ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំចិនអញ្ជើញចូលជួបសវនាការជាមួយលោក Chen Gang លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ខេត្ដក្វាងស៊ី
កប.អនឡាញ - ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន លោក Pham Thanh Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន បានអញ្ជើញចូលជួបសវនាការជាមួយលោក Chen Gang លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ខេត្ដក្វាងស៊ី ប្រទេសចិន។
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Pham Thanh Binh បានវាយតំលៃខ្ពស់ចំពោះតួនាទីប្រវត្តិសាស្ត្រ និងទីតាំងយុទ្ធសាស្ត្ររបស់ក្វាងស៊ី ក្នុងទំនាក់ទំនងមិត្តភាពវៀតណាម-ចិន។ លោកឯកអគ្គរដ្ឋទូត Pham Thanh Binh បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានារបស់វៀតណាម និងខេត្តក្វាងស៊ី ក្នុងរយៈពេលកន្លងមក។
កិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី និងវៀតណាមត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវដែក ផ្លូវគោក និងបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម វិនិយោគ នាំចូល និងនាំចេញកសិផល និងវិស័យជាច្រើនទៀត។
    |
 |
លោកឯកអគ្គរដ្ឋទូត Pham Thanh Binh និងលោក Chen Gang លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ខេត្ដក្វាងស៊ី |
លោកឯកអគ្គរដ្ឋទូត Pham Thanh Binh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន ដោយចាត់ទុកថានេះជាតម្រូវការ ជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូត Pham Thanh Binh វាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ខេត្ដក្វាងស៊ីចំពោះជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិននាពេលថ្មីៗនេះ។ ស្ថានទូតវៀតណាមប្រចាំប្រទេសចិនត្រៀមខ្លួនជាស្រេចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម និងចិន រួមទាំងខេត្តក្វាងស៊ី ដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការយល់ឃើញរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។
លោក Chen Gang លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិជាំង ខេត្ដក្វាងស៊ី បានអះអាងថា ក្វាងស៊ីត្រៀមខ្លួនជាស្រេចអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការយល់ឃើញរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងដែលសម្រេចបានរវាងខេត្តក្វាងស៊ី និងមូលដ្ឋាននានារបស់វៀតណាម។
ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត ខេត្ដក្វាងស៊ី មានបំណងធ្វើការជាមួយវៀតណាមដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច - ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធព្រំដែន ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រួមចំណែកដល់ការអនុវត្ដគោលដៅកសាងសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ លោក Chen Gang ឲ្យដឹងថា ទិសដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់ខេត្ដក្វាងស៊ី គឺផ្អែកលើនវានុវត្ដន៍ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ដក្វាងស៊ី និងបណ្តាប្រទេសអាស៊ាន រួមទាំងវៀតណាមក្នុងវិស័យនេះផងដែរ។
បកប្រែដោយ Thanh Cong