យោងតាមលោកស្រី Wendy Hinton  ភារធារីស្តីទីនូវែលសេឡង់ប្រចាំនៅវៀតណាម នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Christopher Luxon ព្រោះនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលមួយទៅកាន់ប្រទេសនូវែលសេឡង់ ចាប់តាំងពីពេលដែលរដ្ឋាភិបាលថ្មីនៅប្រទេសនូវែលសេឡង់ត្រូវបានបង្កើតឡើង កាលពីខែតុលា ឆ្នាំមុន។

លោកស្រីភារធារីស្តីទី Wendy Hinton បានសង្កត់ធ្ងន់ថា នូវែលសេឡង់ និងវៀតណាមបានចុះហត្ថលេខាលើផែនការសកម្មភាពភាពជាដៃគូយុទ្ធសាស្ត្រ (២០២១-២០២៤) ក្នុងឆ្នាំ ២០២០ ដូច្នេះ ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គឺជាឱកាសសម្រាប់ភាគីទាំងពីរពិនិត្យឡើងវិញនូវផែនការនេះ ស្រាវជ្រាវសមិទ្ធិផលដែលសម្រេចបាន ដើម្បីពង្រីកវិស័យសក្តានុពលបន្ថែមទៀតនាពេលខាងមុខ។ គួរកត់សម្គាល់ថា ឆ្នាំក្រោយនឹងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងនូវែលសេឡង់ និងវៀតណាម (១៩៧៥-២០២៥) ដូច្នេះនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សាអំពីខ្លឹមសារ និងសកម្មភាពនានាសម្រាប់ឆ្នាំរំលឹកខួបដ៏សំខាន់នេះ។

leftcenterrightdel
លោកស្រី Wendy Hinton  ភារធារីស្តីទីនូវែលសេឡង់ប្រចាំនៅវៀតណាម (រូបថត៖ vov.vn)

លោកស្រីភារធារីស្តីទី Wendy Hinton បានមានប្រសាសន៍ថា៖ «ដំណើរទស្សនកិច្ចនេះបង្កើតឱកាសមួយដើម្បីភ្ជាប់ និងជំរុញការពិភាក្សាលើវិស័យសហប្រតិបត្តិការនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ កសិកម្ម និងការអប់រំ ក៏ដូចជាវិស័យការពារជាតិ និងសន្តិសុខ។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរក៏នឹងពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ហើយយើងខ្ញុំសង្ឃឹមថានឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងផែនការសកម្មភាពភាពជាដៃគូយុទ្ធសាស្ត្រថ្មី ដែលជំនួសឲ្យផែនការនេះនឹងបញ្ចប់នៅចុងឆ្នាំនេះ»។

យោងតាមលោកស្រីភារធារីស្តីទី Wendy Hinton ទាំងវៀតណាម និងនូវែលសេឡង់បានប្តេជ្ញាចិត្តថានឹងសម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគីនាពេលឆាប់ៗខាងមុខចំនួន ២ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំនេះ។ ដូច្នេះហើយ ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣ លើវិស័យអប់រំ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ក៏គម្រោងនឹងធ្វើសេចក្តីប្រកាសសំខាន់ៗចំនួនពីរទៀតស្តីពីកិច្ចសហប្រតិបត្តិការជាមួយវៀតណាមផងដែរ។ លោកស្រីភារធារីស្តីទី Wendy Hinton បានអះអាងថា នូវែលសេឡង់វាយតំលៃខ្ពស់ចំពោះកិត្យានុភាពអន្តរជាតិនាពេលបច្ចុប្បន្នរបស់វៀតណាម៕

បកប្រែដោយ Huyen Trang