លោក Cyril Ramaphosa ប្រធានគណបក្សសមាជជាតិអាហ្វ្រិក (ANC) និងជាប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង បានអះអាងថា អាហ្រ្វិកខាងត្បូងវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាពជាបងប្អូន និងទំនាក់ទំនងសហប្រតិបត្តិការល្អ ហើយ​តែងតែគាំទ្រគ្នាទៅវិញទៅមករវាងគណបក្ស ANC និងបក្សកុម្មុយនិស្តវៀតណាម ដែលជាទំនាក់ទំនងត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរចាប់តាំងពីដំណាក់កាលនៃការតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយម និងបន្តត្រូវបានពង្រឹងក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។

លោកប្រធាន ANC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក To Lam អគ្គលេខាបក្សដោយបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បី​ជួបពិភាក្សា ហើយ​វាយតម្លៃថា ការជួបសន្ទនាតាមទូរស័ព្ទនេះមានអត្ថន័យជាប្រវត្តិសាស្ត្រដែលត្រូវបានធ្វើឡើងក្នុងបំណងពង្រឹងសាមគ្គីភាពរវាងភាគីទាំងពីរ និងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

ក្នុងបរិយាកាសដ៏មោទនភាពនៃការរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសវៀតណាម លោកប្រធាន ANC បានផ្ញើសារអបអរសាទរជូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងឱកាស​ព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ទន្ទឹមនឹងនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងយដែលប្រទេស និងប្រជាជនវៀតណាមសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។

ក្នុងតួនាទីជាប្រធានក្រុមនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទាំង ២០ (G20) នោះ លោកប្រធាន ANC និងជាប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានអញ្ជើញមេដឹកនាំជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលក្រុមនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទាំង ២០ ហើយបានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលគណបក្សនយោបាយ G20 កិច្ចប្រជុំកំពូល G20 និង​កិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០២៥។

លោកអគ្គលេខាបក្សបានអបអរសាទរគណបក្ស ANC ដែលបន្តលើកកម្ពស់តួនាទីឈានមុខរបស់ខ្លួន បង្កើតរដ្ឋាភិបាលសាមគ្គីជាតិ ហើយបានសម្តែងនូវការជឿជាក់ថា រដ្ឋាភិបាលសាមគ្គីជាតិ និងប្រជាជនអាហ្វ្រិកខាងត្បូង នឹងបន្តទទួលបានជ័យជំនះថ្មីៗជាច្រើន កសាងប្រទេសអាហ្វ្រិកខាងត្បូងប្រកបដោយ​សាមគ្គីភាព សន្តិភាព ស្ថិរភាព និងអភិវឌ្ឍ ដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់អាហ្វ្រិក និងពិភពលោក។

ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ បានចែករំលែកអំពីស្ថានភាពរបស់គណបក្សនីមួយៗ និងប្រទេសនីមួយៗ ហើយបានអះអាងពីសារៈសំខាន់នៃការរក្សា និងជំរុញទំនាក់ទំនងរវាងគណបក្សកាន់អំណាចទាំងពីរក្នុងការតម្រង់ទិស និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអាហ្វ្រិកខាងត្បូង ឱ្យកាន់តែរីកចម្រើនយ៉ាងស៊ីជម្រៅ និងទូលំទូលាយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើន ដើម្បីបង្កើនការជឿទុកចិត្តផ្នែកនយោបាយ និងជំរុញប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍” រវាងវៀតណាម និងអាហ្វ្រិកខាងត្បូង រួមទាំងការពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ បង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការអនុវត្តសកម្មភាពសហប្រតិបត្តិការ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Cyril Ramaphosa ប្រធានគណបក្សសមាជជាតិអាហ្វ្រិក (ANC) និងជាប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង 

លោកប្រធានបក្ស ANC និងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានមានប្រសាសន៍ថា អាហ្រ្វិកខាងត្បូងវាយតំលៃខ្ពស់ចំពោះបទពិសោធន៍របស់បក្សកុម្មុយនិស្តវៀតណាមក្នុងការកសាងបក្ស និងការដឹកនាំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកក៏បានជម្រាបជូនថា ANC នឹងចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅវៀតណាមនាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់ពីបទពិសោធន៍របស់វៀតណាម និងពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគីឲ្យអភិវឌ្ឍជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឆាប់ដំឡើងទំហំពាណិជ្ជកម្មទ្វេភាគី សមស្របនឹងសក្តានុពលរបស់ភាគីទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការពារជាតិ និងសន្តិសុខ ហើយទន្ទឹមនឹងនោះសិក្សាពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមានសក្តានុពលផ្សេងទៀត ដូចជាថាមពល ការជីកយករ៉ែ ការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការប្រែប្រួលអាកាសធាតុ។ល។

មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា និងបញ្ជាក់ពីការសន្យារួមក្នុងការលើកកម្ពស់ពហុភាគីនិយម កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងចក្ខុវិស័យរួមអំពីពិភពលោកមួយគោរពច្បាប់អន្តរជាតិ។

ក្នុងឱកាសនេះ លោក Cyril Ramaphosa ប្រធាន ANC និងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានអញ្ជើញលោក To Lam អគ្គលេខាបក្ស ទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកខាងត្បូងក្នុងពេលឆាប់ៗនេះ។ លោក To Lam អគ្គលេខាបក្ស ក៏បានអញ្ជើញលោក Cyril Ramaphosa ប្រធាន ANC និងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០២៥ ដើម្បីពិភាក្សាអំពីវិធានការជាក់លាក់ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ មេដឹកនាំទាំងពីរបានស្នើឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីររៀបចំដំណើរទស្សនកិច្ចទាំងនេះនៅពេលសមស្រប៕

បកប្រែដោយ Duy Hoan