ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងដៃគូលើវិស័យជាច្រើន
កប.អនឡាញ - ក្នុងឱកាសលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20; ធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកានិងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា លោក Pham Thanh Binh អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី។
អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីគោលបំណង អត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីល និងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកា?
លោកអនុរដ្ឋមន្ត្រី Pham Thanh Binh៖ នេះជាលើកទី៥ ហើយដែលវៀតណាមត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 និងជាលើកដំបូងដែលថ្នាក់ដឹកនាំសំខាន់ម្នាក់របស់វៀតណាមទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋដូមីនីកា។ កិច្ចប្រជុំកំពូល G20 លើកទី ១៩ ក្រោមប្រធានបទ "កសាងពិភពលោកយុត្តិធម៌ និងភពផែនដីប្រកបដោយនិរន្តរភាព" នឹងផ្តល់អាទិភាពលើការពិភាក្សាអំពីការប្រយុទ្ធប្រឆាំងភាពក្រីក្រ ការអភិវឌ្ឍប្រកបដោយចីរភាព - ការធ្វើបរិវត្តកម្មថាមពល និងកំណែទម្រង់អភិបាលកិច្ចសកល។ ទាំងអស់នេះជាបញ្ហាដែលប្រទេសទាំងអស់មានការយកចិត្តទុកដាក់ដូចគ្នា។ ក្រៅពីសមាជិកពេញសិទ្ធិរបស់ G20 កិច្ចប្រជុំកំពូលឆ្នាំនេះក៏មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសភ្ញៀវកិត្តិយសចំនួន ១៩ និងថ្នាក់ដឹកនាំអង្គការអន្តរជាតិសំខាន់ៗចំនួន ១៥ ផងដែរ។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពូលនៃបណ្តាខឿនសេដ្ឋកិច្ចឈានមុខគេលើពិភពលោក នេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ដោយបិទបញ្ចប់ឆ្នាំប្រធាន G20 ដ៏មមាញឹក និងមានប្រសិទ្ធភាពបំផុតរបស់ប្រទេសប្រេស៊ីល ជាមួយនឹងកិច្ចប្រជុំជាង ១០០ នៃក្រុមការងារចំនួន ១៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជិត ២០។
|
|
លោក Pham Thanh Binh អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម |
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G20 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបពិភាក្សាជាមួយលោក Lula da Silva ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីនៅខែកញ្ញា ឆ្នាំ២០២៣ និងផ្លាស់ប្តូរទិសដៅសំខាន់ៗ និងវិធានការជាក់ស្តែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយ។ លោកនាយករដ្ឋមន្ត្រីក៏នឹងចូលរួមសកម្មភាពទ្វេភាគីមួយចំនួនជាមួយប្រទេសប្រេស៊ីលក្នុងឱកាសរំលឹកខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ រួមទាំងការចូលរួមពិធីសម្ពោធដាក់ស្លាកសញ្ញាអនុស្សាវរីយ៍អំពីលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro។
ជាមួយសាធារណរដ្ឋដូមីនីកា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បង្ហាញពីការគោរព និងបំណងប្រាថ្នារបស់វៀតណាមក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងវៀតណាម និងដូមីនីកា ឲ្យកាន់តែស៊ីជម្រៅថែមទៀត ឆ្ពោះទៅរកការរំលឹកខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៥ / ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥)។ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម-ដូមីនីកា មានការអភិវឌ្ឍជាវិជ្ជមានថ្មីៗជាច្រើន។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ។ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រទេសទាំងពីរនៅមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យច្រើនណាស់។
ដូច្នេះ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលើកនេះមានសារៈសំខាន់ក្នុងទិដ្ឋភាពជាច្រើន៖ ទីមួយ លើកកំពស់កិត្យានុភាពរបស់វៀតណាមក្នុង G20។ ទីពីរ អះអាងនូវការរួមចំណែកដោយមានការទទួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល; លើកកំពស់គុណសម្បត្តិរបស់វៀតណាមក្នុងខ្លឹមសារដែលមានប្រៀបខ្លាំង និងបទពិសោធន៍។ ទីបី ដំណើរទស្សនកិច្ចគឺជាឱកាសមួយសម្រាប់វៀតណាមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូលើវិស័យជាច្រើន។
អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងអំពីការរួមចំណែករបស់វៀតណាមនៅក្នុងកិច្ចប្រជុំនេះ?
លោកអនុរដ្ឋមន្ត្រី Pham Thanh Binh៖ ក្នុងនាមជាភ្ញៀវកិត្តិយសនៃកិច្ចប្រជុំកំពូល G20 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គ្រោងនឹងរួមចំណែកយ៉ាងសំខាន់ជាច្រើននៅក្នុងកិច្ចប្រជុំនេះ។ ជាដំបូង ចែករំលែកទស្សនៈលើបញ្ហាសកល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំចំនួនពីរនៅថ្ងៃទី ១៨ និង ១៩ ខែវិច្ឆិកា ក្រោមប្រធានបទសំខាន់ចំនួនពីរគឺ “ការកាត់បន្ថយភាពក្រីក្រ” និង “យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការធ្វើបរិវត្តកម្មថាមពល”។ លោកនាយករដ្ឋមន្ត្រីគ្រោងនឹងចែករំលែកមេរៀនដ៏មានតម្លៃអំពីការកាត់បន្ថយភាពក្រីក្រ ជាវិស័យដែលវៀតណាមមានបទពិសោធន៍ច្រើន និងសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យ ព្រមទាំងទទួលស្គាល់ និងលើកសរសើរដោយពិភពលោកទាំងមូល។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏នឹងផ្លាស់ប្តូរទស្សនៈ វិធីសាស្រ្ត និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការធ្វើបរិវត្តកម្មថាមពលរបស់វៀតណាមក្នុងរយៈពេលខាងមុខ ដោយប្រកាសការរៀបចំដោយវៀតណាមនូវកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) លើកទី៤ នៅឆ្នាំ ២០២៥។
ទីពីរ បង្ហាញពីសាមគ្គីភាពក្នុងការស្វែងរកដំណោះស្រាយចំពោះអភិបាលកិច្ចសកល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងយល់ព្រមការអំពាវនាវឱ្យធ្វើសកម្មភាពលើកំណែទម្រង់អភិបាលកិច្ចសកល។ នេះគឺជាឯកសារដ៏សំខាន់មួយរបស់ G20 ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ G20 ក្នុងការធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មអង្គការអន្តរជាតិសំខាន់ៗ ដូចជាអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។ ការគាំទ្រការអំពាវនាវនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកម្ពស់ពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ បញ្ជាក់ពីតួនាទីនាំមុខគេរបស់ G20 ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទីបី បញ្ជាក់ពីកិច្ចសន្យាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចូលរួមពិធីបំផុសគំនិតផ្តួចផ្តើម "សម្ព័ន្ធសកលកាត់បន្ថយភាពក្រីក្រ" ក្នុងនាមជាសមាជិកស្ថាបនិក។ ក្នុងបរិបទដែលកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោកក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលកំពុងបន្ថយល្បឿន ការបង្កើតសម្ព័ន្ធភាពនឹងរួមចំណែកដល់ការបង្កើតសន្ទុះនយោបាយថ្មី ដោយសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយកិច្ចខិតខំប្រឹងប្រែងដែលមានស្រាប់ ក្នុងការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ។ ស្មារតីនោះគឺស្របទៅនឹងវិធីសាស្រ្តសកល ប្រជាជនទាំងមូលនិងគ្រប់ជ្រុងជ្រោយរបស់វៀតណាម និងជាមួយគោលការណ៍ពង្រឹងសំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការកាត់បន្ថយភាពក្រីក្រ។
ខ្ញុំជឿជាក់ថា លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះនឹងបញ្ជាក់ម្តងទៀតនូវឋានៈ កិត្យានុភាព ទំនួលខុសត្រូវនិងការរួមចំណែករបស់វៀតណាមក្នុងវេទិកាអន្តរជាតិសំខាន់ៗ ពង្រឹង និងបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយប្រេស៊ីល និងសាធារណរដ្ឋដូមីនីកា បង្កើតកម្លាំងចលករពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ទាំងពីរ និងនៅលើពិភពលោក។
អ្នកយកព័ត៌មាន៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Huyen Trang