* នៅក្នុងលិខិតសួរសុខទុក្ខ ព្រះចៅសូលតង់នៃប្រទេសប្រ៊ុយណេ Darussalam Haji Hassanal Bolkiah បានចូល​រួម​រំលែកទុក្ខចំពោះការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិដែលបង្កឡើងដោយព្យុះលេខ ៣ នៅប្រទេសវៀតណាម និងផ្ញើសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅជូនចំពោះបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសគ្រួសារដែលរងគ្រោះដោយខ្យល់ព្យុះ។

* លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្តែងការសមានចិត្តយ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាម ដែលរងគ្រោះដោយព្យុះលេខ ៣ និងអះអាងថា ក្នុងនាមជាសមាជិកនៃសហគមន៍អាស៊ាន និងជាដៃគូយុទ្ធសាស្ត្រ ហើយក៏ជាមិត្តជិតស្និទ្ធរបស់វៀតណាម សិង្ហបុរីត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការជំនះនូវផលវិបាកដែលបង្កឡើងដោយព្យុះលេខ៣។

leftcenterrightdel
រូប​ថត៖ vnanet.vn

* ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ  បានផ្ញើសាររំលែកទុក្ខ។ នៅក្នុងសារ ប្រមុខដឹកនាំថៃបានចូល​រួម​រំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះរដ្ឋាភិបាល ប្រជាជនវៀតណាម និងគ្រួសារដែលរងការខូចខាតដោយព្យុះលេខ៣ ព្រមទាំងបញ្ជាក់ថា ប្រជាជនថៃយកចិត្តទុកដាក់ ចែករំលែក និងប្រកៀកស្មាជាមួយប្រជាជនវៀតណាម ដើម្បីជំនះឧបសគ្គនេះនាពេលឆាប់ៗ។

* លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស  បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដោយសម្តែងការចាប់អារម្មណ៍ចំពោះការខិតខំប្រឹងប្រែងដ៏វិសេសវិសាលរបស់រដ្ឋាភិបាល កងទ័ព ប៉ូលីសវៀតណាម ក៏ដូចជាមូលដ្ឋានក្នុងការឆ្លើយតបនឹងគ្រោះធម្មជាតិនេះ។ ភាគីអង់គ្លេសបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងជួយវៀតណាមស្តារជីវភាពរស់នៅឡើងវិញ។

*  លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ដោយសង្ឃឹមថា អ្នកដែលរងផលប៉ះពាល់នឹងជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស និងមានការរស់​នៅប្រកបដោយ​ស្ថេរភាពឡើងវិញ។

* ព្រះមហាក្សត្រអេស្ប៉ាញ Felipe VI បានចែករំលែកថា ក្នុងគ្រាដ៏លំបាកនេះ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីប្រជាជនអេស្ប៉ាញ និងព្រះមហាក្សត្រផ្ទាល់ ជូនចំពោះក្រុមគ្រួសារ និងញាតិមិត្តនៃអ្នកដែលបានទទួលមរណភាព។

*  លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានសម្តែងការរំលែកទុក្ខចំពោះការបំផ្លិចបំផ្លាញដែលបង្កឡើងដោយព្យុះលេខ ៣ និងបានសន្យាផ្តល់ជំនួយមនុស្សធម៌ និងមានបំណងចង់ពិភាក្សាបន្ថែមលើបញ្ហានេះនៅខាងក្រៅសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

* ព្រះមហាក្សត្រនៃប្រទេសន័រវេស ប្រធានាធិបតីអ៊ូសបេគីស្ថាន រួមទាំងសមមិត្ត និងបងប្អូនមកពីគណបក្សកុម្មុយនិស្តឥណ្ឌា ព័រទុយហ្គាល់ និងបារាំង ក៏បានផ្ញើសារទូរលេខ និងលិខិតចូលរួមរំលែកទុក្ខ និងចែករំលែកជាមួយវៀតណាមនូវការលំបាក និងការបាត់បង់ដ៏ធំធេងនៃអាយុជីវិត និងទ្រព្យសម្បត្តិដែលបណ្តាលមកពីព្យុះលេខ ៣៕

បកប្រែដោយ Duy Hoan