ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ J.F Kennedy មានលោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក និងលោកជំទាវ; លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក និងលោកជំទាវ; ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងលោកជំទាវ

នេះជាដំណើរទស្សនកិច្ចលើកដំបូង ដើម្បីចូលរួមសកម្មភាពកិច្ចការបរទេសពហុភាគី និងជួបធ្វើការនៅសហរដ្ឋអាមេរិក របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ក្នុងមុខតំណែងថ្មី ហើយក៏ជាលើកដំបូងដែរ ដែលអគ្គលេខាបក្ស ប្រធានរដ្ឋ របស់វៀតណាម ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។

នៅឯអង្គការសហប្រជាជាតិលើកនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នឹងនាំមកនូវសារសំខាន់ៗ ដែលគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម ជាមួយនឹងតួនាទីជាមជ្ឈភាពរបស់អង្គការសហប្រជាជាតិចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើពិភពលោក។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិ និងប្រទេសនានាដែលចូលរួមក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ក៏នឹងមានជំនួបទ្វេភាគីសំខាន់ៗជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ចូលរួម និងថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-សហរដ្ឋអាមេរិកផង និងខួបលើកទី១ នៃការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាមានជំនួប ដោយមានការចូលរួមពីមន្ត្រីធុរជន អ្នកជំនាញ និងអ្នកប្រាជ្ញឈានមុខគេរបស់សហរដ្ឋអាមេរិក។

នេះជាឱកាសដើម្បីវៀតណាមអះអាងជាថ្មីម្តងទៀតនូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ការធ្វើពហុភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងការទូត ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងស៊ីជម្រៅ ជាមិត្ត និងដៃគូដែលគួរឱ្យទុកចិត្ត និងជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ តែងតែរួមចំណែកយ៉ាងសកម្មដល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang