ៏ទូលំទូលាយក្នុងការតាក់តែង និងអនុវត្តច្បាប់។ មកទល់បច្ចុប្បន្ននេះ សេចក្តីសម្រេចចិត្តទាំង ៤ នេះ គឺជា “សសរស្តម្ភបួន” បង្កើតកម្លាំងជំរុញយ៉ាងរឹងមាំដើម្បីនាំវៀតណាមឈានទៅមុខក្នុងយុគសម័យថ្មី និងសម្រេចបាននូវចក្ខុវិស័យនៃប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

អញ្ជើញពិនិត្យឡើងវិញខ្លឹមសារស្នូលនៃសេចក្តីសម្រេចិត្ត លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ៦៨ បានដាក់មូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរយ៉ាងទូលំទូលាយក្នុងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន៖ ពី “ការទទួលស្គាល់” ទៅជា “ការការពារ ការលើកទឹកចិត្ត ជំរុញ” ពី “ការគាំទ្រ” ទៅជា “ដឹកនាំការអភិវឌ្ឍ”។

នេះគឺជាជម្រើសយុទ្ធសាស្ត្ររយៈពេលវែងដ៏ត្រឹមត្រូវ បន្ទាន់ សំដៅសម្រេចនូវសេចក្តីប្រាថ្នានៃការអភិវឌ្ឍប្រទេសដ៏រឹងមាំមួយនៅពាក់កណ្តាលសតវត្សរ៍ទី ២១។ សេចក្តីសម្រេចលេខ ៥៧ ត្រូវបានកំណត់ថា ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។ សេចក្តីសម្រេចចិត្តលេខ ៦៦ គឺជាការអំពាវនាវឱ្យមានកំណែទម្រង់ស្ថាប័នយ៉ាងស៊ីជម្រៅ ដើម្បីកសាងប្រព័ន្ធច្បាប់ដ៏ទំនើប និងប្រសិទ្ធភាពដែលបម្រើប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ បង្កើតកម្លាំងចលករនិរន្តរភាពសម្រាប់ការកសាងប្រទេសវៀតណាម។ សេចក្តីសម្រេចចិត្តលេខ ៥៩ គឺជាគោលនយោបាយយុទ្ធសាស្រ្តមួយ សម្គាល់របត់ប្រវត្តិសាស្ត្រក្នុងដំណើរការសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ ដោយកំណត់សមាហរណកម្មជាកម្លាំងចលករយុទ្ធសាស្ត្រសម្រាប់វៀតណាម ឈានចូលយុគសម័យថ្មី។

លោក To Lam អគ្គលេខាបក្ស បានបញ្ជាក់ថា សេចក្តីសម្រេចចិត្តធំៗទាំងបួនរបស់ការិយាល័យនយោបាយបង្កើតឡើងសកម្មភាពយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសក្នុងយុគសម័យថ្មី។ សេចក្តីសម្រេចចិត្តទាំងបួនមានគោលដៅ៖ កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព និងក្លាយជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៤៥៕

បកប្រែដោយ Thanh Cong