លោក Pham Minh Chinh បានឆ្លើយតបបញ្ហាដែលជាកង្វល់របស់ទីភ្នាក់ងារ និងសហគ្រាសនូវែលសេឡង់ ព្រមទាំងបញ្ជាដឹកនាំឲ្យក្រសួង ស្ថាប័ននានា បន្តកែលម្អ និងបង្កើតលក្ខខណ្ឌអំណោយផលល្អបំផុតដើម្បីឲ្យសហគ្រាសនូវែលសេឡង់អាចសហប្រតិបត្តិការ និងវិនិយោគប្រកបដោយប្រសិទ្ធភាពបំផុតនៅវៀតណាម និងជាមួយវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh ជួបសន្ទនាជាមួយសហគ្រាសនូវែលសេឡង់ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋាភិបាល សមាគម និងសហគមន៍ធុរកិច្ចនូវែលសេឡង់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគជាមួយវៀតណាម បើកទីផ្សារដើម្បីទាញយកអត្ថប្រយោជន៍យ៉ាងពេញលេញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលភាគីទាំងពីរបានចូលរួម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមកដើម្បីជ្រៀតចូលទីផ្សារនៃភាគីនីមួយៗ ពិចារណាដករបាំងមិនមែនពន្ធគយសម្រាប់ទំនិញវៀតណាម ជាពិសេសគឺកសិផលនិងជលផល។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យសហគ្រាសនូវែលសេឡង់សហប្រតិបត្តិការវិនិយោគជាមួយវៀតណាម តាមរយៈកម្មវិធីនិងគម្រោងជាក់ស្ដែងក្នុងវិស័យនានាដូចជា៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបញ្ញា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ គ្រឿងបន្លាស់អេឡិចត្រូនិច រថយន្តអគ្គិសនី ការផលិតឈីប semiconductor ថាមពលថ្មីដូចជា អ៊ីដ្រូសែន ថាមពលកកើតឡើងវិញ សារធាតុរ៉ែសំខាន់ៗ មជ្ឈមណ្ឌលហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង ជីវបច្ចេកវិទ្យា ការថែទាំសុខភាព កសិកម្មបច្ចេកវិទ្យាខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ល។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមជានិច្ចកាលផ្ទៀងស្តាប់ រួមដំណើរ ជួយគាំទ្រ និងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេសនិយាយរួម និងសហគ្រាសនូវែលសេឡង់និយាយដោយឡែក ដើម្បីវិនិយោគប្រកបដោយប្រសិទ្ធភាព យូរអង្វែង និងនិរន្តរភាពនៅវៀតណាម៕

បកប្រែដោយ Huyen Trang