អ្នកយកព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលើកឡើងពីអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាម​​ អញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី ៧៩ និងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក?

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមនឹងចូលរួមកិច្ចប្រជុំកំពូលអនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិសម័យប្រជុំលើកទី៧៩ និងបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។ នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅចូលរួមសកម្មភាពកិច្ចការបរទេសពហុភាគី និងបំពេញការងារនៅសហរដ្ឋអាមេរិកលើកទីមួយរបស់លោកអគ្គលេខាបក្ស និងប្រធានរដ្ឋ ក្នុងមុខតំណែងថ្មី។ នេះក៏ជាលើកដំបូងដែលលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមចូលរួមសម័យប្រជុំជាន់ខ្ពស់ដោយផ្ទាល់នៅមហាសន្និបាតអង្គការសហប្រជាជាតិ។

ដោយមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលចំនួន ១៥០ នាក់ មកពីបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិនឹងពិនិត្យឡើងវិញ និងស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធភាពដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) រហូតដល់ឆ្នាំ ២០៣០ ដោយកំណត់ទិសដៅអំពីការអភិវឌ្ឍសម្រាប់រយៈពេលខាងមុខ។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

នៅអង្គការសហប្រជាជាតិ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមនឹងនាំមកសារសំខាន់ៗ ក្នុងបំណងគាំទ្រយ៉ាងខ្លាំងក្លាពហុភាគីនិយម ជាមួយនឹងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍លើពិភពលោក។ នេះក៏ជាឱកាសមួយសម្រាប់វៀតណាមអះអាងជាថ្មីម្តងទៀតនូវ​គោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវទំនាក់ទំនងបរទេស ម្ចាស់ការ និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ធ្វើជាមិត្ត និងដៃគូដែលគួរឱ្យទុកចិត្ត ហើយជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ដំណើរទស្សនកិច្ចការងាររបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមទៅកាន់សហរដ្ឋអាមេរិកបានធ្វើឡើងក្នុងឱកាសរំលឹកខួប ១ ឆ្នាំប្រទេសទាំងពីរលើកតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងត្រៀមរៀបចំរាល់សកម្មភាពអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិកនៅឆ្នាំ២០២៥។ នេះជាឱកាសដ៏សំខាន់សម្រាប់ភាគីទាំងពីរពិនិត្យឡើងវិញនូវសមិទ្ធិផលដែលសម្រេចបានក្នុងក្របខ័ណ្ឌទំនាក់ទំនងថ្មី ព្រមទាំងពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗដើម្បីបន្តរក្សាការអភិវឌ្ឍទំនាក់ទំនង ស្ថិរភាព និងមានប្រសិទ្ធភាពក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ។ ភាគីទាំងពីរនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ រួមមាន “គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងគោរពរបបនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក”, ពង្រឹងបន្ថែមទៀតនូវទំនុកចិត្តខាងនយោបាយ និងយុទ្ធសាស្ត្រ ឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ប្រជាជននៃភាគីទាំងពីរ រួមចំណែកយ៉ាងសកម្មថែមទៀតដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ ក៏ដូចជាលើពិភពលោក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ  លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋនឹងជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ចូលរួមនិងថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិក និងខួបមួយឆ្នាំនៃការលើកតម្កើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមានជំនួបជាច្រើនដោយមានការចូលរួមពីមន្ត្រី ធុរជន អ្នកជំនាញនិងអ្នកប្រាជ្ញឈានមុខរបស់សហរដ្ឋអាមេរិក។

អ្នកយកព័ត៌មាន៖ សូមលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីលើកឡើងពីការរួមចំណែករបស់វៀតណាមចំពោះអង្គការសហប្រជាជាតិបានទេ? តើលោកវាយតម្លៃលើសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិកយ៉ាងដូចម្តេច?

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស៖ អស់រយៈពេលជិត ៥០ឆ្នាំមកនេះ ទំនាក់ទំនងរវាងវៀតណាម និងអង្គការសហប្រជាជាតិកំពុងអភិវឌ្ឍយ៉ាងវិជ្ជមាន កាន់តែស៊ីជម្រៅ ហើយត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ ក្នុងដំណាក់កាលកសាងប្រទេសជាតិ និងស្តារឡើងវិញក្រោយសង្គ្រាម រហូតដល់ការរួចផុតពីហ៊ុមព័ទ្ធ និងដាក់ទណ្ឌកម្ម ហើយឈានដល់ធ្វើសមាហរណកម្មអន្តរជាតិបន្តិចម្តងៗ វៀតណាមមានការរួមដំណើរ និងជំនួយពីអង្គការសហប្រជាជាតិ។ ជាពិសេស នាពេលថ្មីៗនេះ ក្នុងអំឡុងពេលឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19 អង្គការសហប្រជាជាតិបានជួយគាំទ្រវៀតណាមបានទាន់ពេលក្នុងការគ្រប់គ្រងជំងឺរាតត្បាត និងស្តារសេដ្ឋកិច្ចឡើងវិញ។

វៀតណាមបានក្លាយជាដៃគូគួរឱ្យទុកចិត្ត សកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ។ យើងចូលរួមកាន់តែសកម្ម និងរួមចំណែកកាន់តែស៊ីជម្រៅទាំងគំនិតផ្ដួចផ្ដើម មនុស្ស និងធនធានក្នុងរាល់សកម្មភាពសសរស្តម្ភរបស់អង្គការសហប្រជាជាតិលើការរក្សាសន្តិភាព និងសន្តិសុខ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ក្នុងនោះ មានការអនុវត្ដប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ចាប់តាំងពីទសវត្សរ៍ឆ្នាំ ២០០០ ហើយបច្ចុប្បន្នកំពុងអនុវត្តយ៉ាងសកម្មនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយនាំមុខក្នុងការអនុវត្តគំនិតផ្តួចផ្តើមអំពីអង្គការសហប្រជាជាតិមួយបង្រួបបង្រួមប្រតិបត្ដិការរបស់បណ្ដាអង្គការនៃអង្គការសហប្រជាជាតិនៅវៀតណាម និងចូលរួមយ៉ាងសកម្មនៅក្នុងអាទិភាពធំរបស់អង្គការសហប្រជាជាតិអំពីសន្តិភាព អភិវឌ្ឍន៍ និងធានាសិទ្ធិមនុស្ស។

យើងក៏ត្រូវបានសហគមន៍អន្តរជាតិទុកចិត្ត  និងទទួលបានការរំពឹងទុក  ហើយបាននិងកំពុងទទួលតួនាទីសំខាន់ជាច្រើន នៅអង្គការសហប្រជាជាតិដោយជោគជ័យ។ ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិតែងតែវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់វៀតណាម ហើយសង្ឃឹមថា វៀតណាមបន្តដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងវិស័យអាទិភាពរបស់អង្គការសហប្រជាជាតិ។

អំពីទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ក្រោយរយៈពេលមួយឆ្នាំនៃការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានលទ្ធផលវិជ្ជមានលើវិស័យមួយចំនួនដូចជា៖

ទីមួយ គ្រប់ជំនួបនិងការផ្លាស់ប្ដូរគណៈប្រតិភូបានប្រព្រឹត្តទៅយ៉ាងច្រើននៅគ្រប់បណ្តាញ និងគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងការរក្សាយន្តការសន្ទនាប្រចាំឆ្នាំដែលមានស្រាប់ ភាគីទាំងពីរបានចាប់ផ្ដើមយន្តការសន្ទនាប្រចាំឆ្នាំថ្មីប្រកបដោយជោគជ័យ ដូចជាកិច្ចសន្ទនារដ្ឋមន្ត្រីការបរទេស កិច្ចសន្ទនាសេដ្ឋកិច្ច កិច្ចសន្ទនាសន្តិសុខ និងអនុវត្តច្បាប់ ដោយហេតុនេះ អនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងសេចក្ដិថ្លែងការណ៍រួមនៅឆ្នាំ ២០២៣។

ទីពីរ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្តជាកម្លាំងចលករដ៏សំខាន់សម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៨ ខែនៃឆ្នាំ ២០២៤ សម្រេចបានជិត ៨៨ ពាន់លានដុល្លារអាមេរិក កើនឡើង ២២%។ អាជីវកម្មធំៗជាច្រើននៃប្រទេសទាំងពីរបានពង្រីកការវិនិយោគចូលក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក។

ទី៣ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលក្នុងនោះកិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាមបន្តជាអាទិភាព និងជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយនឹងលទ្ធផលជាក់ស្តែងជាច្រើន។ កិច្ចសហប្រតិបត្តិការសន្តិសុខ និងអនុវត្តច្បាប់ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង...

ទី៤ ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធនៅយន្តការ និងវេទិកាពហុភាគីសំខាន់ៗ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកល។

ក្រៅពីនេះ សម្រាប់បញ្ហាដែលនៅសេសសល់ ភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសន្ទនាក្នុងស្មារតីស្មោះត្រង់ ស្ថាបនា និងយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី!

បកប្រែដោយ Pham Diep